រដ្ឋមន្ត្រីក្រសួងរ៉ែព្រមានលុបអាជ្ញាប័ណ្ណក្រុមហ៊ុន រង់ ឈីង អ៊ិនដាសស្រ្ទៀល អ៊ិនវេសមេន បើមិនមានសកម្មភាពប្រតិបត្ដិការចម្រាញ់រ៉ែមាសត្រឹមដំណាច់ឆ្នាំ២០២១នោះទេ
AKP មណ្ឌលគិរី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ -- ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានព្រមានដល់ក្រុមហ៊ុនរ៉ែមាស រង់ ឈីង អ៊ិនដាសស្រ្ទៀល អ៊ិនវេសមេន(ខេមបូឌា)ខូអិលធីឌី ដែលកំពុងតែធ្វើអាជីវកម្មនៅក្នុងខេត្ដមណ្ឌលគិរីដោយអះអាងថា គិតត្រឹមដំណាច់ឆ្នាំ ២០២១នេះ បើក្រុមហ៊ុនមិនមានសកម្មភាពប្រតិបត្តិការចម្រាញ់រ៉ែមាស ក្រសួងនឹងលុបអាជ្ញាប័ណ្ណក្រុមហ៊ុន ហើយនឹងដាក់ដេញថ្លៃបន្តឱ្យក្រុមហ៊ុនថ្មីចូលធ្វើជំនួស ខណៈក្រុមហ៊ុនមិនមានសង្វាក់ផលិតកម្មក្រោយពីទទួលបានអាជ្ញាប័ណ្ណជាច្រើនឆ្នាំនាពេលកន្លងមក។ ការព្រមាននេះ បានធ្វើឡើង ក្នុងឱកាសចុះទស្សនកិច្ច និងត្រួតពិនិត្យទីតាំងក្រុមហ៊ុនរ៉ែមាស រង់ ឈីង អ៊ិនដាសស្រ្ទៀល អ៊ិនវេសមេន(ខេមបូឌា)ខូអិលធីឌី កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្ដមណ្ឌលគិរី។

ឯកឧត្ដម ស៊ុយ សែម បានគូសបញ្ជាក់ថា ក្រោយពីក្រសួង រ៉ែនឹងថាមពល បានសម្រេចអនុញ្ញាតផ្ដល់អាជ្ញាប័ណ្ណធ្វើអាជីវកម្ម រ៉ែមាស ដល់ក្រុមហ៊ុននេះអស់រយៈពេល ១០ឆ្នាំ ទៅហើយ ប៉ុន្តែក្រុមហ៊ុន នៅតែមិនមានដំណើរការអាជីវកម្មរ៉ែមាស។ ដូច្នេះ បើនៅតែបន្តអាជ្ញាប័ណ្ណ នាំតែខាតពេលវេលានោះទេ។ ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ដថា ក្រសួងសម្រេច បន្តអាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនបន្ដទៀត ប៉ុន្តែត្រូវមានលក្ខខណ្ឌ ធ្វើប្រតិបត្តិការអាជីវកម្ម ដោយចាប់ផ្ដើមពីពេលនេះតទៅ បើនៅក្នុងអំឡុងចុងឆ្នាំ២០២១នេះ មិនមានការផលិត មាសតាមការគ្រោងទុក ក្រសួងនឹងដកយកអាជ្ញាប័ណ្ណមកវិញ ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពលនេះ តំណាងក្រុមហ៊ុន រង់ ឈិន បានបញ្ជាក់ដែរថា ក្រុមហ៊ុនរបស់ខ្លួន គឺបានផ្ទេរទីតាំងក្រុមហ៊ុននេះ ពីក្រុមហ៊ុនចាស់ដែលជាម្ចាស់អាជ្ញាប័ណ្ណ ហើយទើបធ្វើឱ្យសង្វាក់ផលិតកម្ម មានភាពរអាក់រអួល។ លើសពីនេះទៀត ក្រោយពីក្រុមហ៊ុន ទទួលការងារបន្តពីម្ចាស់ដើម អាជ្ញាប័ណ្ណ នៅសល់រយៈពេលខ្លី ហើយត្រូវជួបប្រទះបញ្ហាកូវីដ១៩ ដែលបានបណ្ដាលឱ្យ ក្រុមអ្នកជំនាញ នៅប្រទេសចិន មិនអាចធ្វើដំណើរមកបំពេញការងារឱ្យក្រុមហ៊ុនបាន។

ឯកឧត្តម ស៊ុយ សែម ក៏បានដាក់ចេញនូវដំណោះស្រាយដល់ក្រុមហ៊ុន ដើម្បីមានភាពងាយស្រួលក្នុងការយកអ្នកបច្ចេកទេសពីប្រទេសចិនមកបំពេញការងារ និងសម្រេចបន្តសុពលភាពអាជ្ញាប័ណ្ណដល់ក្រុមហ៊ុន ដើម្បីឱ្យក្រុមហ៊ុនអាចសាកល្បងអាជីវកម្មរបស់ខ្លួនបាន៕
ដោយ រិទ្ធី ប្រភព៖ មន្ទីរព័ត៌មានខេត្ដមណ្ឌលគិរី





