រដ្ឋបាលខេត្តបាត់ដំបង ដុតកម្ទេចទំនិញខូចគុណភាពចម្រុះជិត ២តោន
AKP បាត់ដំបង ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១--នៅរសៀលថ្ងៃ១៥រោច ខែបុស្ស ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ លោក អ៊ុយ សុធាវី អភិបាលរងខេត្ត តំណាងឱ្យរដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងការដុតកម្ទេចទំនិញខូចគុណភាព ចម្រុះជិត ២តោន ដោយមានការអញ្ជើញចូលរួមពីលោក ហាក់ សុខរិន ប្រធានការពារអ្នកប្រើប្រាស់ កិច្ចការពារប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបាត់ដំបង។

លោក ហាក់ សុខរិន បានឱ្យដឹងថា ទំនិញទាំងអស់នេះគឺត្រូវបានភ្នាក់ងារសមត្ថកិច្ចសាខារបស់លោក ធ្វើការដកហូតបាន កាលពីឆ្នាំ២០២០កន្លងទៅនេះ សរុបទម្ងន់ចំនួន ១.៨១០គីឡូក្រាម ។ ទំនិញដែលខូចគុណភាពទាំងនោះរួមមាន៖ ភេសជ្ជៈគ្រឿងកំប៉ុង និងដប ស្រា អាហារងៀត នំ និងអាហារកំប៉ុងជាដើម។

ក្នុងឱកាសនោះ លោក អ៊ុយ សុធាវី អភិបាលរងខេត្ត បានអំពាវនាវដល់អ្នកលក់ដូរទំនិញនិងអ្នកទិញទំនិញវេចខ្ចប់ ភេសជ្ជៈគ្រឿងកំប៉ុង យកទៅប្រើប្រាស់ ឬ ក៏ហូបចុកត្រូវពិនិត្យពីសុពលភាព គុណភាពទំនិញទាំងនោះជាមុនសិន ចៀសវាងបង្កការប៉ះពាល់ដល់សុខភាពផងដែរ៕
ដោយ ណយ នឿន (ប្រភព: រដ្ឋបាលខេត្តបាត់ដំបង)





