បណ្តាមេដឹកនាំស្រីលង្កាបង្ហាញសាមគ្គីភាពជាមួយគុយបា
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ -- បណ្តាអ្នកតំណាងស្ថាប័នរបស់ស្រីលង្កា បានទៅទស្សនកិច្ចស្ថានទូតគុយបាដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រជាជាតិនៅតំបន់ការាបៀនមួយនេះ និងស្វាគមន៍ខួបលើកទី៦៦ នៃជ័យជំនះនៃបដិវត្តផងដែរ។
លោកឯកអគ្គរដ្ឋទូត អង់ដ្រេស ហ្កុនហ្សាឡេស (Andres Gonzalez)បានទទួលស្វាគមន៍បណ្តាថ្នាក់ដឹកនាំសមាគមមិត្តភាព បក្សកុម្មុយនិស្ត(CPSL) និងគណបក្ស Sama Samaja (LSSP) ក្នុងបេសកកម្មការទូត។
ដូចគ្នានេះដែរ សារអបអរសាទរត្រូវបានផ្ញើពីប្រទេសស្រីលង្កាទៅកាន់ប្រទេសគុយបាក្នុងខួបលើកទី៦៦ នៃដំណើរការបដិវត្តគុយបា។
នៅក្នុងព្រឹត្តិការណ៍មុនដែលដឹកនាំដោយឯកអគ្គរដ្ឋទូតគុយបា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សន្តិសុខស្បៀង និងអភិវឌ្ឍន៍សហករណ៍ លោក វ៉ាសាន់ថា សាម៉ារ៉ាស៊ីងហេ (Wasantha Samarasinghe) បានថ្លែងអំណរគុណដល់គុយបាសម្រាប់គំរូ និងភាតរភាពរបស់ខ្លួន ហើយបានជូនពរឱ្យរដ្ឋាភិបាលនិងប្រជាជនរបស់ខ្លួនទទួលបានជោគជ័យ។
ទន្ទឹមនឹងនេះដែរ រណសិរ្សឆ្វេងនិយមប្រជាធិបតេយ្យ (LDF) របស់ប្រទេសស្រីលង្កា បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ខ្លួនឱ្យបញ្ចប់ការបិទផ្លូវរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងគុយបា នៅក្នុងសារដែលចុះហត្ថលេខាដោយអគ្គលេខាធិការរបស់ខ្លួន លោក វ៉ាស៊ូដេវ៉ា ណាណាយ៉ាកាការ៉ា (Vasudeva Nanayakakara)។
ស្ថាប័នស្រីលង្កាបានកោតសរសើររដ្ឋាភិបាល និងប្រជាជនគុយបាចំពោះការតស៊ូយ៉ាងខ្ជាប់ខ្ជួនប្រឆាំងនឹងការឈ្លានពានរបស់ចក្រពត្តិនិយម។
ក្រុមសាមគ្គីភាពបូលីវ៉ារៀស្រីលង្កា បានហៅបដិវត្តគុយបាថាជាមរតកនៃពិភពប្រឆាំងចក្រពត្តិនិយម ហើយបានគូសបញ្ជាក់ពីតួនាទីឈានមុខគេរបស់លោក ហ្វីឌែល កាស្ត្រូ (Fidel Castro) នៅកោះការាបៀន។
រណសិរ្សសេរីភាពជាតិរបស់ប្រទេសស្រីលង្កាបានគូសបញ្ជាក់ពីសមិទ្ធិផលរបស់គុយបាក្នុងផ្នែកវិទ្យាសាស្ត្រ និងសុខភាព នៅក្នុងសារមួយដែលចុះហត្ថលេខាដោយមេដឹកនាំកំពូលរបស់ខ្លួន គឺអតីតសមាជិកសភា លោក វីវ៉ាល់ វីរ៉ាវ៉ាន់សា (Wimal Weerawansa) ទៅកាន់ប្រធានាធិបតីគុយបា លោក មីហ្គែល ឌីអាហ្ស-កានែល (Miguel Diaz-Canel)៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ប្រេនសាឡាទីណា)





