រដ្ឋមន្រ្ដីក្រសួងព័ត៌មានចាត់ទុកការសរសេរ ចងក្រងឯកសារជាសៀវភៅស្ដីពី Hun Sen-War & Peace in Cambodia and Southeast Asia គឺជាផ្នែកមួយយ៉ាងធំនិងជាស្នាដៃនិពន្ធរបស់ខ្មែរ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ -- ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានចាត់ទុកការសរសេរ ចងក្រង ឯកសារជាសៀវភៅស្ដីពី "Hun Sen - War & Peace in Cambodia and Southeast Asia” របស់ឯកឧត្តម ឆាយ សុផល គឺជាផ្នែកមួយយ៉ាងធំល្អប្រសើរ ដែលនេះគឺជាស្នាដៃនិពន្ធរបស់ ខ្មែរ បានសរសេរពីប្រវត្តិសាស្រ្តរបស់ខ្មែរ និងប្រវត្តិរបស់សម្តេចតេជោ ហ៊ុន សែន ខណៈមាន បរទេសក៏បានសរសេរប្រវត្តិ និងសៀវភៅខ្លះៗដែរ តែមិនទាន់ចេញនៅឡើយ។ ចំពោះសៀវ ភៅស្តីពីជីវប្រវត្តិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាភាសាអង់គ្លេសដែលមានចំណងជើងថា "Hun Sen - War & Peace in Cambodia and Southeast Asia” ដែលមានន័យជាភាសាខ្មែរថា "ហ៊ុន សែន-សង្គ្រាម និងសន្តិភាព នៅកម្ពុជា និងអាស៊ីអាគ្នេយ៍” ជាស្នាដៃនិពន្ធដោយ ឯកឧត្តម ឆាយ សុផល ជាសាស្រ្ដាចារ្យផ្នែកសារព័ត៌មាន និងជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ត្រូវបានធ្វើពិធីប្រគល់ និងទទួលសៀវភៅ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ជូនដល់ក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ការសរសេរ និងចងក្រងសៀវភៅនេះ ពិតជាមានសារៈសំខាន់ដែលមានខ្មែរជាអ្នកសរសេរ មិនមែនបរទេស ហើយថ្ងៃក្រោយបរទេសចង់សរសេរពីខ្មែរ ពួកគេនឹងយកឯកសារពីខ្មែរ មិនមែនគេសរសេរប្រវត្តិសាស្រ្តរបស់ខ្មែរ ទៅសួរបរទេសនោះទេ។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកពីប្រវត្តិតស៊ូ ការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាអ្នកដឹកនាំប្រទេស តាំងពីនៅគ្រាលំបាក ខ្វះខាតគ្រប់បែបយ៉ាង និងប្រទេសជាតិកំពុងស្ថិតក្នុងសង្គ្រាម រវាងខ្មែរនិងខ្មែរគ្នាឯង។ ទន្ទឹមនេះ ក្នុងកាលៈទេសៈនោះ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានធ្វើការពិចារណាគ្រប់បែបយ៉ាងដោយមិនចង់បញ្ចប់សង្គ្រាម ដោយសង្រ្គាមនោះទេ ដោយបានដាក់ចេញនូវផែនការចរចាជាមួយពួកខ្មែរក្រហម ទោះបីមានការជំទាស់ពី ក្នុងជួររដ្ឋាភិបាលខ្លះៗក្តី។ ប៉ុន្តែសម្តេចតេជោបានដាក់ចេញជានយោបាយ ឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមនៅកម្ពុជា រហូតទទួលបានជោគជ័យ មកដល់ពេលបច្ចុប្បន្ននេះ ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងនូវមតិមួយចំនួនដែលថា សម្តេចតេជោ ហ៊ុន សែន មិនបានរៀនសូត្រជ្រៅជ្រះ រហូតដល់មហាវិទ្យាល័យអ្វីនោះទេ ប៉ុន្តែនេះ ជាការគិតខុស ទាំងស្រុង អ្វីដែលសំខាន់សម្តេចតេជោមានបទពិសោធន៍ និងការគិតពិចារណាបានល្អ វែងឆ្ងាយទៅមុខ ហើយទទួលលទ្ធផលជោគជ័យ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាពិតជាមានសំណាង ដែលមានសម្តេចតេជោ ហ៊ុន សែន បើសិនជាគ្មានមនុស្សម្នាក់នេះទេ មិនដឹងប្រទេសកម្ពុជា រហូតមកដល់ពេលនេះ ទៅជាយ៉ាងណានោះទេ។

