បទយកការណ៍៖ កំពង់ភ្លុក ជាឋានសួគ៌លើទឹក ដែលឆក់យកបេះដូងភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ក្នុង រដូវកាលបុណ្យភ្ជុំបិណ្ឌ
AKP សៀមរាប ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦--ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពេលវេលានៃការជួបជុំគ្រួសារ និងការធ្វើបុណ្យទាន សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាមន្រ្ដីរាជការ ត្រូវបានឈប់សម្រាកពីការងារ ហើយអ្នកខ្លះ បានទៅស្រុកកំណើតជួបជុំគ្រួសារ អ្នកខ្លះធ្វើបុណ្យទានតាមវត្ដអារាម និងអ្នកខ្លះទៀត ក៏ដើរកម្សាន្ដតាមតំបន់រមណីយដ្ឋាន ឬកន្លែងកម្សាន្ដនានា នៅទូទាំងប្រទេស។

ជាក់ស្ដែង សម្រាប់បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ខេត្ដសៀមរាប បានត្រៀមខ្លួនរួចរាល់ សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលមកកម្សាន្ដនៅតាមតំបន់ទេសចរណ៍នានា នៅក្នុងខេត្ដ។ ក្រៅពីការទស្សនាប្រាង្គបា្រសាទ និងការកម្សាន្ដនៅតំបន់រមណីយដ្ឋានអង្គរនោះ តំបន់ទេសចរណ៍ធម្មជាតិកំពង់ភ្លុក បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងពេញនិយមបំផុតមួយ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលប្រាថ្នាចង់បាននូវបទពិសោធន៍ប្លែក អមដោយខ្យល់អាកាសបរិសុទ្ធ និងទិដ្ឋភាពភូមិឋានលើទឹកដ៏ស្រស់ស្អាត។

ស្ថិតនៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប កំពង់ភ្លុក លេចធ្លោដោយសារផ្ទះសសរខ្ពស់ៗក្បែរមាត់បឹងទន្លេសាប និងព្រៃលិចទឹកដ៏ខៀវស្រងាត់នារដូវវស្សា ជាពិសេសចំពេលបុណ្យភ្ជុំបិណ្ឌ ផ្ទៃទឹកបឹងទន្លេសាបឡើងខ្ពស់ ប្រៀបដូចជាកញ្ចក់ឆ្លុះបញ្ចាំងពីសម្រស់ធម្មជាតិដ៏ស្រស់បំព្រង។

ជាមួយនឹងធម្មជាតិនៅលើផ្ទៃទឹក ភ្ញៀវទេសចរអាចជិះទូកកម្សាន្តកាត់តាមភូមិសសរខ្ពស់ ទស្សនាជីវភាពរស់នៅយ៉ាងស្ងប់ស្ងាត់របស់ប្រជាសហគមន៍ និងបន្តដំណើរចូលទៅក្នុងព្រៃលិចទឹកដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ និងទស្សនាថ្ងៃលិចយ៉ាងស្រស់ស្អាត។
លោក គង់ ថាញ់ឡុង សមាជិកសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកបានបញ្ជាក់ឱ្យដឹងថា នៅពេលរដូវទឹកឡើង ឈានដល់ចំណុចស្រស់ស្អាតបំផុត និងពិធីបុណ្យភ្ជុំបិណ្ឌ ខិតជិតចូលមកដល់ តំបន់ទេសចរណ៍កំពង់ភ្លុក ស្ថិតនៅឆ្នេរបឹងទន្លេសាប នៃស្រុកប្រាសាទបាគង ខេត្តសៀមរាប កំពុងមានសភាពអ៊ូអរ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងធ្វើដំណើរកម្សាន្តក្នុងឱកាសឈប់សម្រាក នៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិដ៏សំខាន់មួយនេះ។ លោកបានបន្ដថា ជាមួយនឹងទឹកបឹងទន្លេសាបដែលកំពុងពេញប្រៀប ផ្ទះសង់លើសសរខ្ពស់ៗរាប់រយខ្នងនៅក្នុងភូមិកំពង់ភ្លុក បានលេចចេញជាទិដ្ឋភាពប្លែកភ្នែក និងទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរយ៉ាងខ្លាំង។ លោកបានអះអាងថា៖ ទូកទេសចរណ៍តូចធំជាច្រើន ត្រូវបានរៀបចំត្រៀមរួចជាស្រេច ដើម្បីនាំភ្ញៀវធ្វើដំណើរកាត់តាមផ្លូវទឹក ឆ្ពោះទៅកាន់ព្រៃលិចទឹកដ៏ធំល្វឹងល្វើយ ដែលជាសម្បត្តិធម្មជាតិដ៏កម្ររបស់បឹងទន្លេសាប។

