ស្ថានទូតអូស្ត្រាលី នាំយកនូវសម្ភារការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជូនដល់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១--នៅថ្ងៃ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រវនឹងថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី និងឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក និងជានាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចុះសួរសុខទុក្ខដោយបាននាំយកនូវសម្ភារមួយចំនួន ផ្ដល់ជូនដល់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង សម្រាប់ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ដើម្បីចែកជូនដល់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពក្នុងខេត្តកំពង់ឆ្នាំង។

ឯកឧត្តមអគ្គរដ្ឋទូត បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាបានការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩បានយ៉ាងល្អប្រសើរ ហើយយើងត្រូវតែខិតខំបន្តការប្រុងប្រយ័ត្ននេះតទៅទៀត ។ ក្នុងនាមជាប្រទេសជិតខាងនិងជាមិត្តជិតស្និទ្ធ ប្រទេសអូស្ត្រាលីបន្តយកចិត្តទុកដាក់ជួយគាំទ្រដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ និងកំពុងខិតខំប្រឹងប្រែងជួយកម្ពុជាឱ្យទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩តាមរយៈថវិកាជំនួយឥតសំណងចំនួន ៥០០លានដុល្លារអូស្ត្រាលី ដើម្បីទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ដ៏មានប្រសិទ្ធភាព និងសុវត្ថិភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងអាស៊ីអាគ្នេយ៍ ។ គម្រោងមួយទៀតមានថវិកាចំនួន ៨០លានដុល្លារអូស្ត្រាលីសម្រាប់កម្មវិធីប្រទេសកំពុងអភិវឌ្ឍន៍ដែលក្នុងនោះមានកម្ពុជាផងដែរ ។

ឯកឧត្តមសាស្ត្រាចារ្យ លី ម៉េង បានថ្លែងថា សម្ភារទាំងនេះបាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា។ ជាពិសេសជួយសម្រួលដល់គ្រូពេទ្យក្នុងការផ្ដល់សេវាសុខភាពភ្នែកជូនដល់ប្រជាពលរដ្ឋដោយមានទំនុកចិត្ត ។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលមានបញ្ហាភ្នែករួសរាន់មកទទួលសេវាពិនិត្យ និងព្យាបាលភ្នែកនៅមណ្ឌលសុខភាព ឬនៅមន្ទីរពេទ្យដែលនៅជិតលោកអ្នករស់នៅឱ្យបានទៀងទាត់ ។

ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានទូតអូស្ត្រាលី និង ឯកឧត្តមសាស្ត្រាចារ្យ លី ម៉េង ដែលបានយកចិត្តទុកដាក់ ពាំនាំនូវជំនួយដ៏មានសារៈសំខាន់នៅថ្ងៃនេះជូនមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដើម្បីឱ្យប្រជាពល រដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង បានប្រើប្រាស់ក្នុងការទប់ស្កាត់ និងការពារការរីករាលដាលជំងឺកូវីដ-១៩។

ឯកឧត្តមអភិបាលរងខេត្ត ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់មន្ត្រីសុខាភិបាល មន្ត្រីនៃមន្ទីរពេទ្យ និងមណ្ឌលសុខភាពខេត្តកំពង់ឆ្នាំងទាំងអស់ដែលបានរួមគ្នាប្រយុទ្ធប្រឆាំងនិងការពារព្យាបាលជំងឺបានយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងមក ដោយមិនឱ្យមានអ្នកជំងឺម្នាក់ណាស្លាប់ឡើយ ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងខេត្ត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ លី ម៉េង និងក្រុមការងារនៃក្រសួងសុខាភិបាល បានធ្វើពិធីផ្ដល់សម្ភារដល់មន្ទីរពេទ្យសុខភាពខេត្ត ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈមូលនិធិហ្វេតហ្វូឡូ រួមមាន៖ម៉ាសចំនួន៤៦.១០០ម៉ាស, អាល់កុលចំនួន ១.៥៦០លីត្រ, ឧបករណ៍វាស់កម្ដៅចំនួន ៥៤គ្រឿង, សាប៊ូលាងដៃចំនួន ៥០៥ដប, ស្រោមដៃចំនួន ១៥.៧០០, របាំង មុខចំនួន ៤០២សន្លឹក។ ក្រៅពីនេះរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងកម្មវិធីជាតិសុខភាពភ្នែក និងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ និងបានរៀបចំសម្ភារបន្ថែមមួយចំនូនជូនដល់មន្ទីរពេទ្យ និងមន្ទីរសុខាភិបាលខេត្តផងដែរ៕
ដោយ បៃ ស៊ីថុន