បើតាមការបញ្ជាក់របស់ ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកសរសេរសៀវភៅស្ដីពី "Hun Sen - War & Peace in Cambodia and Southeast Asia” បានគូសបញ្ជាក់ថា សៀវភៅនេះបានបង្ហាញពីព្រឹត្តិការណ៍នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧០ មក រហូតដល់ឆ្នាំ២០២០ ដែលប្រទេសកម្ពុជាឆ្លងកាត់គ្រប់រសជាតិ ពិសេសខណៈពេលដែលមហាអំណាចបស្ចិមប្រទេស និងអាស៊ី កំពុងប្រកួតប្រជែងគ្នា ទាំងសព្វាវុធ បច្ចេកវិទ្យា សេដ្ឋកិច្ច ពាណិជ្ជកម្ម មនោគមន៍វិទ្យា និងភូមិសាស្ត្រនយោបាយ។ ឯកឧត្ដមបានបន្ដថា ជាការពិតណាស់ ប្រជាជនកម្ពុជា រួមទាំងបរទេសផងបានស្គាល់ សម្តេចតេជោ ហ៊ុន សែន ជានរណា ប៉ុន្តែពួកគាត់ទំនងជាមិនបានដឹងពីបញ្ហាប្រទាក់ក្រឡាគ្នាជាច្រើនដែលប្រទេស កម្ពុជាបានឆ្លងកាត់កលយុគ្គ បង្ហូរឈាមកាប់សម្លាប់គ្នាក្នុងភ្លើងសង្គ្រាម រួមទាំងប្រល័យពូជសាសន៍ឯង រហូតដល់ប្រទេសមានសន្តិភាព រហូតមកដល់ពេលនេះ។ ឯកឧត្តមបានបន្ថែមថា បើទោះជាសៀវភៅនេះបានលើកយកសម្តេចតេជោ ហ៊ុន សែន ជាតួអង្គ ដែលក្នុងសៀវភៅបានរៀបរាប់ពីព្រឹត្តិការណ៍នយោបាយយោធា និងសង្គមផ្ទៃក្នុងប្រទេសកម្ពុជា រួមនឹងកិច្ចការបរទេសដែលពាក់ព័ន្ធនឹងកម្ពុជាផងដែរ។ ជាមួយគ្នានេះដែរ បើគិតមកដល់ពេលនេះ ឯកឧត្តម ឆាយ សុផល បានសរសេរសៀវភៅជាង ១០ក្បាលហើយ ដោយរួមមានទាំងភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន។

សូមបញ្ជាក់ផងដែរថា សៀវភៅ “Hun Sen - War & Peace in Cambodia and Southeast Asia” បានបោះពុម្ពចំនួនមួយម៉ឺនច្បាប់ ដែលចំណាយថវិកាជាង៧ ម៉ឺនដុល្លារអាម៉េរិក និងមានដាក់លក់នៅតាមបណ្ណាគារធំៗ ក្នុងរាជធានីភ្នំពេញ ពិសេសនៅអាកាសយានដ្ឋានអន្តរជាតិ និងចែកជូនមន្ត្រីការទូតខ្មែរ និងបរទេសផងដែរ។ សៀវភៅនេះ ក៏បានប្រគល់ជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានចំនួន ១០០ ច្បាប់ ដោយក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តល់ជូនទៅគ្រប់អគ្គនាយកដ្ឋានទាំង៥ ដោយក្នុង១អគ្គនាយកដ្ឋានទទួលបានសៀវភៅ ៣ ច្បាប់ ជូនដល់បណ្តាមន្ទីរព័ត៌មាន ២៥ ខេត្ត ក្រុង ក្នុង ១ ខេត្ត ក្រុង ទទួលបាន២ ច្បាប់ ហើយនៅសល់ដាក់ក្នុងបណ្ណាល័យក្រសួងព័ត៌មាន៕
ដោយ៖ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា





