សហរដ្ឋអាមេរិក និងចិនពិភាក្សាគ្នាអំពីសកម្មភាពតាមអ៊ីនធឺណេត និងការរឹតបន្តឹងពាណិជ្ជកម្ម
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ -- ក្នុងអំឡុងពេលនៃកិច្ចប្រជុំទម្រង់និម្មិតកម្រិតខ្ពស់រវាងមន្ត្រីសេដ្ឋកិច្ច និងពាណិជ្ជកម្មកំពូលរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក ភាគីសហរដ្ឋអាមេរិកបានលើកឡើងពីការព្រួយបារម្ភទៅលើសកម្មភាពតាមអ៊ីនធឺណេតរបស់ប្រទេសចិន ខណៈដែលទីក្រុងប៉េកាំងបានលើកឡើងអំពីការរឹតបន្តឹងលើវិស័យពាណិជ្ជកម្មដែលត្រូវបានដាក់ចេញដោយទីក្រុងវ៉ាស៊ីនតោន។
រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិកដែលចាកចេញពីតំណែង លោកស្រី ចាណេត យែលលេន (Janet Yellen) និងឧបនាយករដ្ឋមន្ត្រីចិន លោក ហេ លីហ្វេង (He Lifeng) បានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទ។
ក្រសួងរតនាគារបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«លោកស្រី យែលលេន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីសកម្មភាពតាមអ៊ីនធឺណេតដែលមានគំនិតអាក្រក់ដោយតួអង្គដែលឧបត្ថម្ភដោយរដ្ឋសាធារណរដ្ឋប្រជាមានិតចិន (PRC) និងផលប៉ះពាល់របស់វាទៅលើទំនាក់ទំនងទ្វេភាគី»។
មន្ត្រីទាំងពីរបានពិភាក្សាគ្នាអំពីការអភិវឌ្ឍសេដ្ឋកិច្ច ដោយលោកស្រី យែលលេន បានលើកឡើងនូវការព្រួយបារម្ភអំពីគោលនយោបាយមិនមែនទីផ្សាររបស់ប្រទេសចិន និងការអនុវត្ត។
ក្រសួងនោះបាននិយាយថា លោកស្រី យែលលេន បានគូសបញ្ជាក់អំពីផលវិបាកសំខាន់ៗដែលបណ្តាក្រុមហ៊ុននានា រួមទាំងក្រុមហ៊ុននៅក្នុងប្រទេសចិនផងនោះនឹងប្រឈមមុខ ប្រសិនបើពួកគេផ្តល់ការគាំទ្រជាសម្ភារៈសម្រាប់សង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។
លោកបានសម្តែងការព្រួយបារម្ភចំពោះការរឹតបន្តឹងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសចិន ជាពិសេសការបញ្ជាក់អំពីគោលជំហររបស់ប្រទេសចិនទាក់ទងនឹងការស៊ើបអង្កេតពាណិជ្ជកម្មកាលពីពេលថ្មីៗនេះ ដែលផ្តួចផ្តើមឡើងដោយភាគីអាម៉េរិក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





