សមាជិកសភាកំពូលចិនជួបពិភាក្សាជាមួយប្រធានសភាប៉េរូ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ -- លោក ហ្សៅ ឡេជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនជាតិ (NPC) បានជួបពិភាក្សាជាមួយប្រធានសភានៃប្រទេសប៉េរូ លោក អេដួដូ សាលូណា (Eduardo Salhuana) ។
លោក ហ្សៅ បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសប៉េរូ ដើម្បីអនុវត្តន៍លទ្ធផលសំខាន់ៗនៃប្រមុខការទូតរដ្ឋជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-ប៉េរូ និងនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រទេស និងប្រជាជនទាំងពីរ។
ដោយកត់សម្គាល់ថា ការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការមិត្តភាពចិន-ប៉េរូ គឺជាការរំពឹងទុករួមរបស់ប្រជាជនទាំងពីរ លោក ហ្សៅ បាននិយាយថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរគួរតែចូលរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងយូរអង្វែងនៃទំនាក់ទំនងទ្វេភាគី។
លោក ហ្សៅ បាននិយាយថា កំពង់ផែ Chancay នៅក្នុងប្រទេសប៉េរូជាគម្រោងកិច្ចសហប្រតិបត្តិការដ៏សំខាន់រវាងប្រទេសចិន និងប៉េរូ នឹងជួយលើកកម្ពស់ការកសាងរួមគ្នាប្រកបដោយគុណភាពខ្ពស់នៃខ្សែក្រវាត់ និងផ្លូវរវាងប្រទេសចិន និងប៉េរូ ក៏ដូចជាប្រទេសចិន និងតំបន់អាមេរិកឡាទីនលោកបានបន្ថែមថា សភានៃប្រទេសប៉េរូនឹងបន្តគាំទ្រដល់ការសាងសង់កំពង់ផែ។
លោក សាលូណា បាននិយាយថា ប្រទេសប៉េរូគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ចិនតែមួយ ហើយមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសចិន ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ អគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ និងវិស័យផ្សេងៗទៀត។
លោក សាលូណា បាននិយាយថា ភាគីទាំងអស់នៃសភាប៉េរូគាំទ្រចំពោះទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅជាមួយប្រទេសចិន ហើយមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរមិត្តភាពជាមួយគណៈកម្មាធិការ NPC ដើម្បីរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





