នៅក្នុងបរិបទកូវីដ១៩នេះ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ជាផ្នែកមួយដ៏សំខាន់ជួយធ្វើឱ្យវិស័យពាណិជ្ជកម្ម និងកសិកម្មក្នុងខេត្ត នៅតែមានដំណើរការល្អ
AKP សៀមរាប ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ -- ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការ ការិយាល័យសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យនៅទីតាំងថ្មី នាព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ថា សភាពាណិជ្ជកម្មមណ្ឌល ខេត្ត សៀមរាប និងខេត្តឧត្តរមានជ័យកន្លងមកនេះ បានធ្វើការសម្របសម្រួលដល់វិស័យពាណិជ្ជ កម្ម សេវាកម្ម កសិកម្ម ឧស្សាហកម្ម និងសិប្បកម្ម ជាពិសេសបានធ្វើឱ្យវិស័យឯកជនចូលរួម យ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត និងបានទាក់ទាញអ្នកវិនិយោគទុនជា ច្រើនមកបណ្តាក់ទុន នៅក្នុងខេត្តទាំងពីរ ដែលប្រការនេះ គឺពិតជាបានជំរុញ ដល់កំណើនសេដ្ឋកិច្ចរបស់ ខេត្តទាំងពីរឱ្យបានកាន់តែប្រសើរថែមទៀត។

ឯកឧត្តមបានបន្តថា ឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបាន និងកំពុងតែរាតត្បាតនៅទូទាំងពិភពលោកអាជ្ញាធរខេត្តសៀមរាប បានធ្វើការជំរុញផលិតកម្ម ដំណាំស្រូវ និងបន្លែនៅតាមទីតាំង និងតំបន់ដែលមានសក្តានុពល និងពង្រីកការគាំទ្រផ្នែក ហេដ្ឋារចនាសម្ព័ន្ធ ថែមទាំងមានការជំរុញនូវផលិតកម្មសត្វ ដែលបានផលក្នុងរយៈពេលខ្លី ដោយផ្តល់នូវពូជ ចំណី និងវ៉ាក់សាំង ព្រមទាំងបច្ចេកទេសនៃការចិញ្ចឹម ជាពិសេសបាន ជំរុញនូវផ្នែកវារីវប្បកម្ម ដែលឆាប់ទទួលបានផល ដោយធ្វើការគាំទ្រផ្តល់ពូជត្រី និងចំណី ព្រមទាំង បច្ចេកទេសនៃការចិញ្ចឹមផងដែរ។

ទន្ទឹមនឹងនេះខេត្តសៀមរាប ក៏កំពុងតែមមាញឹកក្នុងការសាងសង់ហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែ និងកែលម្អ មាត់ស្ទឹងសៀមរាប ក្នុងក្រុងសៀមរាបនេះ ហើយនៅពេលហេដ្ឋារចនាសម្ព័ន្ធទាំងនេះស្ថាបនារួចរាល់ និងជួយលើកកម្ពស់សោភណភាព ក្រុងសៀមរាបខេត្តសៀមរាប ពិសេសបានរួមចំណែកយ៉ាងខ្លាំងដល់សក្តានុពលទេសចរណ៍ និងអាជីវកម្ម វិនិយោគក្នុងខេត្តសៀមរាប ឱ្យកាន់តែល្អប្រសើរថែមទៀត សម្រាប់ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងខេត្តសៀមរាបទាំងមូល។

ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប ឧត្តរមានជ័យ មានប្រសាសន៍ថា នៅក្នុងអំឡុងឆ្នាំ២០១៩-២០២០ ទោះបីស្ថិតក្នុងបរិបទនៃការរីករាល កូវីដ១៩ក៏ពិតមែន ប៉ុន្តែសភាពាណិជ្ជកម្មខេត្ត បានចូលរួមយ៉ាងសកម្មភាពក្នុងការសម្រប សម្រួលដល់វិស័យពាណិជ្ជកម្ម សេវាកម្ម កសិកម្ម ឧស្សាហកម្ម និងសិប្បកម្ម ជាពិសេសបាន ធ្វើឱ្យវិស័យឯកជន។ សង្ឃឹមថា ក្រោយវិបត្តិកូវីដ-១៩ នឹងបន្តរួមគ្នាបំពេញ ការងារសកម្មភាព លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មបានងាយស្រួលជាងមុន បង្កើន ប្រភពចំណូល ដើម្បីឱ្យ សេដ្ឋកិច្ចខេត្តសៀមរាបមានភាពរស់រវើឡើងវិញ ហើយសភាពាណិជ្ជ កម្ម ខេត្តក៏នឹងខិតខំ បំពេញការងារបន្ថែមទៀត តាមរយៈជួយលើក ស្ទួយវិស័យឯកជនក្នុងការធ្វើទំនាក់ទំនង ជាមួយក្រសួងសភាពាណិជ្ជកម្មកម្ពុជា សមាគម អង្គការដៃគូនានាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត។
ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានបញ្ជាក់ថា សម្រាប់ទីតាំងថ្មីការិយាល័យ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យនេះ គឺស្ថិតនៅតាមបណ្តោយផ្លូវ ក្រវ៉ាត់ក្រុង ភូមិខ្នារ សង្កាត់ ជ្រាវ ក្រុងសៀមរាប ហើយសម្រាប់ពាណិជ្ជករ អាជីវករ ជាតិនិងអន្តរជាតិដែលមានបំណងចង់ទំនាក់ទំនងធ្វើការវិនិយោគ និងធ្វើពាណិជ្ជកម្មអាចមក ទំនាក់ទំនងនៅទីនោះបាន៕
ដោយ ឃុត សៅ





