សមាជិកព្រឹទ្ធសភាអាម៉េរិកប្ដេជ្ញាទប់ស្កាត់ការលក់សព្វាវុធឱ្យអ៊ីស្រាអែល
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ -- សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក បឺនី សេនឌ័រស៍ (Bernie Sanders) បានសន្យាកាលពីថ្ងៃចន្ទថានឹងធ្វើអ្វីៗគ្រប់យ៉ាងដែលលោកអាចធ្វើបានដើម្បីទប់ស្កាត់ការលក់សព្វាវុធទៅឱ្យអ៊ីស្រាអែល។
លោក សេនឌ័រស៍ បាននិយាយនៅលើបណ្តាញសង្គមអ៊ិច (X) ថា«សហរដ្ឋអាមេរិកមិនត្រូវបញ្ជូនគ្រាប់បែកបន្ថែមទៀតទៅ (នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន) រដ្ឋាភិបាលជ្រុលនិយមរបស់លោក ណេតាន់យ៉ាហ៊ូ (Netanyahu) ដែលបានសម្លាប់មនុស្ស ៤៥.០០០នាក់រួចមកហើយនិងបានបំផ្លាញលំនៅដ្ឋាន សេវាថែទាំសុខភាព និងប្រព័ន្ធអប់រំរបស់តំបន់ហ្គាហ្សា ហើយបណ្តាលឱ្យមានភាពអត់ឃ្លានដោយការរារាំងជំនួយមនុស្សធម៌នោះទេ»។
លោកបាននិយាយបន្ថែមថា «ខ្ញុំនឹងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីទប់ស្កាត់ការលក់សព្វាវុធទាំងនេះ»។
ការកត់សម្គាល់របស់លោកខាងលើនេះ បានកើតឡើងបន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិកបានជូនដំណឹងក្រៅផ្លូវការដល់សភាអំពីកិច្ចព្រមព្រៀងសព្វាវុធដែលមានតម្លៃចំនួន ៨ពាន់លានដុល្លារអាម៉េរិកដែលត្រូវបានស្នើឡើងជាមួយអ៊ីស្រាអែល រួមទាំងគ្រាប់បែកសម្រាប់យន្តហោះចម្បាំង និងគ្រាប់កាំភ្លើងធំផងដែរ។
ការលក់សព្វាវុធដែលបានស្នើឡើងដែលត្រូវរង់ចាំការអនុម័តពីសភានោះ រួមមានគ្រាប់មីស៊ីលពីអាកាសទៅអាកាស AIM-120C-8 AMRAAM ដើម្បីការពារប្រឆាំងនឹងការគំរាមកំហែងពីអាកាស យន្តហោះគ្មានមនុស្សបើក គ្រាប់កាំភ្លើងធំ 155mm គ្រាប់បែកអង្កត់ផ្ចិតតូច ក្បាលគ្រាប់ទម្ងន់ ៥០០ផោន គ្រាប់បែក និងឧបករណ៍ពាក់ព័ន្ធផ្សេងៗទៀត។
សហរដ្ឋអាមេរិកប្រឈមមុខនឹងការរិះគន់ចំពោះការផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល ខណៈដែលជនជាតិប៉ាឡេស្ទីនជាង ៤៥.៦៥០នាក់ដែលភាគច្រើនជាស្ត្រី និងកុមារត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីការវាយប្រហារដោយក្រុមហាម៉ាស់ប៉ាឡេស្ទីនកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក។
យោងតាមតួលេខអ៊ីស្រាអែលបានឱ្យដឹងថា មនុស្សប្រមាណជិត១.២០០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារឆ្លងព្រំដែន។
ក្រុមសិទ្ធិមនុស្សជាច្រើន ដែលរួមមានទាំងអតីតមន្ត្រីក្រសួងការបរទេស និងសមាជិកសភាប្រជាធិបតេយ្យ បានជំរុញឱ្យរដ្ឋបាលលោកបៃដិន (Biden) បញ្ឈប់ការផ្ទេរអាវុធទៅកាន់ប្រទេសអ៊ីស្រាអែល ដោយលើកឡើងអំពីការរំលោភលើច្បាប់សហរដ្ឋអាមេរិក ក៏ដូចជាច្បាប់អន្តរជាតិនិងសិទ្ធិមនុស្ស ប៉ុន្តែអ៊ីស្រាអែលបានបដិសេធចំពោះការចោទប្រកាន់នេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





