ឯកឧត្តម ឌិត ទីណា ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Derek Yip ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។


ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះភាគីអូស្ត្រាលីដែលបាន និងបន្តចូលរួមគាំទ្រក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការល្អលើវិស័យស្រូវអង្ករ ដោយបានបញ្ចេញពូជចំបុីស៧០កន្លងមក។ ជាមួយគ្នានេះដែរ ជំនួបក៏បានលើកពីសារៈសំខាន់របស់កម្ពុជា សម្រាប់ទីផ្សារសាច់គោអូស្ត្រាលីផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី និងឯកឧត្តម Derek Yip ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានឯកភាពបន្តកិច្ចសហប្រតិបត្តិការល្អលើវិស័យកសិកម្ម នឹងបានត្រៀមខ្លួនរួចជាស្រេចធ្វើការជាមួយគ្នា ដើម្បីផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យកសិកម្ម៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងកសិកម្ម)





