អគ្គនាយកដ្ឋានគយ និងសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជាប្តេជ្ញាចិត្តថា នឹងបន្តពង្រឹងកិច្ចសហការសម្រួលពាណិជ្ជកម្ម និងកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ -- អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា (JBAC) បានប្តេជ្ញាចិត្តថា នឹងបន្តពង្រឹងកិច្ចសហការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងគោលដៅសម្រួលពាណិជ្ជកម្ម កែលម្អបរិយាកាសធុរកិច្ច និងបន្តដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។ ការលើកឡើងនេះ ក្នុងកិច្ចសន្ទនាលើកទី៤ រវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា (JBAC) ក្នុងគោលបំណងបន្តពិនិត្យដោះស្រាយនូវបញ្ហា និងសំណូមពរមួយចំនួនរបស់វិស័យឯកជនពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយ និងការបំពេញបែបបទគយ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅបន្ទប់ប្រជុំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ឯកឧត្ដមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានមានប្រសាសន៍ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាតែងតែខិតខំរក្សាឱ្យបាននូវតុល្យភាពគ្នារវាងការអនុវត្តច្បាប់ ជាមួយនឹងកិច្ចសម្រួលពាណិជ្ជកម្ម សំដៅធ្វើយ៉ាងណាឱ្យ ធុរជនអាចទទួលបាននូវភាពងាយស្រួលក្នុងប្រតិបត្តិការធុរកិច្ចរបស់ខ្លួន ទន្ទឹមគ្នាដែលរដ្ឋបាលគយអាចគ្រប់គ្រង បាននូវអនុលោមភាពរបស់ធុរជនផងដែរ។ ឯកឧត្ដមបណ្ឌិត គុណ ញឹម បានលើកឡើងថា រដ្ឋបាលគយកម្ពុជា ស្រដៀងគ្នានឹងរដ្ឋបាលគយនៃប្រទេសនានាលើពិភពលោកដែរ បាននិងកំពុងអនុវត្តន៍នូវតួនាទីនិងភារកិច្ចគន្លឹះរបស់ខ្លួនចំនួន ៣ រួមមាន ១. ការងារប្រមូលចំណូលពន្ធអាករគយ ២. ការបង្ការនិងបង្រ្កាបបទល្មើសគយ និង ៣. ការផ្តល់កិច្ចសម្រួលពាណិជ្ជកម្ម តាមការអនុវត្តល្អជាអន្តរជាតិ និងតាមបទប្បញ្ញត្តិជាតិជាធរមាន។ ឯកឧត្ដមបណ្ឌិតក៏បានបង្ហាញអំពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី២ ដែល បច្ចុប្បន្ន ក្រសួង ស្ថាប័នដែលបានចូលរួមអនុវត្តន៍ប្រព័ន្ធបញ្ជរតែមួយជាតិរួមមាន ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វិទ្យាស្ថានជាតិស្តង់ដារ) និងក្រសួងសុខាភិបាល។ ដោយឡែក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពុំទាន់បានចូលរួមអនុវត្តន៍នៅឡើយ។ ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់អំពីវឌ្ឍនភាពថ្មីៗពាក់ព័ន្ធវិធានការកំណែទម្រង់ និងការធ្វើសាមញ្ញកម្មនីតិវិធីគយសំខាន់ៗមួយចំនួនដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានដាក់ចេញ ស្របតាមកម្មវិធីកំណែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះរួមមាន