តួកគីឃាត់ខ្លួនជនសង្ស័យរដ្ឋអ៊ីស្លាមចំនួន ៥៣៦នាក់ក្នុងរយៈពេល ១២ថ្ងៃ
AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីមហាផ្ទៃតួកគី លោក អាលី យឺលីកាយ៉ា (Ali Yerlikaya) បាននិយាយថា កងកម្លាំងសន្តិសុខតួកគីបានឃាត់ខ្លួនសមាជិកសង្ស័យនៃរដ្ឋអ៊ីស្លាម (IS) ចំនួន ៥៣៦នាក់នៅក្នុងប្រតិបត្តិការទូទាំងប្រទេសក្នុងរយៈពេល ១២ថ្ងៃកន្លងមកនេះ។
លោក យឺលីកាយ៉ា បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិចថា ប្រតិបត្តិការនេះត្រូវបានគេហៅថា ប្រតិបត្តិការ GURZ-34 ត្រូវបានធ្វើឡើងនៅទូទាំង ៥៧ខេត្ត ដោយមានការសម្របសម្រួលជាមួយព្រះរាជអាជ្ញា អង្គការស៊ើបការណ៍សម្ងាត់ជាតិ និងអង្គភាពប្រឆាំងភេរវកម្មរបស់ប៉ូលីស។
រដ្ឋមន្ត្រីបានកត់សម្គាល់ថា ជនសង្ស័យត្រូវបានចោទប្រកាន់ថាបានចូលរួមក្នុងសកម្មភាព IS និងរក្សាទំនាក់ទំនងជាមួយតំបន់មានជម្លោះ។លោកបានបន្ថែមថា «យើងមានការតាំងចិត្តក្នុងការដកហូតអំពើភេរវកម្មចេញពីប្រទេសរបស់យើងតាមរយៈការតស៊ូគ្រប់ជ្រុងជ្រោយ»។
ប្រទេសតួកគីបានចាត់តាំង IS ជាអង្គការភេរវករនៅក្នុងឆ្នាំ២០១៣ដោយសារការវាយប្រហារដ៏សាហាវនៅក្នុងប្រទេស។ ទីក្រុងអង់ការ៉ាបានធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្ក្រាបសមាជិក និងសកម្មភាពរបស់ខ្លួន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





