នាយករដ្ឋមន្ត្រីថៃអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីដោះស្រាយការបំពុលបរិយាកាស PM2.5
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ -- នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានណែនាំដល់ក្រសួង និងមន្ទីរនានាឱ្យពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាបំពុលបរិយាកាស PM2.5 ជាពិសេសតាមរយៈការបញ្ឈប់ការទិញអំពៅដែលត្រូវបានប្រមូលផលដោយការដុត កាត់បន្ថយការប្រើប្រាស់យានយន្តដែលបញ្ចេញផ្សែងខ្លាំង និងគ្រប់គ្រងការដ្ឋានសំណង់ឱ្យបានតឹងរឹង។
អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្រ្តី លោក ជីរ៉ាយុ ហឿងសេប (Jirayu Huangsap) បាននិយាយថា ការណែនាំនេះបានធ្វើឡើងខណៈដែលរដូវនៃការបញ្ចេញផ្សែងបានវិលត្រឡប់មកវិញនៅក្នុងប្រទេសថៃ ដោយកម្រិតការបំពុលបរិយាកាស PM2.5 នៅលើទីក្រុងបាងកកមានចំនួន ៦០,៩មីក្រូក្រាមក្នុងមួយម៉ែត្រគូប (mcg) កាលពីថ្ងៃទី០៨ ខែមករា ដែលខ្ពស់ជាងស្តង់ដាររបស់ប្រទេសដែលកំណត់ត្រឹមចំនួន ៣៧,៥mcg។ ការបំពុលបរិយាកាស PM2.5 សំដៅទៅលើភាគល្អិតធូលីដែលមានផលប៉ះពាល់រយៈពេលវែងទាក់ទងនឹងជំងឺរ៉ាំរ៉ៃមួយចំនួន ដែលរួមមានបញ្ហាសួត និងបេះដូងជាដើម។
ដើម្បីដោះស្រាយការទិញអំពៅដែលត្រូវបានប្រមូលផលដោយការដុត លោកស្រីនាយករដ្ឋមន្រ្តីបានណែនាំក្រសួងឧស្សាហកម្ម និងបរិស្ថាន ឱ្យសហការជាមួយភ្នាក់ងារពាក់ព័ន្ធដើម្បីបញ្ជាក់តំបន់ត្រួតពិនិត្យការបំពុល និងពង្រឹងច្បាប់ប្រឆាំងនឹងប្រជាជនដែលបានដុតព្រៃឈើ ឬដំណាំ។
លើសពីនេះទៀត ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម និងទីភ្នាក់ងារពាក់ព័ន្ធផ្សេងៗទៀតត្រូវបានណែនាំឱ្យអនុវត្តវិធានការហាមឃាត់ការនាំចូលអំពៅ និងដំណាំផ្សេងៗទៀតដែលបានមកពីការដុត ខណៈដែលក្រសួងការពារជាតិមានភារកិច្ចធ្វើកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងារគយ និងភ្នាក់ងារសន្តិសុខ ដើម្បីត្រួតពិនិត្យមើលទៅលើការរត់ពន្ធរុក្ខជាតិនៅតាមតំបន់ព្រំដែន។
ក្រសួងដឹកជញ្ជូន និងប៉ូលិសថៃ ត្រូវបានបញ្ជាឱ្យត្រួតពិនិត្យឱ្យបានតឹងរ៉ឹងទៅលើរថយន្តដែលបញ្ចេញផ្សែង ជាពិសេសរថយន្តក្រុងដឹកអ្នកដំណើរ ខណៈដែលក្រសួងមហាផ្ទៃតម្រូវឱ្យសហការជាមួយរដ្ឋបាលទីក្រុងបាងកក និងអង្គការក្នុងស្រុកនានាដើម្បីធានាថា ការបំភាយឧស្ម័នចេញពីការដ្ឋានសំណង់នឹងមិនលើសពីនេះពីកម្រិតស្តង់ដារ និងអនុវត្តច្បាប់ប្រឆាំងនឹងអ្នករំលោភបំពាន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





