ថៃបង្កើនកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការបំពុលខ្យល់នៅក្នុងរាជធានី
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ -- រដ្ឋបាលទីក្រុងបាងកក (BMA) កំពុងបង្កើនវិធានការដើម្បីដោះស្រាយការបំពុលបរិយាកាសដោយសារកម្រិតធូលី PM2.5 នៅក្នុងរាជធានីនេះដែលនៅតែមានកម្រិតខ្ពស់ ដែលវាត្រូវបានរំពឹងថានឹងបន្តរហូតដល់ខែកុម្ភៈ។
អភិបាលទីក្រុងបាងកក លោក ឆាដឆាត សិទ្ធិពុន (Chadchart Sittipunt) បានប្រកាសពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយមជ្ឈមណ្ឌលHuin Royal Rainmaking Center ដើម្បីបំបែកភាគល្អិតធូលីដែលបង្កគ្រោះថ្នាក់ដោយប្រើប្រាស់វិធីបើកបរិយាកាស។ គំនិតផ្តួចផ្តើមនេះត្រូវបានគាំទ្រដោយការស្រាវជ្រាវវិទ្យាសាស្ត្រ ដោយក្រុមហ៊ុនប្រេងយក្សថៃ PTT Plc ដោយផ្តល់ទឹកកកស្ងួតចំនួន ៣០០តោនសម្រាប់គម្រោងនេះ។
ជាដំបូង យន្តហោះភ្លៀងនឹងដំណើរការនៅលើកណ្តាលទីក្រុងបាងកកបន្ទាប់ពីកិច្ចព្រមព្រៀងជាមួយទីភ្នាក់ងារគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់ប្រទេសថៃ ដើម្បីដោះស្រាយបញ្ហាជាមួយផ្លូវហោះហើរដែលនៅជិតអាកាសយានដ្ឋានដនមឿង និងសុវណ្ណភូមិ។
កម្រិត PM2.5 បច្ចុប្បន្ននៅទីក្រុងបាងកក ជាមធ្យម 42.9 µg/cu.m ដែលត្រូវបានចាត់ថ្នាក់ជាពណ៌ទឹកក្រូច ដែលបង្ហាញពីហានិភ័យសុខភាពដែលអាចកើតមាន។ រដ្ឋបាល BMA កំពុងអនុវត្តវិធានការកាត់បន្ថយធូលី រួមទាំងតម្រូវឱ្យរថយន្តជាង ១៦០.០០០គ្រឿងផ្លាស់ប្តូរតម្រងម៉ាស៊ីនត្រជាក់ និងប្រេង។ លើសពីនេះទៀត រថយន្តដឹកទំនិញចំនួន ១០.០០០គ្រឿងបានចូលរួមកម្មវិធីរថយន្តបៃតងដែលមានចំនួនលើសពីគោលដៅកំណត់។
ដើម្បីបន្ធូរបន្ថយការបំពុល ទីក្រុងបាងកកគ្រោងនឹងលើកទឹកចិត្តការងារពីចម្ងាយសម្រាប់បុគ្គលិកចំនួន 80,000 នាក់ ក្នុងអំឡុងពេលដ៏សំខាន់។
អភិបាលក្រុង លោក ឆាដឆាត បានសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់ប្រតិបត្តិការទឹកភ្លៀង និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងារមួយចំនួន ដូចជាកងទ័ពអាកាសថៃជាដើមក្នុងការផ្តល់យន្តហោះខ្នាតធំសម្រាប់កាត់បន្ថយធូលី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





