មនុស្ស ៥៣នាក់ស្លាប់ក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងនៅតំបន់ទីបេរបស់ប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនបានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦,៨រ៉ិចទ័រកាលពីថ្ងៃអង្គារដែលបានវាយប្រហារតំបន់ទីបេនៅភាគខាងត្បូងរបស់ប្រទេសចិន បានកើនឡើងដល់ ៥៣នាក់ហើយ។
យោងតាមសារព័ត៌មានស៊ីនហួរបស់រដ្ឋបានឱ្យដឹងថា មនុស្សប្រហែល៦២នាក់ផ្សេងទៀតបានរងរបួស។
ការរញ្ជួយដីបានវាយប្រហារទីក្រុង Xigaze ក្នុងតំបន់ស្វយ័តស៊ីហ្សាងដែលជាឈ្មោះតំបន់សម្រាប់តំបន់ទីបេ នៅវេលាម៉ោង ០៩:០៥នាទីព្រឹក(ម៉ោងក្នុងស្រុក) ក្នុងជម្រៅ ១០គីឡូម៉ែត្រ
មន្ត្រីរដ្ឋាភិបាលក្នុងតំបន់កំពុងទៅកាន់ទីប្រជុំជននានាដើម្បីវាយតម្លៃអំពីផលប៉ះពាល់នៃការរញ្ជួយដីនោះ ខណៈដែលកងយោធាចិនបានដាក់ពង្រាយដ្រូន ដើម្បីស្ទង់មើលចំណុចកណ្តាលបន្ទាប់ពីការរញ្ជួយដី។
ដោយឡែក ការស្ទង់ភូមិសាស្ត្រអាម៉េរិក បានកត់ត្រាការរញ្ជួយដីនោះក្នុងកម្រិត ៧,១រ៉ិចទ័រ។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានបញ្ជាឱ្យអាជ្ញាធរចាត់វិធានការជួយសង្គ្រោះឱ្យអស់ពីលទ្ធភាពដើម្បីស្វែងរក និងជួយសង្គ្រោះមនុស្សដែលនៅជាប់គាំង។
បញ្ជាការដ្ឋានភាគខាងលិចនៃកងទ័ពរំដោះប្រជាជនចិន បានត្រៀមខ្លួនរួចជាស្រេចនូវផែនការសង្គ្រោះបន្ទាន់ផ្នែកសង្គ្រោះគ្រោះមហន្តរាយរបស់ខ្លួន ដែលរួមមានការដឹកជញ្ជូន យន្តហោះពេទ្យ ឧទ្ធម្ភាគចក្រ និងកងកម្លាំងដីគោក ដើម្បីជួយដល់ប្រតិបត្តិការសង្គ្រោះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





