មន្ត្រីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបទំនិញក្លែងក្លាយ ខេត្តតាកែវ ចុះត្រួតពិនិត្យទំនិញនៅផ្សារត្រាំខ្នា ស្រុកបាទី ខេត្តតាកែវ
AKP តាកែវ ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១ -- លោក លី សេរីសម្បត្តិ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបទំនិញក្លែងក្លាយ (កបប) ខេត្តតាកែវ រួមជាមួយមន្ត្រីជំនាញ សហការជាមួយមន្ទីរ ពាណិជ្ជកម្មខេត្តតាកែវ អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ច កាលពីថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យ មុខទំនិញជាគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងបានអប់រំ ផ្សព្វផ្សាយអំពី សុវត្ថិភាព ចំណី អាហារដល់អាជីវករ និងប្រជាពលរដ្ឋ នៅផ្សារត្រាំខ្នា ដែលស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។
លោក លី សេរីសម្បត្តិ មានប្រសាសន៍ថា ក្រោយពីមន្ត្រីជំនាញ បានចុះត្រួតពិនិត្យ និងធ្វើតេស្តបឋមទៅលើចំណីអាហារ គ្រឿងសមុទ្រ បន្លែ និងទំនិញជាគ្រឿង កំប៉ុងជា ច្រើនមុខ ក្នុងនោះយើងបានរកឃើញវត្តមានសារធាតុគីមី បូរ៉ាក់នៅក្នុងងៀតបបែលមួយចំនួន ទំនិញជាប្រភេទភេសជ្ជៈ គ្រឿងកំប៉ុងម៉ាក AD និងសាច់ផាត់ហួសកាលបរិច្ឆេទប្រើប្រាស់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់។ ចំណែកឯសារធាតុគីមីបូរ៉ាក់នេះ មានផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សុខភាពបងប្អូនប្រជាពលរដ្ឋណា ដែលបរិភោគចំណីអាហារ មានផ្ទុកសារធាតុគីមីមួយនេះ គឺបង្កឱ្យមានបញ្ហាតម្រងនោម ឈឺក្បាល រមាស់ស្បែក និង រលាកប្រព័ន្ធរំលាយអាហារ ដូចជាក្រពះ ពោះវៀន ថ្លើម។ ចំពោះមនុស្សធំពេញវ័យ លាយ សារធាតុគីមីបូរ៉ាក់ក្នុងចំណីចាប់ពីកម្រិត៧ក្រាម ទៅ៣៥ក្រាម បណ្តាលឱ្យស្លាប់សម្រាប់ មនុស្សចាស់ ១៥ក្រាម និងកុមារ៥ក្រាម អាចបង្កឱ្យក្អួតធ្លាក់ឈាមដល់ស្លាប់បាន។
លោក លី សេរីសម្បត្តិ បានមានប្រសាសន៍បន្តថា ក្រៅពីបានធ្វើតេស្តលើចំណីអាហារ បន្លែ ផ្លែឈើ ខាងលើមន្ត្រីជំនាញ ក៏បានពិនិត្យផងដែរ ទៅលើគ្រឿងកំប៉ុង ដើម្បីពិនិត្យមើល កំប៉ុងណាដែលហួសកាលបរិច្ឆេទ ប្រើប្រាស់ឬមួយសភាពចាស់ច្រែះ។ ជាពិសេសមន្ត្រីជំនាញ យើងក៏បានធ្វើការណែនាំទៅដល់ក្រុមអាជីវករ ឱ្យរៀបចំទុកដាក់របស់លក់ដូរ ធ្វើយ៉ាងម៉េច លក់ឱ្យមានស្តង់ដារ បច្ចេកទេសត្រឹមត្រូវ ចៀសវាងដាក់លក់ត្រូវថ្ងៃ ដែលធ្វើឱ្យទំនិញនោះ ឆាប់ខូចគុណភាព ហើយគ្រឿងកំប៉ុងណាមានសភាពមិនល្អ ឬហួសកាលបរិច្ឆេទ ប្រើប្រាស់ សូមកុំដាក់លក់ជូនអតិថិជន ត្រូវយកទុកដាច់ដោយឡែកពីគ្នា ឬយកទៅបំផ្លាញចោល ដោយខ្លួនឯង។
លោកបន្តទៀតថា មន្ត្រីជំនាញក៏បានចុះបិទផូស្ទ័រ និងចែកផូស្ទ័រជូនបងប្អូន ប្រជាពលរដ្ឋ រួមនឹងអាជីវករ ដើម្បីឱ្យពួកគាត់បានយល់ដឹងកាន់តែច្រើនថែមទៀត ពីសុវត្ថិភាពចំណីអាហារនេះ។ ព្រោះនៅក្នុងផូស្ទ័រនេះដែរ មានរូបភាពជាច្រើន ដែលបង្ហាញ ពីអាហារណាគួរយកមកបរិភោគ ឬមិនគួរយកមកបរិភោគ គ្រឿងកំប៉ុងណាគួរទិញ ឬមិនគួរទិញ និងពីរបៀបទុកដាក់លក់របស់អាជីវករ។
ក្នុងនាមមន្ត្រីជំនាញ ក៏សូមអំពាវនាវ ទៅដល់បងប្អូនប្រជាពលរដ្ឋ សូមទិញទំនិញ និង ចំណីអាហារណាដែលមានសុវត្ថិភាពខ្ពស់ មានស្តង់ដារអនាម័យត្រឹមត្រូវ ដើម្បីចូលរួមលើក កម្ពស់ សុខុមាលភាពសាធារណៈ៕
ដោយ អ៊ុច សៀង





