ថៃសន្យាបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមទៀតនៅឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ -- ក្រសួងពាណិជ្ជកម្មថៃបានសន្យាថានឹងបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) បន្ថែមទៀតនៅឆ្នាំ២០២៥ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញអត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះដល់ ៣%។
បន្ទាប់ពីកិច្ចប្រជុំរវាងមន្ត្រីក្រសួង និងនាយកប្រតិបត្តិនៃសហព័ន្ធឧស្សាហកម្មថៃ (FTI) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ពីចៃ ណារីបថាផាន់ (Pichai Naripthaphan) មានប្រសាសន៍ថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ចង់ឱ្យវិស័យឯកជនក្លាយជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ដូច្នេះលោកស្រីបានណែនាំរដ្ឋាភិបាលឱ្យជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយវិស័យនេះ។
លោកបាននិយាយថា ក្រសួងនឹងបន្តខិតខំប្រឹងប្រែងសហការជាមួយវិស័យឯកជន ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ។ប្រទេសនេះនឹងបញ្ចប់ការចរចាក្នុងពេលឆាប់ៗខាងមុខសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុបដែលនឹងផ្តល់ឱ្យប្រទេសថៃចូលទៅកាន់ទីផ្សារក្នុងប្រទេសស្វីស ន័រវេស អ៊ីស្លង់ និងឡិចតេនស្ដាញ។ លោកបានបន្ដថា នេះនឹងក្លាយជា កិច្ចព្រមព្រៀង FTA ទីមួយរបស់ប្រទេសថៃជាមួយសហភាពអឺរ៉ុប ហើយកិច្ចព្រមព្រៀង FTA ផ្សេងទៀតនឹងអនុវត្តន៍តាមដើម្បីបង្កើនការប្រកួតប្រជែង និងទាក់ទាញការវិនិយោគពីបរទេស។
ស្ថិតិរបស់ក្រសួងបានបង្ហាញថា ការនាំចេញរបស់ប្រទេសនេះបានកើនឡើង ៥,១% ក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ២០២៤ ដែលសរុបមានចំនួន ៩,៦៩ទ្រីលានបាត (២៧៥,៧៦ប៊ីលានដុល្លារអាម៉េរិក)។ ចំនួននេះត្រូវបានគេព្យាករថានឹងកើនលើស ១០ទ្រីលានបាតនៅចុងឆ្នាំនេះ ដែលជាចំនួនខ្ពស់បំផុតក្នុងកំណត់ត្រា។
ក្រសួងមានបំណងសម្រាប់អត្រាកំណើនពី ២-៣% ក្នុងឆ្នាំ២០២៥ទោះបីជាមានហានិភ័យជាសកលក៏ដោយ ដោយប្រើប្រាស់កិច្ចសហប្រតិបត្តិការដ៏រឹងមាំរបស់រដ្ឋាភិបាល និងវិស័យឯកជន ដើម្បីសម្រេចបាននូវគោលដៅនេះ។
ទន្ទឹមនឹងនោះ ប្រធានសហព័ន្ធ FTI លោក ក្រេងក្រៃ ថេននូគុល (Kriengkrai Thiennukul) បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងដោយមានប្រសាសន៍ថា សហព័ន្ធ FTI នឹងបន្តជួយដល់អាជីវកម្មក្នុងការធ្វើឱ្យកិច្ចព្រមព្រៀង FTA ទទួលបានច្រើនបំផុត៕
ដោយ៖ មូល មិនា (ប្រភព៖ VNA)





