ទីក្រុងម៉ូស្គូទាមទារឱ្យអង្គការយូណេស្កូឆ្លើយតបចំពោះការសម្លាប់
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយទាក់ទងនឹងការស្លាប់របស់អ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមរុស្ស៊ី លោក អាឡិចសាន់ដឺរ ម៉ាតេមីយ៉ាណូវ (Alexander Martemyanov) នៅសាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ថា ទីក្រុងម៉ូស្គូទាមទារឱ្យមានការឆ្លើយតបឱ្យបានសមស្របពីប្រធានអង្គការយូណេស្កូ (UNESCO) លោកស្រី អូដ្រេយ៍ អាហ្ស៊ូលេយ៍ Audrey Azoulay) ជុំវិញការសម្លាប់អ្នកកាសែតរុស្ស៊ីដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។
អ្នកការទូតរូបនោះបាននិយាយថា «យើងទាមទារឱ្យការសម្លាប់ដ៏ឃោរឃៅមួយទៅលើអ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមរុស្ស៊ីទទួលបានការឆ្លើយតបដ៏សមស្របមួយពីលោកស្រី អូដ្រេយ៍ អាហ្ស៊ូលេយ៍ ដូចដែលបានកំណត់ដោយអាណត្តិរបស់លោកស្រី។ យើងរំពឹងថានឹងមានការថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះអំពើឃោរឃៅនេះពីអង្គការយូណេស្កូ និងរចនាសម្ព័ន្ធសិទ្ធិមនុស្សដទៃទៀត»។
លោកស្រីបានសង្កត់ធ្ងន់ថា «ការប៉ុនប៉ងលាក់នៅពីក្រោយលេសគឺមិនអាចចាត់ទុកថាជាការឆ្លើយតបគ្រប់គ្រាន់ពីអាជ្ញាធរដែលមានសិទ្ធិធ្វើដូច្នេះទេ។ មន្ត្រីអន្តរជាតិដែលតស៊ូមតិដើម្បីសិទ្ធិមនុស្សនឹងត្រូវចង្អុលបង្ហាញដោយផ្ទាល់ទៅកាន់ជនល្មើសនៃឃាតកម្មទាំងនេះ»។
លោកស្រី ហ្សាខារ៉ូវ៉ា បានរំលឹកថា កាលពីថ្ងៃទី០៤ ខែមករា ជាលទ្ធផលនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដោយពួកសកម្មប្រយុទ្ធនៃរបបទីក្រុងគៀវ បានធ្វើឱ្យអ្នកឆ្លើយឆ្លងព័ត៌មានឯករាជ្យIzvestia លោក អាឡិចសាន់ដឺរ ម៉ាតេមីយ៉ាណូវ ត្រូវបានសម្លាប់ ហើយយ៉ាងហោចណាស់បុគ្គលិកនៃបណ្តាញសារព័ត៌មានរុស្ស៊ី ០៤នាក់ទៀតបានរងរបួសក្នុងកម្រិតនៃភាពធ្ងន់ធ្ងរខុសៗគ្នា។
ការអត្ថាធិប្បាយបាននិយាយថា «ដោយគ្មានការសង្ស័យ អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយត្រូវបានជ្រើសរើសដោយចេតនាជាគោលដៅសម្រាប់ការវាយប្រហារដ៏សាហាវមួយ ហើយវាក៏ត្រូវបានបង្ហាញដោយសក្ខីកម្មរបស់អ្នកដែលបានរួចរស់ជីវិតពីការវាយប្រហារនោះដែរ»។
លោកស្រី ហ្សាខារ៉ូវ៉ា បានសង្កត់ធ្ងន់ ការស្លាប់របស់អ្នកឆ្លើយឆ្លងព័ត៌មានសង្រ្គាមរុស្ស៊ី គឺជាផលវិបាកនៃការមិនអើពើដោយចេតនាចំពោះភាពឃោរឃៅនៃរបបរបស់លោក ហ្សេលេនស្គី (Zelensky) ដោយរចនាសម្ព័ន្ធអន្តរជាតិដែលមានការពាក់ព័ន្ធ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





