អភិបាលខេត្តកំពត ជំរុញដល់អាជ្ញាធរ និងប្រជាពលរដ្ឋឱ្យបន្តការយកចិត្តទុកដាក់ ការបង្កបង្កើនផលជាលក្ខណៈគ្រួសារឱ្យបានច្រើន
AKP កំពត ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ -- បើទោះបីកម្ពុជាយើង ការប្រមូលផលស្រូវឆ្នាំនេះមានលក្ខណៈល្អប្រសើរ ហើយអាច សល់នាំចេញលក់ក្រៅប្រទេសមានតម្លៃសមរម្យបែបនេះក្តី អភិបាលខេត្តកំពត នៅតែជំរុញ ដល់អាជ្ញាធរ និងប្រជាពលរដ្ឋឱ្យបន្តការខិតខំយកចិត្តទុកដាក់ការងារ បង្កបង្កើនផលដាំដុះ និងចិញ្ចឹមសត្វតាមគ្រួសារនីមួយៗឱ្យបានកាន់តែសម្បូរបែបថែមទៀត ដើម្បីបង្កើនជីវភាព គ្រួសារបានកាន់តែធូរធារ។

ការជំរុញលើកទឹកចិត្តដល់អាជ្ញាធរ និងប្រជាពលរដ្ឋដូចនេះនៅក្នុងឱកាសនៃពិធី ចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារប្រជាពលរដ្ឋ ងាយរងគ្រោះ ចំនួន១០០គ្រួសារ នៅក្នុងស្រុកកំពង់ត្រាច និងស្រុកដងទង់ ខេត្តកំពត កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅសាលាវិទ្យាល័យបិតាជាតិ ស្រុកកំពង់ត្រាចខេត្តកំពត។
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តកំពត បានមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាយើងភាគច្រើន ពឹងផ្អែកលើវិស័យកសិកម្ម គឺការដាំដុះនិងចិញ្ចឹមសត្វទ្រង់ទ្រាយធំឬតូច តាមលក្ខណៈគ្រួសារ ស្របទៅនឹងអ្វីដែលជាគោលនយោបាយជំរុញលើកទឹកចិត្តក្នុងវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលក៏ដូចជាផែនការកម្មវិធីរបស់ក្រសួងកសិកម្ម ដើម្បីធ្វើយ៉ាងណាធានាបាននូវ សន្តិសុខស្បៀងផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យបានកាន់តែល្អប្រសើរ ឡើងថែមទៀត។ ជាក់ស្ដែងស្ថិត ក្នុងស្ថានភាព អន្តរកាលនៃវិបត្តិជំងឺកូវីត១៩ ដែលធ្វើឱ្យសេដ្ឋកិច្ច ទូទាំងសកលលោកមានផលប៉ះពាល់ធ្ងន់ធ្ងរ តែកម្ពុជាយើង តាមរយៈការជំរុញ លើកទឹកចិត្តការដាំដុះដំណាំនិងចិញ្ចឹមសត្វនេះ គឺកម្ពុជាយើងនៅមិនទាន់មាន ប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយខ្វះស្បៀងអាហារឡើយ។

ចំពោះអំណោយដែលបានផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ គឺគ្រាន់តែជា ការរួមចំណែករំលែកការលំបាកខ្វះខាតរបស់បងប្អូនបានមួយរយៈខ្លីប៉ុណ្ណោះ បញ្ហា សំខាន់សូមបងប្អូនត្រូវបន្តយកចិត្តទុកដាក់ដាំដុះចិញ្ចឹមសត្វរួមផ្សំ ដើម្បីធានា និងបង្កើនជីវភាពគ្រួសារឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។
ជាមួយឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បាន នាំមកការផ្តាំផ្ញើសួរសុខទុក្ខ របស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋ និងបានអំពាវនាវ លើកទឹកចិត្ត ឱ្យពលរដ្ឋគ្រប់រូបបន្តអនុវត្តវិធានអនាម័យរស់នៅស្អាត ផឹកស្អាត ហូបស្អាត ឱ្យបានជាប្រចាំ ពិសេសទៀតនោះគឺការអនុវត្តវិធានសុវត្ថិភាពសង្គម ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ កុំឱ្យឆ្លងចូលដល់ក្នុងសហគមន៍ខេត្តកំពត ហើយបើមិនមានការ ចាំបាច់សូមកុំចូលរួមក្នុងកម្មវិធីផ្សេងៗដែលមានមនុស្សម្នាច្រើនព្រោះជំងឺនេះនៅមិនទាន់ផុតរលត់ពីសកលលោកនៅឡើយទេ។

សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះទាំង១០០ គ្រួសារ ដែលក្នុងនោះមកពីស្រុកកំពង់ត្រាច៥០គ្រួសារ និងស្រុកដងទង់៥០គ្រួសារ ដោយ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ស្ករស១គីឡូក្រាម និងថវិកាមួយចំនួនទៀត៕
ដោយ ប្រាក់ លាង





