រដ្ឋមន្ត្រីការបរទេសចិនចាប់ផ្តើមដំណើរទស្សនកិច្ចនៅទ្វីបអាហ្វ្រិក និងបញ្ជាក់ពីទំនាក់ទំនងចិន-អាហ្វ្រិក ដ៏រឹងមាំ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី (Wang Yi) បាននិយាយថា ដំណើរទស្សនកិច្ចជាលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសចិនទៅកាន់ទ្វីបអាហ្រ្វិក គឺជាប្រពៃណី និងជាទំនាក់ទំនងការទូតដ៏យូរអង្វែងរបស់ប្រទេសចិន ដែលបានប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួនអស់រយៈពេល ៣៥ឆ្នាំ។
លោក វ៉ាង ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើការកត់សម្គាល់នៅពេលជួបជាមួយប្រធានាធិបតីជាប់ឆ្នោតនៃប្រទេសណាមីប៊ី លោកស្រី នេទូមបូ ណានឌី ឌីតវាហ៍ (Netumbo Nandi-Ndaitwah) បន្ទាប់ពីបានមកដល់ទីក្រុង Windhoek រដ្ឋធានីនៃប្រទេសណាមីប៊ី ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកក្នុងឆ្នាំថ្មី។
លោកបានកត់សម្គាល់ថា មិនថាក្នុងអំឡុងពេលតស៊ូដើម្បីឯករាជ្យជាតិនិងរំដោះជាតិ ឬក្នុងការស្វែងរកការអភិវឌ្ឍរួមគ្នា តាមរយៈកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ប្រទេសចិន និងទ្វីបអាហ្រ្វិកតែងតែយល់ ជឿជាក់ គាំទ្រ និងជួយគ្នាទៅវិញទៅមក។
លោក វ៉ាង បាននិយាយថា ការចាប់ផ្តើមជាមួយនឹងដំណើរទស្សនកិច្ចនៅទ្វីបអាហ្រ្វិក ប្រទេសចិនមានបំណងផ្ញើសារទៅកាន់ពិភពលោកថាប្រទេសចិននៅតែជាមិត្តដ៏គួរឱ្យទុកចិត្តបំផុតរបស់ទ្វីបអាហ្វ្រិក ជាដៃគូដ៏រឹងមាំបំផុតក្នុងការបន្តការអភិវឌ្ឍ និងការរស់ឡើងវិញ និងជាអ្នកគាំទ្រដ៏ខ្លាំងបំផុតរបស់ទ្វីបអាហ្រ្វិកនៅលើឆាកអន្ដរជាតិ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