ការសិក្សារយៈពេលបញ្ចេញទំនិញពីគយ, សេចក្តីណែនាំអនុវត្តន៍វិធានការគ្រប់គ្រងការនាំចូលរថយន្តជាប់សិទ្ធិផ្តាច់មុខ ជាលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន, ការកែសម្រួលនីតិវិធីគយ, ការកាត់បន្ថយតម្រូវការឯកសារភ្ជាប់សម្រាប់បំពេញបែបបទគយ, ការ លើកទឹកចិត្តបន្ថែមទៀតដល់ក្រុមហ៊ុនដែលមានអនុលោមភាពខ្ពស់, ការធ្វើបច្ចុប្បន្នភាពកម្មវិធីកាត់បន្ថយពន្ធគយក្នុងក្របខ័ណ្ឌពាណិជ្ជកម្មសេរី FTA និងការផ្សព្វផ្សាយលិខិតបទដ្ឋាន នានាពាក់ព័ន្ធនឹងការងារគយលើគេហទំព័រ, ការកែលម្អមុខងារ E-Payment ។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាននិងកំពុងធ្វើការជាមួយអ្នកជំនាញរបស់ UNCTAD ក្រោមគម្រោងជំនួយរបស់ ARISE Plus ក្នុងការធ្វើវិសិដ្ឋកម្មប្រព័ន្ធអាស៊ីគូដា ទៅជំនាន់ចុងក្រោយ ដើម្បីអាចពង្រីកមុខងារបន្ថែមទៀត ក្នុងនោះ មានមុខងារដែលអាចទទួលយកឯកសារទម្រង់អេឡិចត្រូនិកបាន និងធ្វើការជាមួយ អ្នកជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីរៀបចំគម្រោង Business Process Reengineering ព្រមទាំងសិក្សាលទ្ធភាពធ្វើវិសោធនកម្មច្បាប់និងបទប្បញ្ញត្តិស្តីពីគយ។

លោក KANDA Yogo ប្រធាន JBAC បានលើកឡើងពាក់ព័ន្ធនឹងការអនុវត្តមុខងារដោយស្នើសុំលិខិតអនុញ្ញាតគយតាមប្រព័ន្ធបញ្ជរតែមួយជាតិ លិខិតអនុញ្ញាតដឹកជញ្ជូនឆ្លងកាត់ កាត់បន្ថយឯកសារភ្ជាប់ក្នុងទម្រង់ក្រដាស ការកាត់បន្ថយអត្រាពន្ធគយ និងអាករពិសេសលើមុខទំនិញប្រេងរំអិល ការកកស្ទះនៅមាត់ច្រកព្រំដែនបាវិត មាត់ច្រកព្រំដែនមប៉ោយប៉ែត មាត់ច្រកព្រំដែនព្រៃវល្លិ៍ ការអនុវត្តនីតិវិធីពិសេសនៅតំបន់សេដ្ឋកិច្ចពិសេស ការអនុវត្តគោលការណ៍មកមុន ពិនិត្យមុន “First come, first serve” និង ការរក្សាទុកឯកសារ បញ្ជីគណនេយ្យ កំណត់ត្រា និងព័ត៌មានផ្សេងទៀត ជាដើម។
លោកបានថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានរៀបចំកិច្ចសន្ទនានេះឡើង ដោយអនុវត្តន៍វិធានការអនាម័យ និងរក្សាគម្លាត ស្របតាម វិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ និងបានធ្វើការកត់សម្គាល់ពីវិធានការកែលម្អនានាដែល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានដាក់ចេញ។

ជាមួយគ្នានេះ លោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំនៅប្រទេសកម្ពុជា(JICA) បានជម្រាបអង្គប្រជុំពីគម្រោងជំនួយសំខាន់ៗរបស់ខ្លួននាពេលបច្ចុប្បន្ន ក្នុងនោះរួមមាន ការសិក្សាដើម្បីកាត់បន្ថយការកកស្ទះចរាចរទំនិញ និងអ្នកដំណើរនៅកំណាត់ផ្លូវជាតិលេខ ១ តំបន់មាត់ច្រកបាវិត-ម៉ុកបៃ។ ការបកប្រែបទប្បញ្ញត្តិគយជាភាសាអង់គ្លេស ដើម្បីដាក់ផ្សព្វផ្សាយក្នុងគេហទំព័រគយ និង ការអនុវត្តសាកល្បងប្រព័ន្ធកាមេរ៉ាត្រួតពិនិត្យគយនៅតាមកំពង់ផែ និងច្រកទ្វារព្រំដែន សំខាន់ៗ៕
ដោយ៖ ឡុង ស៊ីវ៉ាន់ ប្រភព៖ អគ្គនាយកដ្ឋានគយ