លោក គង់ ថាញ់ឡុង បានថ្លែងបញ្ជាក់ថា៖ «នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក បានរៀបចំទូកកម្សាន្ត ការពារសុវត្ថិភាពភ្ញៀវទេសចរ និងការរក្សាបរិស្ថានអនាម័យ ដើម្បីទទួលស្វាគមន៍បងប្អូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ចំពោះភ្ញៀវទេសចរដែលបានមកដល់តំបន់ទេសចរណ៍នេះ ភាគច្រើនពិតជាមានភាពរីករាយ និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទិដ្ឋភាពធម្មជាតិព្រៃលិចទឹក និងជីវភាពរស់នៅរបស់អ្នកភូមិយើង»។ លោកក៏សូមអញ្ជើញបងប្អូនមកកម្សាន្ត និងសម្រាកលំហែកាយនៅកំពង់ភ្លុក ដើម្បីទទួលបានបទពិសោធន៍ថ្មី និងជួយគាំទ្រដល់ជីវភាពប្រជាសហគមន៍ផ្ទាល់ផងដែរ។

បើតាមលោក គង់ ថាញ់ឡុង សម្រាប់ភ្ញៀវទេសចរ កំពង់ភ្លុក មិនមែនគ្រាន់តែជាកន្លែងជិះទូកកម្សាន្តប៉ុណ្ណោះទេ នៅទីកន្លែងនេះ ផ្តល់ឱកាសឱ្យពួកគេស្វែងយល់ពីរបៀបរស់នៅរបស់ប្រជាជនដែលផ្សារភ្ជាប់ជីវិតជាមួយបឹងទន្លេសាបជាច្រើនជំនាន់ ទស្សនាសាលារៀន វត្តអារាម និងផ្ទះសម្បែងដែលត្រូវបានសាងសង់ឱ្យសមស្របទៅនឹងការប្រែប្រួលកម្ពស់ទឹកតាមរដូវ។ លោកបានអះអាងថា៖ «អំឡុងពេលជិះទូកកាត់ព្រៃលិចទឹក ភ្ញៀវទេសចរអាចគយគន់ទេសភាពធម្មជាតិដ៏ស្រស់បំព្រង ស្តាប់សំឡេងសត្វស្លាប និងទទួលបានអារម្មណ៍ស្រស់ស្រាយពីខ្យល់អាកាសបរិសុទ្ធ ដែលជាបទពិសោធន៍ដ៏កម្រមួយនៅក្នុងតំបន់ទេសចរណ៍ធម្មជាតិនេះ»។ លោកបានឱ្យដឹងទៀតថា ក្រៅពីការទស្សនាទិដ្ឋភាពផ្ទះសសរខ្ពស់ និងជិះទូកតូចៗតាមព្រៃលិចទឹក ភ្ញៀវទេសចរក៏អាចភ្លក់រសជាតិអាហារសមុទ្រទឹកសាបស្រស់ៗ ដែលរៀបចំដោយអ្នកភូមិ រួមទាំងការទិញផលិតផលក្នុងស្រុកធ្វើជាកាដូនាំយកទៅផ្ទះវិញផងដែរ។ បន្ថែមពីនេះ សម្រស់ធម្មជាតិដ៏ត្រកាល រួមផ្សំជាមួយនឹងស្នាមញញឹម និងការទទួលស្វាគមន៍យ៉ាងរាក់ទាក់ពីប្រជាសហគមន៍ បានធ្វើឱ្យតំបន់ទេសចរណ៍ធម្មជាតិកំពង់ភ្លុក បានបន្សល់ទុកនូវការចងចាំដ៏ផ្អែមល្ហែម និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅសម្រាប់ភ្ញៀវទេសចរគ្រប់រូបដែលបានឈានជើងមកដល់ទីនេះ។

ទាក់ទងនឹងការរំពឹងទុកសម្រាប់ភ្ញៀវទេសចរជាតិ-អន្ដរជាតិដែលនឹងមកកម្សាន្ដ នៅតំបន់ទេសចរណ៍កំពង់ភ្លុកនោះ លោក គង់ ថាញ់ឡុង សមាជិកសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក បានបន្ថែមថា ប្រជាសហគមន៍មានក្តីសង្ឃឹមថា ចរន្តភ្ញៀវទេសចរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ នឹងមានការកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីស្ថានភាពទឹកអំណោយផល និងមានការផ្សព្វផ្សាយកាន់តែទូលំទូលាយអំពីសក្ដានុពលទេសចរណ៍របស់តំបន់។ លោកបានសង្កត់ធ្ងន់ផងដែរថា៖ «កំណើនភ្ញៀវទេសចរនេះ នឹងរួមចំណែកបង្កើនចំណូលដល់គ្រួសារប្រជាពលរដ្ឋក្នុងសហគមន៍ និងជួយលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរឹងមាំថែមទៀត»៕
ដោយ៖ ឃុត សៅ





