ឆ្នាំ២០២៤ គឺជាឆ្នាំក្តៅបំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសឥណ្ឌូណេស៊ី
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ -- ទីភ្នាក់ងារឧតុនិយមអាកាសធាតុ និងភូគព្ភសាស្ត្រឥណ្ឌូណេស៊ី (BMKG) បានរាយការណ៍កាលពីពេលថ្មីៗនេះថា ឆ្នាំ២០២៤ ត្រូវបានកត់ត្រាថាជាឆ្នាំក្តៅបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
នេះជាការឆ្លុះបញ្ចាំងពីនិន្នាការពិភពលោក ដោយប្រទេសជាច្រើនក៏បានរាយការណ៍អំពីការកើនឡើងសីតុណ្ហភាពដែលមិនធ្លាប់មានពីមុនមកនេះផងដែរ ដោយបានបន្លឺសំឡេងព្រមានអំពីតម្រូវការជាបន្ទាន់សម្រាប់សកម្មភាពអាកាសធាតុ។
យោងតាមទីភ្នាក់ងារ BMKG បានឱ្យដឹងថា សីតុណ្ហភាពជាមធ្យមនៅក្នុងប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំ២០២៤ ឡើងដល់កម្រិត ២៧,៥អង្សាសេស៊ុសដែលខ្ពស់ជាងសីតុណ្ហភាពជាមធ្យមពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២០ ចំនួន ០,៨អង្សាសេស៊ុស។ ទិន្នន័យនេះត្រូវបានប្រមូលពីស្ថានីយត្រួតពិនិត្យចំនួន១១៣ នៅទូទាំងប្រទេស។
គួរកត់សម្គាល់ថា ខែមេសា ឆ្នាំ២០២៤ ត្រូវបានកត់ត្រាថាជាខែមេសាដែលក្តៅបំផុតក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដោយសាររលកកំដៅខ្លាំងបានបោកបក់ពាសពេញទ្វីបអាស៊ី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





