មន្ត្រីរាជការខេត្តសៀមរាបចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តព្រះឥន្ធកោសីយ៍
AKP សៀមរាប ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦-- នាព្រឹកថ្ងៃ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ គឺជាថ្ងៃបុណ្យកាន់បិណ្ឌវេនទី១១ មន្ត្រីរដ្ឋបាលខេត្តសៀមរាប ដែលដឹកនាំដោយឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាព និងមន្ត្រីរាជការ បានចូលរួមសូត្រមន្តកាន់បិណ្ឌវេនទី១១នេះ នៅវត្តព្រះឥន្ធកោសីយ៍ ហៅវត្តលើ ស្ថិតនៅសង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប និងដោយមានការចូលរួមពីសំណាក់លោកយាយ លោកតា និងពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។

ក្នុងកម្មវិធីសូត្រមន្ត និងទេសនា នាពិធីកាន់បិណ្ឌនោះ ព្រះយសសិរីធម្ម ច័ន្ទ សុវណ្ណ ព្រះរាជាគណៈកិត្តិយស ព្រះចៅអធិការវត្តព្រះឥន្ទកោសីយ៍ បានមានថេរដីកាពាក់ព័ន្ធទៅនឹងទំនៀមទម្លាប់ប្រពៃណីសាសនានេះថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិ និងសាសនាដ៏ធំទូលាយ និងមានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់ជនជាតិខ្មែរយើង។

ហើយពីធីបុណ្យនេះមានរយៈពេលសរុប១៥ថ្ងៃ (ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ)។ ហើយការធ្វើបុណ្យទានក្នុងរដូវកាលនេះ គឺជាឱកាសសម្រាប់ពុទ្ធបរិស័ទបានបំពេញទាន សីល និងភាវនា ព្រមទាំងសម្ដែងនូវកតញ្ញូ កតវេទិតាធម៌ ចំពោះមាតាបិតាជីដូនជីតា និងបុព្វការីជន។ ម៉្យាងទៀត ការកាន់វេនបិណ្ឌមិនមានន័យត្រឹមតែការយកចង្ហាន់ និងទេយ្យទានមកប្រគេនព្រះសង្ឃប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសសម្រាប់ពុទ្ធបរិស័ទធ្វើចិត្តឱ្យជ្រះថ្លា ប្រព្រឹត្តអំពើល្អ រក្សាសីល ចេះចែករំលែក និងជួយសង្គ្រោះគ្នាទៅវិញទៅមក។

ព្រះយសសិរីធម្ម ច័ន្ទ សុវណ្ណ បានមានថេរដីកាបន្តទៀតថា ការប្រារព្ធពិធីបុណ្យនេះដែរគឺដើម្បីបួងសួង ឧទ្ទិសមគ្គផល កុសលផលបុណ្យ ទៅដល់ពពួកប្រែតអសុរកាយ និងឧទ្ទិសមហាកុសលជូនដល់លោកអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា ញាតិកាទាំង៧សន្ដានដែលបានចែកឋានទៅហើយនោះ និងជួយរំដោះឱ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ ដើម្បីបានទៅកាន់សុខគតិភពថ្មី និងឧទ្ទិសមគ្គផលកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ ជាមួយចោរសៀមឈ្លានពាន ដើមី្បរក្សានូវសុខសន្តិភាព ជូនដល់ជាតិមាតុភូមិ និង ប្រជាជនកម្ពុជា មានការរស់នៅដោយក្តីសុខសាន្ត ៕


ដោយ ហង្ស សៀក





