ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិទី២និងភូមិទី៣ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ
AKP ត្បូងឃ្មុំ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ -- ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រូចឆ្មារ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិទី២និងភូមិទី៣ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ និងពិនិត្យការបូមទឹកពីទន្លេមេគង្គ និងស្តារប្រឡាយព្រែកគគីរ និងប្រឡាយទួលតាចក់ ដែលឯកឧត្តមឧបនាយករដ្ឋមន្រ្តីកំពុងឧបត្ថម្ភគាំទ្រ ដើម្បីស្រោចស្រពសង្គ្រោះផ្ទៃដីចំការដំណាំនិងបន្លែរបស់ប្រជាពលរដ្ឋសរុបប្រមាណ ២០០ហិកតា។

ក្នុងឱកាសនោះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងការនឹករឭកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខនិងដោះស្រាយរាល់បញ្ហាប្រឈម ក្តីកង្វល់របស់ប្រជាពលរដ្ឋធ្វើយ៉ាងណាឱ្យពួកគាត់មានសេចក្តីសុខសុភមង្គលនិងជីវភាពគ្រួសារកាន់តែប្រសើរឡើង។

ជាមួយនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានណែនាំដល់ប្រជាពលរដ្ឋ ក្រោយពេលទទួលបានទឹកប្រើប្រាស់គ្រប់គ្រាន់ហើយនោះត្រូវចេះបង្កបង្កើនផលដំណាំនិងបន្លែឱ្យបានច្រើនដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារក៏ដូចជាសម្រាប់យកទៅចែកចាយនៅតាមទីផ្សារសំដៅទទួលបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរ។ ដោយសារបច្ចុប្បន្នពិភពលោកក៏ដូចជាប្រទេសកម្ពុជាកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ១៩នោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានជំរុញដល់ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់អ នុវត្តវិធានការអនាម័យឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយត្រូវលាងសម្អាតដៃជាមួយអាល់កុលរឺជែលនិងត្រូវពាក់ម៉ាសជាប្រចាំដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩កុំឱ្យឆ្លងរាលដាលចូលក្នុងសហគមន៍បាន។

ក្នុងថ្ងៃដដែលនោះដែរ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រូចឆ្មារបានបន្តជួបពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋនៅភូមិសំរោង ឃុំក្រូចឆ្មារ និងភូមិទី៦ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ដើម្បីពិនិត្យលទ្ធភាពរក្សាទឹកទុកនៅរដូវទឹកស្រក និង ពិនិត្យការអន្តរាគមន៍បូមទឹកពីព្រែកចាម ចូលក្នុងប្រឡាយប្រវែង៤គីឡូម៉ែត្រ ដែលឯកឧត្តម ឧបនាយករដ្ឋមន្រ្តីកំពុងឧបត្ថម្ភគាំទ្រដើម្បីស្រោចស្រពសង្គ្រោះផ្ទៃដីចំការដំណាំនិងបន្លែរបស់ប្រជាពលរដ្ឋចំនួន ៦ភូមិសរុបប្រមាណ ២០០ហិកតា។

បន្ទាប់មក ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រួមនិងក្រុមការងារក៏បានបន្តជួបសំណេះសំណាលជាមួយប្រជាកសិករនៅភូមិបារាយណ៍ ឃុំឈូកនិងបានចុះពិនិត្យការស្តារប្រឡាយនៅចំណុចអូរឃ្លីវ និងចំណុចបឹងកាដេរ និងការអន្តរាគមន៍បូមទឹកពីបឹងកាដេរដែលបានក្លាយជាអាងស្តុកទឹកធម្មជាតិទំហំជាង ៣០០ហិកតា ក្រោយពេលឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសាងសង់ទំនប់ស្ទាក់ទឹករួច។
បច្ចុប្បន្ន ប្រជាកសិករចំនួន២ភូមិ គឺភូមិបារាយណ៍ និងភូមិក្របីគ្រៀក ឃុំឈូក សរុបជាង ៦០០ខ្នងផ្ទះ ដែលកន្លងមកជួបបញ្ហាខ្វះទឹកស្រោចស្រពដំណាំនិងស្រូវស្កកបាត់ផលរាល់ឆ្នាំ កំពុងរីករាយប្រើប្រាស់ទឹកបឹងកាដេរ បង្កបង្កើនផលនៅលើផ្ទៃដីជាង ១៥០០ហិកតា។
ក្រោយមកឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានអញ្ជើញបន្តជួបប្រជាកសិករនៅភូមិទី១ ទី២ ទី៣ ទី៤ និងទី៥ នៃឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ និងពិនិត្យការអន្តរាគមន៍បូមទឹកពីបឹងធំ ចូលប្រឡាយអូរឈ្លើង និងប្រឡាយបឹងត្រស់ ដើម្បីស្រោចស្រពចំការថ្នាំជក់ និងចំការពោត ប្រមាណជាង២៥០ហិកតាផងដែរ៕
ដោយ ៖ គង់ សិរីរ័ត្ន , ប្រភព ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់





