ការតវ៉ានៅទីក្រុងឡុងដ៍ទាមទារឱ្យរដ្ឋាភិបាលការពារបុគ្គលិកថែទាំសុខភាពនៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ -- ការតវ៉ាជាបន្ទាន់មួយត្រូវបានធ្វើឡើងនៅទីក្រុងឡុងដ៍របស់ប្រទេសអង់គ្លេសកាលពីថ្ងៃចន្ទ ប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើសេវាថែទាំសុខភាពនៅតំបន់ហ្គាហ្សា ដោយទាមទារឱ្យរដ្ឋាភិបាលអង់គ្លេសធ្វើសកម្មភាពដើម្បីការពារបុគ្គលិកសុខាភិបាលប៉ាឡេស្ទីន។
ការតវ៉ានោះត្រូវបានរៀបចំឡើងដោយយុទ្ធនាការសាមគ្គីភាពប៉ាឡេស្ទីន (PSC) និងដៃគូចម្រុះ ដែលរួមមានវេទិកាប៉ាឡេស្ទីននៅចក្រភពអង់គ្លេស មិត្តអាល់អាកសា សម្ព័ន្ធបញ្ឈប់សង្រ្គាម សមាគមមូស្លីមអង់គ្លេស និងយុទ្ធនាការសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ។
នៅក្នុងការប្រមូលផ្តុំគ្នាមួយនៅជិតសភា ក្រុមអ្នកតវ៉ាបានស្រែកពាក្យស្លោកមួយចំនួន ដែលរួមមានទាំងពាក្យស្លោក «អ្នកមិនអាចលាក់បានទេ ពួកយើងចោទប្រកាន់អ្នកពីអំពើប្រល័យពូជសាសន៍» ដោយពួកគេចង់សំដៅទៅលើនាយករដ្ឋមន្ត្រី ខណៈដែលកំពុងរិះគន់រដ្ឋាភិបាលចំពោះមុខស្ថានការណ៍ដែលកំពុងកើតមាននៅតំបន់ហ្គាហ្សាស្ទ្រីប។
ពួកគេក៏បានជំរុញឱ្យរដ្ឋាភិបាលបញ្ចប់ការដឹកជញ្ជូនសព្វាវុធទាំងអស់ទៅកាន់ប្រទេសអ៊ីស្រាអែល និងបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបផងដែរ។
កាលពីថ្ងៃទី០២ ខែកញ្ញា រដ្ឋាភិបាលអង់គ្លេសបានប្រកាសថា ខ្លួនកំពុងព្យួរអាជ្ញាប័ណ្ណនាំចេញសព្វាវុធចំនួន៣០ ក្នុងចំណោម៣៥០ ទៅកាន់ប្រទេសអ៊ីស្រាអែល បន្ទាប់ពីការត្រួតពិនិត្យ និងបានព្រមានថា នឹងមានហានិភ័យច្បាស់លាស់ដែលការនាំចេញសព្វាវុធរបស់ចក្រភពអង់គ្លេសមួយចំនួនទៅកាន់ប្រទេសអ៊ីស្រាអែលអាចត្រូវបានប្រើប្រាស់ដើម្បីប្រព្រឹត្តឬសម្រួលដល់ការបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់មនុស្សធម៌អន្តរជាតិ។
អាជ្ញាប័ណ្ណចំនួន៣០ នោះគ្របដណ្តប់ទៅលើសមាសធាតុសម្រាប់យន្តហោះយោធា ឧទ្ធម្ភាគចក្រ យន្តហោះគ្មានមនុស្សបើក (ដ្រូន) និងសម្ភារៈដែលជួយសម្រួលដល់ការកំណត់គោលដៅលើដីគោក ដោយមិនរាប់បញ្ចូលនូវធាតុផ្សំរបស់ចក្រភពអង់គ្លេសសម្រាប់កម្មវិធីយន្តហោះចម្បាំង F-35 នោះទេ។
ការតវ៉ានេះបានកើតឡើងបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលកាលពីពេលថ្មីៗនេះ ដែលបានបំផ្លាញមន្ទីរពេទ្យកាម៉ាល់ អាដវ៉ាន់ (Kamal Adwan) នៅភាគខាងជើងតំបន់ហ្គាហ្សា ដែលរួមមានទាំងអង្គភាពទារកទើបនឹងកើតរបស់ខ្លួន ខណៈដែលកំណត់គោលដៅទៅលើបុគ្គលិកថែទាំសុខភាពប៉ាឡេស្ទីនដែរ ដោយបានសម្លាប់មនុស្សរាប់សិបនាក់ និងចាប់មនុស្សដាក់គុករាប់រយនាក់ រួមទាំងលោកវេជ្ជបណ្ឌិត ហ៊ូសសាំ អាប៊ូ សាហ្វីយ៉ា (Hussam Abu Safiya) ដែលជានាយកមន្ទីរពេទ្យផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





