ឯកឧត្តម ប្រាក់ ដាវីដ អញ្ជើញដឹកនាំក្រុមការងារ ចុះជួបកសិករបង្កបង្កើនផលស្រូវ នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
AKP ភ្នំពេញ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ -- ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ ឯកឧត្តម ហុង ណារិត លោកជំទាវ លី សាគីណា លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានចុះជួបកសិករបង្កបង្កើនផលស្រូវប្រាំង ក្នុងភូមិកោះពងសត្វ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ដំណើរចុះជួបកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងយល់ពីការបង្កបង្កើនផលស្រូវប្រាំង និងការចងក្រងគ្នាជាក្រុមផលិត សម្រាប់ផ្គត់ផ្គង់ស្រូវជូនរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបក្នុងការបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់ តាមរយៈផលិតកម្ម តាមកិច្ចសន្យារវាងក្រុមកសិករជាអ្នកផលិត និងរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក៕


ដោយ៖ ប៊ុនរិទ្ធ ,ប្រភព៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ





