ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យបង្កើតក្រុមការងារចល័តពិនិត្យស្លាកលេខយានយន្តក្លែងក្លាយ ដើម្បីប្រសិទ្ធភាពនៃការបង្ក្រាបបទល្មើស
AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ -- ដើម្បីប្រសិទ្ធភាពនៃការបង្ក្រាបបទល្មើស ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យបង្កើតក្រុមការងារចល័តពិនិត្យស្លាកលេខយានយន្តក្លែងក្លាយ ដោយបានអះអាងថា ស្លាកលេខក្លែងក្លាយនៅតែមានចំពោះមធ្យោបាយធ្វើដំណើរទាំងម៉ូតូ ទាំងរថយន្ត ដែលត្រូវ យកចិត្តទុកដាក់ ជាពិសេសត្រូវពិនិត្យសម្រាប់ការបង្កើតក្រុមចល័តមួយ ដើម្បីធ្វើការពិនិត្យទៅលើស្លាកលេខមធ្យោបាយធ្វើដំណើរមានម៉ូតូ និងរថយន្តជាដើមដោយការប្រើប្រាស់បច្ចេកវិទ្យាទំនើប ព្រោះបើយើងពិនិត្យមើលដោយភ្នែកទទេយើងមិនអាចដឹងថាជាស្លាកលេខក្លែងក្លាយ ឬជាស្លាកលេខពិតប្រាកដនោះទេ។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា យើងពិនិត្យមើលដោយភ្នែកទទេគឺមិនអាចដឹងថាជាស្លាកលេខក្លែងក្លាយ ឬជាស្លាកលេខពិតប្រាកដនោះទេ ដោយម្ចាស់យានយន្តបានទៅជាន់ស្លាកលេខថ្មីដូចស្លាកលេខាចាស់ហើយយកទៅបំពាក់នៅលើយានយន្តមួយទៀត ដែលជាហេតុធ្វើឱ្យខុសប្រក្រតី ហើយស្លាកលេខក្លែងក្លាយនេះនៅតែជាបញ្ហាប្រឈមដែលត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យ និងត្រូវតែដាក់ទោសទណ្ឌឱ្យខាងតែបានចំពោះអ្នកដែលបានប្រព្រឹត្តល្មើសដោយការប្រើប្រាស់ស្លាកលេខម៉ូតូ ឬស្លាកលេខររថយន្តក្លែងក្លាយ នេះដោយគ្មានការលើកលែងជាដាច់ខាត គឺដើម្បីប្រសិទ្ធភាពនៃការបង្ក្រាបបទល្មើស៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





