រដ្ឋលេខាធិការក្រសួងអប់រំជួបពិភាក្សាជាមួយធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ -- ឯកឧត្ដមបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៩ ខែមករា ឆ្នំា២០២៥ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ម៉ៅ សុខេន អគ្គនាយករង និងតំណាងនៃធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី នៅស្នាក់ការកណ្ដាលធនាគារ BIDC ស្តីពីការផ្ដល់អាហារូបករណ៍ថា្នក់បរិញ្ញាបត្រ ដល់និស្សិត សិក្សារយៈពេល ៤ឆ្នាំ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរខ្ពស់ ចំពោះធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) ទៅលើកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំជាមួយព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្ដល់អាហារូបករណ៍ថា្នក់បរិញ្ញាបត្រ សិក្សារយៈពេល ៤ឆ្នាំ ចំនួន២៥កន្លែង និងជំនួយឧបត្ថម្ភដល់សិស្ស-និស្សិត ដើម្បីបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្ដមសិក្សានានា ក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ក្នុងជំនួបពិភាក្សាទ្វេភាគីនេះ បានផ្ដោតសំខាន់លើការពិភាក្សាលើនីតិវិធី និងគោលការណ៍ក្នុងជ្រើសរើសសិស្សនិស្សិតក្រីក្រដែលបានដាក់ពាក្យស្នើសុំអាហារូបករណ៍ថា្នក់បរិញ្ញាបត្រ សិក្សារយៈពេល ៤ឆ្នាំ ឧបត្ថម្ភដោយធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥៕

ដោយ ណយ នឿន





