សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនអនុម័តផែនការគាំទ្រទីក្រុងគៀវរហូតដល់ឆ្នាំ២០២៧
AKP ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ឡយដ៍ អូស្ទីន (Lloyd Austin) បាននិយាយថា អ្នកចូលរួមនៃក្រុមទំនាក់ទំនងដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលសម្របសម្រួលការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន បានអនុម័តផែនទីបង្ហាញផ្លូវលើវិស័យចំនួន៨ នៃកិច្ចសហប្រតិបត្តិការយោធាជាមួយរដ្ឋាភិបាលទីក្រុងគៀវរហូតទៅដល់ឆ្នាំ២០២៧។
លោកបាននិយាយថា «កាលពីព្រឹកថ្ងៃនេះ ក្រុមអ្នកដឹកនាំសម្ព័ន្ធបានជួបប្រជុំគ្នាម្តងទៀត រួមទាំងតំណាងមកពី១៥ប្រទេស ហើយពួកគេបានអនុម័តផែនទីបង្ហាញផ្លូវនៃសម្ព័ន្ធសមត្ថភាពរហូតដល់ឆ្នាំ២០២៧។ តាមរយៈសម្ព័ន្ធសមត្ថភាព ប្រទេសដៃគូអាចបន្តគាំទ្រចំពោះតម្រូវការសមរភូមិជាបន្ទាន់របស់អ៊ុយក្រែន»។
ប្រទេសជាសមាជិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលចេញផ្សាយដោយមន្ទីរបញ្ចកោណថា សម្ព័ន្ធមិត្តរបស់ទីក្រុងគៀវគ្រោងនឹងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយអ៊ុយក្រែន ដើម្បីកំណត់អំពីរបៀបដើម្បីបំពេញតាមស្តង់ដារដែលបានកំណត់នៅក្នុងតម្រូវការយោធារបស់អ៊ុយក្រែន តាមរយៈការបរិច្ចាគ លទ្ធកម្ម ការវិនិយោគ និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសរៀងៗខ្លួន ដើម្បីពង្រីកសមត្ថភាពមូលដ្ឋានឧស្សាហកម្មការពារជាតិ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





