ប្រជាពលរដ្ឋដែលរស់នៅក្នុងសំណង់មិនរៀបរយនៅក្នុងក្រុងសៀមរាបទទួលបានស្បៀងអាហារពីសាលាវេសហ្គេតអន្តរជាតិ
AKP សៀមរាប ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១--ប្រជាពលរដ្ឋដែលងាយរងគ្រោះដោយសារកូវីដ -១៩ដែលកំពុងរស់នៅក្នុងតំបន់សំណង់មិនរៀបរយស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀម រាប ចំនួន៨០គ្រួសារ កាលពីរសៀលថ្ងៃ៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១ បានទទួលស្បៀងអាហារពីសាលាវេសហ្គេតអន្តរជាតិ។

លោក រត្ន័ រស្មី នាយកសាលាវេសហ្គេតអន្តរជាតិ បានថ្លែងថា ដោយមើលឃើញថា ប្រជាពលរដ្ឋនៅតំបន់សំណង់មិនរៀបរយនេះ រងផលប៉ះពាល់ដោយវិបត្តិកូវីដ១៩ គណៈគ្រប់ គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាវេហ្គេតអន្តរជាតិ បានកៀរគរគ្នាប្រមូលបានថវិកាមកទិញគ្រឿងឧបភោគបរិភោគ យកមកផ្តល់ជូនបងប្អូននៅពេលនេះ។ ក្នុងគោលបំណងចូលរួមសម្រាលការលំបាករបស់បងប្អូន ដែលកំពុងតែជួបការលំបាកដោយសារតែកូវីដ-១៩នេះ។ ស្បៀងអាហារទាំងនេះ ក្នុង១គ្រួសារៗទទួលបាន អង្ករ១០គីឡូក្រាម, សាច់ក្រក១គីឡូ, មី១កេស,សម្ភារសិក្សាមួយកញ្ចប់, ថវិកា ២ម៉ឺនរៀល និងអាហារសម្រាប់ទទួលទានភ្លាម ដូចជានំបុ័ង សម្លរការី មួយឈុតផងដែរ។

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានមានប្រសាសន៍ថា នៅក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩នេះ អាជ្ញាធរតែងតែគិតគូរដល់ប្រជាពលរដ្ឋគ្រប់គ្នា ហើយអាជ្ញាធរក្រុងសៀម រាប សូមថ្លែងអំណរគុណចំពោះសាលាវេសហ្គេតអន្តរជាតិ ដែលបានចូលរួមជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាននេះ។ លោកអភិបាលក្រុងបន្តថា ក្នុងផែនការ៥ឆ្នាំ នៃការអភិវឌ្ឍខេត្តសៀមរាប បានកំណត់យកគោលដៅធំៗមួយចំនួន ក្នុងនោះការគិតគូរពីជីវភាពភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅលើសំណង់មិនរៀបរយ ក៏ជាគោលដៅមួយដែលអាជ្ញាធរបានគិតគូរខ្ពស់បំផុត។ ក្រៅពីនេះអាជ្ញាធរក៏បានគិតគូរពីការស្តារវិស័យទេសចរណ៍ និងការរៀបចំធ្វើយ៉ាងណាលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅលើសំណង់មិនរៀបរយ ឬសំណង់បណ្តោះអាសន្ន។

លោកបានបន្តថា ក្នុងផែនការស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងសៀមរាប អាជ្ញាធរ ខេត្តសៀមរាប បានសហការជាមួយអាជ្ញាធរជាតិអប្សរា បានធ្វើការផ្លាស់ទីលំនៅបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមមាត់ស្ទឹងសៀមរាប ចំនួន៤៣០គ្រួសារ ឱ្យទៅកាន់ទីតាំងថ្មី ដោយផ្តល់ដីកម្មសិទ្ធិស្របច្បាប់ ក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដែលនេះជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់អាជ្ញាធរផងដែរ៕
ដោយឃុត សៅ





