ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា ទទួលជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាអមស្ថានទូតបារាំងប្រចាំកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ -- ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអនុញ្ញាតឱ្យលោកស្រី វរនាវីឯក Anne Brun អនុព័ន្ធយោធាអមស្ថានទូតបារាំងប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ចូលជួបពិភាក្សាការងារ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការមជ្ឈមណ្ឌលជាតិ។

ក្នុងជំនួបនោះ ឯកឧត្តមបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការប្រទេស និងសហប្រតិបត្តិការអន្តរជាតិ និងបានថ្លែងអំណរគុណចំពោះភាគីបារាំងតែងតែសហការល្អជាមួយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ចំពោះការហ្វឹកហ្វឺនបណ្តុះបណ្តាល លើជំនាញរក្សាសន្តិភាព ដល់សិក្ខាកាមទ័ពមួកខៀវកម្ពុជា មុនបញ្ជូនចេញទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តម សែម រតនា បានស្នើសុំទៅភាគីបារាំងបន្តហ្វឹកហ្វឺនបណ្តុះបណ្តាល ដល់ទ័ពមួកខៀវកម្ពុជាបន្តទៀត លើកជំនាញបោសសម្អាតមីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ EOD និងគ្រាប់កែច្នៃ និងស្នើឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចសិក្សាដើម្បីទទួលបានបទពិសោធន៍ពីគ្នាទៅវិញទៅមក និងបណ្តុះបណ្តាលលើជំនាញថ្មី ឱ្យត្រូវនឹងទិសដៅរបស់អង្គការសហប្រជាជាតិ និងស្នើសុំធ្វើលំហាត់ត្រីភាគី កម្ពុជា បារាំង អង្គការសហប្រជាជាតិ។

ជាមួយគ្នាលោកស្រី Anne Brun បានបញ្ជាក់ថា ខាងភាគីបារាំងនឹងបន្តកិច្ចសហប្រតិបត្តិការ និងបណ្តុះបណ្តាលលើជំនាញរក្សាសន្តិភាព ដែលខាងមជ្ឈមណ្ឌលជាតិស្នើសុំ ព្រោះថា ក្រសួងការពារជាតិក៏ដូចជារដ្ឋាភិបាលបារាំង គឺមានកិច្ចសហការគ្នាជាយូរលង់ណាស់មកហើយដែរ។ ក្រសួងការពារជាតិបារាំង បានគាំទ្រខាងវិស័យរក្សាសន្តិភាព ជាមួយមជ្ឈមណ្ឌលជាតិច្រើនឆ្នាំមកហើយ បណ្តុះបណ្តាលលើជំនាញរក្សាសន្តិភាពនេះ៕


ដោយ សំ សាម៉ន





