រដ្ឋមន្រ្តីសុខាភិបាល៖ ការអនុវត្តតាមនីតិវិធីស្តង់ដា ការយកចិត្តទុកដាក់លើប្រវត្តិអ្នកជំងឺ និងការបង្កើនប្រសិទ្ធភាពការងាររបស់បុគ្គលិក គឺជាគ្រឹះធានាគុណភាពសេវាថែទាំសុខភាព
AKP ភ្នំពេញ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦--ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំបច្ចេកទេស ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការអនុវត្តតាមនីតិវិធីស្តង់ដា ការយកចិត្តទុកដាក់លើប្រវត្តិអ្នកជំងឺ និងការបង្កើនប្រសិទ្ធភាពការងាររបស់បុគ្គលិក គឺជាគ្រឹះធានាគុណភាពសេវាថែទាំសុខភាព។

កិច្ចប្រជុំនេះប្រព្រឹត្តទៅកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល ដើម្បីពង្រឹងគុណភាពនៃការបម្រើសេវាថែទាំសុខភាព និងពង្រឹងដំណើរការប្រព័ន្ធ មូលនិធិសង្គម និងបេឡាជាតិសន្តិសុខសង្គម (NSSF & EF) ឱ្យកាន់តែល្អប្រសើរ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានណែនាំ និងដាក់ចេញនូវវិធានការ ដើម្បីរៀបចំ និងពង្រឹងការងារសំខាន់ៗរួមមាន៖ ការពិនិត្យ និងតាមដានការងារវេជ្ជសាស្ត្រ៖ ការត្រួតពិនិត្យឡើងវិញលើកំណត់ត្រាវេជ្ជសាស្ត្រ (Medical Record) និងប្រវត្តិអ្នកជំងឺ (Patient History) ឱ្យបានច្បាស់លាស់ ដើម្បីធានាគុណភាព និងចៀសវាងកំហុសឆ្គង។ ការគ្រប់គ្រងជំងឺប្រចាំកាយស្មុគស្មាញ៖ យកចិត្តទុកដាក់ជាពិសេសលើអ្នកជំងឺដែលមានជំងឺលើសឈាមរួមផ្សំជាមួយជំងឺទឹកនោមផ្អែម (Hypertension with Diabetes) និងជំងឺទឹកនោមផ្អែមរួមផ្សំជាមួយជំងឺឈឺក្បាលប្រកាំង (Diabetes with Migraine)។ ការអនុវត្តពិធីសារវេជ្ជសាស្ត្រ៖ ការផ្ទៀងផ្ទាត់ទ្វេដង (Double check) លើពិធីសារវេជ្ជសាស្ត្រ (Medical Protocol) និងគោលការណ៍ណែនាំ (Guideline) ឱ្យបានខ្ជាប់ខ្ជួន។ ការប្រើប្រាស់បច្ចេកវិទ្យា៖ ពង្រឹងការប្រើប្រាស់ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក (EMR) និងប្រព័ន្ធរបស់ទីភ្នាក់ងារជាតិបញ្ជាក់ចំណោយ (NPCA) ដើម្បីធានាប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងទិន្នន័យ និងសម្របសម្រួលសេវាព្យាបាល។ រៀបចំក្រុមការងារពិសេស៖ ដើម្បីត្រួតពិនិត្យបច្ចេកទេសខ្លួនឯង និងធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំសម្រាប់ការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។ ធ្វើការបណ្តុះបណ្តាលមន្រ្តីសុខាភិបាលគ្រប់កម្រិតឱ្យបានយល់ច្បាស់អំពីការកត់ត្រា ការបញ្ចូលទិន្នន័យ និងការបញ្ជូនព័ត៌មានឱ្យបានទាន់ពេលវេលាប្រកបដោយ តម្លាភាព សុចិតភាព និងភាពត្រឹមត្រូវស្របតាមបច្ចេកទេសវេជ្ជសាស្រ្ត។ ការអនុវត្តការងារតាមនីតិវិធីស្តង់ដា ការយកចិត្តទុកដាក់លើប្រវត្តិអ្នកជំងឺ និងការបង្កើនប្រសិទ្ធភាពការងាររបស់បុគ្គលិក គឺជាកត្តាគ្រឹះធានាដល់គុណភាពសេវាថែទាំសុខភាព និងកិច្ចដំណើរការរលូននៃប្រព័ន្ធ៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





