ឯកឧត្តម អ៊ាង សុផល្លែត បានទទួលជួប ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដើម្បីពិភាក្សាការងារ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ -- នៅព្រឹកថ្ងៃសុក្រ ២កើត ខែមាឃ ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានទទួលជួប ឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ជម្រាបជូន និងរាយការណ៍អំពីការៀបចំ កិច្ចប្រជុំលើកទី១ នៃក្រុមការងារចម្រុះសហភាពអឺរ៉ុប-រដ្ឋ ជាសមាជិកអាស៊ានស្តីពីដូងប្រេង ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ទី៤ ខែមករា ឆ្នាំ២០២១នេះ។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងប្រតិភូអមដំណើរ និងបានថ្លែងអំណរគុណជូន ឯកឧត្ដមឯកអគ្គរដ្ឋទូត ចំពោះព័ត៌មានពាក់ព័ន្ធនឹងកិច្ចប្រជុំក្រុមការងាររដ្ឋជាសមាជិកអាស៊ាន និងសហភាពអឺរុប។

ជុំវិញករណីនេះ ឯកឧត្តមរដ្ឋលេខាធិការបានស្នើសុំ ឯកឧត្ដមឯកអគ្គរដ្ឋទូត ក្នុងនាម ជាប្រទេសមានបទពិសោធន៍ សូមចែករំលែកនូវព័ត៌មាន និងបទពិសោធន៍ដែលធ្លាប់មានដល់ ក្រសួងបរិស្ថាន។ ក្រសួងបរិស្ថានមានបំណងចង់ចូលស្តាប់កិច្ចពិភាក្សា ក្នុងកិច្ចប្រជុំលើក ទីមួយ របស់រដ្ឋជាសមាជិកអាស៊ាន-សហភាពអឺរ៉ុប លើបញ្ហាដូងប្រេង ដើម្បីជាចំណេះដឹង និងបទពិសោធន៍សម្រាប់យកមកអនុវត្តន៍រួមចំណែកក្នុងការគាំពារបរិស្ថាន៕
ដោយ ពេជ្រ ណារិទ្ធ





