វេណេស៊ុយអេឡាផ្តាច់ទំនាក់ទំនងការទូតជាមួយប៉ារ៉ាហ្គាយ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ -- រដ្ឋាភិបាលវេណេហ្ស៊ុយអេឡាបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសប៉ារ៉ាហ្គាយ ហើយបានឱ្យបុគ្គលិកការទូតរបស់ខ្លួនចេញពីប្រទេសដើម្បីតវ៉ាប្រឆាំងនឹងការគាំទ្ររបស់ប្រធានាធិបតីប៉ារ៉ាហ្គាយ លោក សាន់ទីអាហ្គោ ប៉េណា (Santiago Pena) សម្រាប់បេក្ខជនប្រធានាធិបតីប្រឆាំង លោក អេដម៉ុនដូ ហ្គុនហ្សាឡេហ្ស យូរូតទៀ (Edmundo Gonzalez Urrutia) ។
ក្រសួងការបរទេសវ៉េណេស៊ុយអេឡា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រទេសវេណេហ្ស៊ុយអេឡាបានសម្រេចចិត្តក្នុងការអនុវត្តពេញលេញនៃអធិបតេយ្យភាពរបស់ខ្លួន ដើម្បីផ្តាច់ទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប៉ារ៉ាហ្គាយ និងបន្តការដកបុគ្គលិកការទូតដែលមានការទទួលស្គាល់នៅក្នុងប្រទេសនេះជាបន្ទាន់»។
ប្រធានាធិបតីប៉ារ៉ាហ្គាយបានសម្តែងការគាំទ្រចំពោះ លោក ហ្គុនហ្សាឡេហ្ស យូរូតទៀតាមរយៈការសន្ទនាតាមទូរស័ព្ទដោយបញ្ជាក់សារជាថ្មីនូវការទទួលស្គាល់លោកថា ជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីនៅប្រទេសវេណេស៊ុយអេឡា ដែលធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។
ជាការឆ្លើយតប រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា «ច្រានចោលទាំងស្រុង» ចំពោះសេចក្តីថ្លែងការណ៍របស់លោក ប៉េណា ដោយចោទប្រកាន់មេដឹកនាំប៉ារ៉ាហ្គាយថាមិនយកចិត្តទុកដាក់ចំពោះ «ច្បាប់អន្តរជាតិ និងគោលការណ៍មិនធ្វើអន្តរាគមន៍»។
នៅថ្ងៃទី១០ ខែមករា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីសម្រាប់អាណត្តិ២០២៥-២០៣១ បន្ទាប់ពីលោកបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





