ប្រជាពលរដ្ឋ ១៦.៥៤៨នាក់ នៅស្រុកបវេល ទទួលនូវអំណោយពីអង្គការមូលនិធិសប្បុរសធម៌ឆឺជី
AKP បាត់ដំបង ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១--នៅថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយលោកប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយដល់គ្រួសារក្រីក្រចំនួន ១៦.៥៤៨នាក់ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងទៅថ្មីៗនេះ នៅក្នុងស្រុកបវេល ខេត្តបាត់ដំបង ។

នៅក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា ស្រុកបវេលនេះជាស្រុកមួយដែលទទួលរងនូវផលប៉ះពាល់ធ្ងន់ជាងគេ ដោយសារតែទឹកជំនន់មកពីខេត្តប៉ៃលិនផង និងស្រុកជាប់ព្រំដែនទាំង៣គឺស្រុកសំពៅលូន កំរៀង និងស្រុកភ្នំព្រឹក ជាដើម បង្កឱ្យមានការខូចខាតដំណាំប្រជាពលរដ្ឋ និងផ្ទះសម្បែងមួយចំនួនទៀតបានធ្វើឱ្យប្រជាពលរដ្ឋអាក់ខាននូវការប្រកបអាជីវកម្មទៀតផង ។ ឯកឧត្តមបានបន្តទៀតថា កន្លងមកសម្ដេចតេជោហ៊ុន សែន និងសម្ដេចក្រឡាហោម ស ខេង សម្ដេចតែងតែគិតគូរប្រជាពលរដ្ឋជាប់ជានិច្ច ក្នុងអំឡុងពេលដែលប្រជាពលរដ្ឋជួបនូវគ្រោះធម្មជាតិនេះ ។ តាមរយៈក្រុមការងារចុះជួយស្រុកបវេល ក៏បានធ្វើការរៀបចំចែកជូនជាអំណោយសង្រ្គោះបឋមជាបន្តបន្ទាប់រួចមកហើយដែរ ដើម្បីបំពេញសេចក្ដីត្រូវការបានមួយរយៈពេលដែលប្រជាពលរដ្ឋរងគ្រោះ និងជម្លៀសខ្លួនចេញពីផ្ទះសម្បែង ។

ឯកឧត្តម បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់អង្គការមូលនិធិសប្បុរសធម៌ឆឺជី ដែលបានរៀបចំការចែកជូនជាអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់កន្លងមក ដែលនេះបានបង្ហាញពីការស្រឡាញ់គ្នាទៅវិញទៅមក មិនប្រកាន់ការរើសអើងពូជសាសន៍ ពណ៌សម្បុរភេទអ្វីឡើយ គឺជួយគ្នាដោយចិត្តនឹងចិត្តក្នុងនាមជាមនុស្សធម៌ ជាមនុស្សដែលរស់នៅក្នុងសកលលោករួមគ្នាផងដែរ ។ ឯកឧត្តម បានមានប្រសាសន៍ស្ដីពីការរីកចម្រើននៃស្រុកបវេល ដែលពីមុនស្រុកបវេលធ្លាប់ជាស្រុកដែលនៅជាយឆ្ងាយជាងគេ មិនសូវមានការអភិវឌ្ឍច្រើន តែថ្ងៃនេះសង្កេតឃើញថាស្រុកបវេលជាស្រុកមានសក្ដានុពលពាណិជ្ជកម្មដ៏ធំមួយផងដែរក្នុងខេត្ត។ ដោយសារតែមានសន្ដិភាពពេញលេញ ធ្វើឱ្យស្រុកមួយនេះមានជាទីប្រជុំជន ផ្សារ និងជាពិសេសចាប់ផ្ដើមកកើតឡើងនូវសំណង់ផ្ទះល្វែងជាបន្តបន្ទាប់ និងបង្កើតការងារប្រជាពលរដ្ឋជិត៤០០នាក់ក្នុងមួយថ្ងៃ ហើយប្រជាពលរដ្ឋក៏ចាប់ផ្ដើមដាំដំណាំបែបចម្រុះ ដោយមិនធ្វើការដាំដំណាំស្រូវតែមួយមុខដូចមុនឡើយ គឺដាំបន្លែបង្ការនានា ដើម្បីយកទៅលក់នៅឯទីផ្សារបង្កើនប្រាក់ចំណូលបន្ថែមទៀត ។

ឯកឧត្តម ងួន រតនៈ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋបន្តធ្វើការប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសការរក្សាអនាម័យក្នុងសម័យកាលនៃជំងឺកូវីដ-១៩នេះ ដោយត្រូវធ្វើយ៉ាងណាចូលរួមទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍ និងអំពាវនាវដល់ពលករចំណាកស្រុកនៅក្រៅប្រទេស ជាពិសេសនៅពេលប្រជាពលករចំណាកស្រុកបានត្រឡប់មកវិញហើយ សូមធ្វើតាមការណែនាំរបស់អាជ្ញាធរក្នុងការធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅទីកន្លែងដែលអាជ្ញាធរបានរៀបចំទុក ហើយសូមកុំឱ្យមានការខឹងសម្បារនឹងអាជ្ញាធរ ព្រោះដើម្បីឱ្យប្រទេសនេះគ្មានការរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩នេះទេ ទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋទើបយើងជោគជ័យក្នុងការទប់ស្កាត់ជំងឺនេះបាន ៕
ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តបាត់ដំបង )





