សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាមានភាពចាំបាច់ក្នុងក្នុងការប្រើប្រាស់វ៉ាក់សាំង របស់ប្រទេសចិន ដើម្បីការពារសុខភាពប្រជាជន
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ --
ក្នុងខណៈដែលបណ្ដាប្រទេសជាច្រើនបាន និងកំពុងប្រើប្រាស់វ៉ាក់សាំងឈ្មោះថា ស៊ីណូផាម (Sinopharm) និងស៊ីណូវ៉ាក់ (Sinovac) ដែលផលិតនៅប្រទេសចិន ដើម្បីទប់ស្កាត់ និងបង្ការជំងឺរាតត្បាតកូវីដ-១៩នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាមានភាពចាំបាច់ក្នុងក្នុងការប្រើប្រាស់វ៉ាក់សាំងរបស់ប្រទេសចិន ដើម្បីការពារសុខភាពប្រជាជន។

ក្នុងសារបន្ទាន់ជាសំឡេង នាយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់នូវវ៉ាក់សាំងចំនួន ១លានដូស សម្រាប់មនុស្ស៥០ម៉ឺននាក់ ដើម្បីចាក់ការពារជំងឺកូវីដ-១៩។ សម្ដេចតេជោលើកឡើងថា ដើមឡើយសម្តេចបាននិយាយថា យើងនឹងទទួលយកជំនួយ ឬទិញតែវ៉ាក់សាំងណា ដែលបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ។ ប៉ុន្តែមកដល់ពេលនេះ អង្គការសុខភាពពិភពលោកមិនទាន់បានផ្ដល់នូវការទទួលស្គាល់ដល់វ៉ាក់សាំងណាមួយនោះទេ។ ហើយអ្វីដែលជាភាពចាំបាច់របស់យើងៗ មិនអាចរងចាំតទៅទៀតបាននោះទេ តម្រូវការការពារជាតិ ការពារប្រជាជន កុំឱ្យឆ្លងនូវរោគរាតត្បាតដ៏កាចសាហាវនេះ គឺយើងត្រូវប្រើប្រាស់នូវវ៉ាក់សាំង ដែលបានប្រើប្រាស់រួចមកហើយសម្រាប់មេដឹកនាំចិន និងមនុស្សដល់រាប់លាននាក់ទៀត រាប់ទាំងប្រធានាធិបតី និងប្រជាជនឥណ្ឌូនេស៊ី ដែលទទួលវ៉ាក់សាំងលើកដំបូង គឺជាវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន។
សម្ដេចតេជោបន្តថា ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានប្រជាជនទី៤ លំដាប់ពិភពលោក បន្ទាប់ពីចិន ឥណ្ឌា សហរដ្ឋអាមេរិក ប៉ុន្តែឥណ្ឌូនេស៊ីប្រើប្រាស់វ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន ហើយយើងក៏បានទទួលព័ត៌មានថា ប្រទេសម៉ាឡេស៊ី និងប្រទេសហ្វីពីន ក៏នឹងប្រើប្រាស់វ៉ាក់សាំងនេះផងដែរ រួមទាំងនៅតំបន់អាហ្វ្រិក នៅមជ្ឈឹមបូព៌ា ប្រទេសអេហ្ស៊ីប និងនៅអាម៉េរិកឡាទីនក៏បានប្រើប្រាស់ដែរ។ ដូច្នេះមនុស្សរាប់សិបលាននាក់ទៅហើយដែលបានប្រើប្រាស់វ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន។
