ទីក្រុងហាណូយមានបំណងទាក់ទាញភ្ញៀវទេសចរជាង ៣០លាននាក់ក្នុងឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ -- យោងតាមនាយកដ្ឋានទេសចរណ៍ក្រុង បានឱ្យដឹងថា ទីក្រុងហាណូយមានបំណងទាក់ទាញភ្ញៀវទេសចរជាង ៣០លាននាក់នៅឆ្នាំ២០២៥ រួមទាំងភ្ញៀវអន្តរជាតិចំនួន ៧លាននាក់។
នាយកដ្ឋានបាននិយាយនៅក្នុងសន្និសីទមួយថា វិស័យទេសចរណ៍របស់ទីក្រុងមានការរីកចម្រើននៅឆ្នាំ២០២៤ ដោយសម្រេចបាននូវកំណើនគួរឱ្យកត់សម្គាល់។
ចំនួនភ្ញៀវទេសចរសរុបមានដល់ទៅ ២៧,៨៦លាននាក់ បានកើនឡើង១២,៧% ធៀបនឹងឆ្នាំមុន។ ក្នុងនោះភ្ញៀវអន្តរជាតិសរុបមានចំនួន ៦,៣៥លាននាក់ ខណៈភ្ញៀវទេសចរក្នុងស្រុកមានចំនួន ២១,៥១លាននាក់។
វិស័យនេះក៏បានរាយការណ៍ពីប្រាក់ចំណូលប្រមាណ ១១០,៥ទ្រីលានដុង (៤,៣៣ លានដុល្លារអាម៉េរិក) បានកើនឡើង ១៨,៣% ពីមួយឆ្នាំទៅមួយឆ្នាំ។ អត្រាស្នាក់នៅជាមធ្យមសម្រាប់សណ្ឋាគារគឺ ៦២% និង២,៩% ខ្ពស់ជាងឆ្នាំ២០២៣។
សម្រាប់ឆ្នាំ២០២៥ វិស័យទេសចរណ៍របស់ទីក្រុងមានគោលបំណងជំរុញប្រាក់ចំណូលសរុបរបស់ខ្លួនឱ្យលើសពី ១៣០ទ្រីលានដុងក្នុងការការធ្វើពិពិធកម្មរបស់ខ្លួន ដោយសង្កត់ធ្ងន់ទៅលើដំណើរកម្សាន្តពេលយប់ទេសចរណ៍ម្ហូបអាហារ ទេសចរណ៍ MICE (ការប្រជុំ ការលើកទឹកចិត្តសន្និសីទ និងពិព័រណ៍) និងទេសចរណ៍សុខុមាលភាព។
អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក ហូ អានភួង (Ho An Phong) បានសង្កត់ធ្ងន់លើតួនាទីដឹកនាំរបស់ទីក្រុងក្នុងវិស័យទេសចរណ៍ជាតិ។ លោកបានជំរុញភាពជាដៃគូក្នុងតំបន់ អភិវឌ្ឍន៍ផលិតផលទេសចរណ៍ចម្រុះ និងរួមបញ្ចូលឧស្សាហកម្មវប្បធម៌ ដើម្បីពង្រឹងជំហររបស់ខ្លួនជាអ្នកដឹកនាំទេសចរណ៍របស់ប្រទេសវៀតណាម៕
ដោយ៖ មូល មិនា (ប្រភព៖ VNA)





