យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៦៦នាក់ស្លាប់នៅក្នុងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលលើតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ -- ទូរទស្សន៍អាល់ចាហ្ស៊ីរ៉ា (Al Jazeera) របស់ប្រទេសកាតា បានរាយការណ៍ដោយដកស្រង់ពីប្រភពសេវាកម្មវេជ្ជសាស្រ្ត និងជួយសង្គ្រោះនៅតំបន់ហ្គាហ្សាថាយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន ៦៦នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប។
កងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារចំនួន ៣០ដងនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៦៦នាក់។ ដូចដែលបណ្តាញនេះបានចង្អុលបង្ហាញដោយដកស្រង់ទិន្នន័យពីក្រុមវេជ្ជបណ្ឌិត និងអ្នកជួយសង្គ្រោះថា កុមារជាច្រើនស្ថិតក្នុងចំណោមជនរងគ្រោះនៃការវាយប្រហារនោះ។
ភាពតានតឹងបានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ាកាលពីថ្ងៃទី០៧ខែតុលា ឆ្នាំ២០២៣ នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាស់បានធ្វើការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្គាហ្សាដោយបានសម្លាប់អ្នកស្រុកនៃតំបន់ព្រំដែនអ៊ីស្រាអែល និងចាប់ចំណាប់ខ្មាំង។
ជាការឆ្លើយតប អ៊ីស្រាអ៊ែលបានបើកប្រតិបត្តិការមួយក្នុងគោលបំណងបំផ្លាញរចនាសម្ព័ន្ធយោធា និងនយោបាយរបស់ក្រុមហាម៉ាស់ និងដោះលែងចំណាប់ខ្មាំងទាំងអស់វិញ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