សម្ដេចតេជោបានគូសបញ្ជាក់ថា៖ «ក្នុងន័យនេះគឺយើងមិនអាចរងចាំតទៅទៀតទេ ដោយសារតែភាពចាំបាច់ នៃការការពារដល់សុខភាពរបស់ប្រជាពលរដ្ឋរបស់យើង ដែលម្សិលមិញនេះមានការឆ្លងរហូតដល់១៥នាក់ ហើយថ្ងៃនេះក៏មានការឆ្លងរហូតដល់១០នាក់បន្ថែមទៀត ដែលសុទ្ធតែចេញមកពីប្រទេសថៃ នៅជិតខាងយើង។ ដូច្នេះយើងមានការចាំបាច់ ដើម្បីប្រើប្រាស់នូវវ៉ាក់សាំងនេះ សម្រាប់ការការពារ»។ សម្ដេចតេជោថ្លែងបន្ថែមថា ដោយសារមូលហេតុនៃការប្រើប្រាស់យ៉ាងទូលំទូលាយរួចមកហើយ នៅក្នុងសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាប្រទេសមួយចំនួនផ្សេងទៀត មិនតិចជាង១០ប្រទេស ដែលមានប្រជាជនដ៏ច្រើនបានប្រើប្រាស់រួចទៅហើយ និងលក្ខខណ្ឌ នៃការរក្សាទុក គឺសមស្របជាមួយនឹងសភាពការណ៍របស់កម្ពុជា នោះគឺស្ថិតនៅក្នុងសីតុណ្ហភាព ២ ដល់ ៨អង្សារ លើសូន្យ ប្រៀបធៀបទៅនឹងវ៉ាក់សាំងនៃប្រទេសមួយចំនួន គឺសិ្ថតនៅក្នុងសីតុណ្ហភាព ៧០អង្សាក្រោមសូន្យ ដែលហួសពីសមត្ថភាពនៃការគ្រប់គ្រងរបស់កម្ពុជា។ ក្រៅពីបញ្ហានេះក៏នៅមានចំណុចងាយស្រួលត្រង់ថា ការដឹកជញ្ជូន ក៏នឹងងាយស្រួលក្នុងការធ្វើ ពីសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងសង្កត់ធ្ងន់ថា សម្ដេចកំពុងតែគិតថា ក្រៅពី១លានដូស ដែលនឹងចាក់បានចំនួនមនុស្ស៥០ម៉ឺននាក់ សម្រាប់រយៈកាលដំបូងនៅខ្សែត្រៀមជួរមុខដែលសម្ដេចធ្លាប់បាននិយាយរួចមកហើយ យើងក៏ត្រូវគិតទៅដល់ការទិញបន្ថែមទៀត ឬស្នើសុំបន្ថែមទៀតពីសាធារណរដ្ឋប្រជាមានិតចិន ឬក៏ប្រទេសដទៃ នៅក្នុងលក្ខខណ្ឌនៃតម្លៃសមស្រប ក៏ដូចជាសមត្ថភាពនៃការគ្រប់គ្រងវ៉ាក់សាំងរបស់យើង នៅក្នុងកម្រិតនៃសីតុណ្ហភាពដែលអាចទ្រទ្រង់បាន។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំសូមជម្រាបថា បេក្ខភាពនៃវ៉ាក់សាំងរបស់ចិន ដែលត្រូវបានប្រើប្រាស់នៅក្នុងប្រទេសចិន និងនៅក្រៅប្រទេសចិន គឺមានស៊ីណូផាម និងស៊ីណូវ៉ាក់។ ឥឡូវនេះ យើងនឹងទទួលនូវស៊ីណូផាម ដែលបានប្រើប្រាស់នៅប្រទេសអេហ្ស៊ីប ហើយជាបន្តយើងក៏អាចឈានទៅរកការប្រើប្រាស់ស៊ីណូវ៉ាក់។ ប៉ុន្តែយើងក៏មិនទាត់ចោលនូវការទទួលយកនូវជំនួយផ្សេងទៀតពីប្រទេសដទៃ ដែលមានបំណងចង់ជួយយើង ពីប្រទេសនានាដែលមានការផលិតវ៉ាក់សាំងផងដែរ ក្រោមលក្ខខណ្ឌ ដែលយើងអាចប្រើប្រាស់មានប្រសិទ្ធភាព ការដឹកជញ្ជូន ក៏ដូចជាការស្តុកទុក ហើយដែលស្ថិតនៅក្នុងសមត្ថភាពដែលគ្រប់គ្រងបានរបស់យើង។ ដូច្នេះវាល្មមដល់ពេលវេលា ដែលកម្ពុជាត្រូវធ្វើការសម្រេចចិត្តខាងនយោបាយមួយ ដើម្បីជួយស្រោចស្រង់ជីវិតរបស់ប្រជាពលរដ្ឋរបស់យើង»៕
ដោយ ជឹម ណារី





