កិច្ចសន្ទនាសន្តិសុខឥណ្ឌា-ម៉ាឡេស៊ីធ្វើពិធីបើកនៅទីក្រុងញូវដេលី
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ -- សេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងការបរទេសឥណ្ឌា (MEA) បានបញ្ជាក់ថា កិច្ចសន្ទនាសន្តិសុខឥណ្ឌា-ម៉ាឡេស៊ីត្រូវបានធ្វើពិធីបើកនៅទីក្រុងញូវដេលីកាលពីថ្ងៃទី០៧ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ស្រ៊ី អាជីត ដូវ៉ាល់ (Shri Ajit Doval) ទីប្រឹក្សាសន្តិសុខជាតិរបស់នាយករដ្ឋមន្ត្រីឥណ្ឌា និងលោក រ៉ាចា ដាតូ នូស៊ីវ៉ាន់ ប៊ីន ហ្សៃណាល់ អាប៊ីឌីន (Raja Dato Nushirwan Bin Zainal Abidin) អគ្គនាយកនៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំកម្រិតខ្ពស់នេះបានកត់សម្គាល់នូវជំហានដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសន្តិសុខ និងការពារជាតិរវាងប្រទេសទាំងពីរ។
ក្នុងអំឡុងពេលនៃកិច្ចសន្ទនានោះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីទិដ្ឋភាពសន្តិសុខសកលលោក និងក្នុងតំបន់ និងបានវាយតម្លៃភាពជាដៃគូដែលកំពុងបន្តរបស់ប្រទេសទាំងពីរក្នុងវិស័យសន្តិសុខ ការពារជាតិ និងប្រតិបត្តិការដែនសមុទ្រ។
កិច្ចព្រមព្រៀងសំខាន់ៗត្រូវសម្រេចបាន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងភេរវកម្ម ការលុបបំបាត់ក្រុមរ៉ាឌីកាល់សេរី សន្តិសុខសាយប័រ ឧស្សាហកម្មការពារជាតិ និងសន្តិសុខដែនសមុទ្រ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួង MEA ។
លើសពីនេះទៀត ពួកគេបានស្វែងរកឱកាសសម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងវិស័យរ៉ែសំខាន់ៗ និងវិស័យរ៉ែកម្រ។ លទ្ធផលសំខាន់នៃកិច្ចប្រជុំនោះ គឺសេចក្តីសម្រេចរៀបចំឱ្យមានកិច្ចសន្ទនាតាមរយៈកិច្ចប្រជុំប្រចាំឆ្នាំ ដោយធានាបាននូវភាពបន្ត និងវឌ្ឍនភាពក្នុងការចូលរួមទ្វេភាគី។
សេចក្តីប្រកាសព័ត៌មាននោះបាននិយាយថា កិច្ចសន្ទនានេះផ្តើមចេញពីដំណើរទស្សនកិច្ចកាលពីក្នុងខែសីហា ឆ្នាំ២០២៤ របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ទៅកាន់ប្រទេសឥណ្ឌា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារេនដ្រា ម៉ូឌី (Narendra Modi)៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ANI)





