អភិបាលខេត្តសៀមរាប ជំរុញឱ្យសិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រតាម គន្លងជីវិតថ្មីក្នុងវិស័យអប់រំ ក្នុងបរិបទកូវីដ១៩ ជាពិសេសត្រូវខិតខំរៀននៅផ្ទះបន្ថែម
AKP សៀមរាប ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ -- ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍នៅក្នុងពិធីបើក បវេសនកាលឆ្នាំសិក្សា២០២០-២០២១ នៅវិទ្យាល័យ១០មករា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះថា ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ គឺជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សា ដំបូងរបស់ក្មួយៗដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃត្រឡប់មកកាន់ សា លារៀនវិញក្នុងឆ្នាំសិក្សាថ្មីរបស់ក្មួយៗ ជាសិស្សានុសិស្ស និស្សិត បន្ទាប់ពីបានឆ្លងកាត់ និង ទទួលនូវបទពិសោធន៍នៃការអប់រំក្នុងសម័យកូវីដ-១៩ ក្នុងឆ្នាំសិក្សា២០១៩-២០២០ កន្លង មកនេះ។

ឯកឧត្តមបានបន្តថា ជាការពិតណាស់ការសិក្សានៅក្នុងបរិបទកូវីដ១៩នេះ ប្អូនៗមាន ការលំបាកច្រើន តែប្អូនៗត្រូវតែខិតខំរៀនដើម្បីមានចំណេះផ្ទាល់ខ្លួន ជាពិសេសការរៀននៅ ផ្ទះត្រូវតែយកចិត្តទុកដាក់ឱ្យបានច្រើនជាងមុនបន្ថែមទៀត ហើយក៏កុំភ្លេចការអនុវត្តវិធាន ការការពារកូវីដ១៩ របស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ។
បើយោងតាមសាលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានជំរុញឱ្យក្រសួងអប់រំយុវជន និងកីឡាត្រូវបន្តដឹកនាំ និងអនុវត្តន៍នូវទស្សនាទានថ្មី “គន្លងជីវិតថ្មីក្នុងវិស័យអប់រំ” ដោយគិតគូរអំពីជម្រើស ឱ្យបាន ច្រើនក្នុងការផ្តល់សេវាអប់រំ ជាពិសេសដំណើរការបង្រៀន និងរៀនដែលមាន ភាពទន់ភ្លន់ និងធ្វើវិមជ្ឈការនៃសេវាអប់រំ អាស្រ័យទៅតាមទីតាំងភូមិសាស្ត្រ ស្ថានភាពនៃហានិភ័យ ឆ្លងរីករាលដាលកូវីដ-១៩ និងស្ថានភាពអប់រំ។ ក្រសួងអប់រំយុវជន និងកីឡាត្រូវបន្តជំរុញ “ការអប់រំឌីជីថល” ឱ្យទាន់សភាពការណ៍ជាតិ តំបន់ និងសកលលោក។ ទន្ទឹមនេះ ក្រសួង អប់រំយុវជន និងកីឡាត្រូវរៀបចំនិងអនុវត្តន៍ កម្មវិធីសិក្សាបំព្រួញដោយ កំណត់ជាមុខវិជ្ជា កាតព្វកិច្ច និងមុខវិជ្ជាជម្រើសមេរៀនសិក្សាក្នុងថ្នាក់រៀន និងមេរៀន ស្វ័យសិក្សា ដើម្បីធានាថា ការរៀនសូត្ររបស់សិស្សានុសិស្សបានពេញ លេញផ្តោតលើ ចំណុចសំខាន់ៗ និងស៊ីជម្រៅ ជាពិសេស មេរៀនសម្រាប់ថ្នាក់ទី៩ និងទី១២ និងការ កំណត់មេរៀន សម្រាប់ការប្រឡងសញ្ញាបត្រ។

តាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប បានបង្ហាញថា មុនវិបត្តិកូវីដ-១៩ អនុវិស័យការអប់រំមធ្យមសិក្សាបានផ្តល់សេវាអប់រំគ្របដណ្តប់លើគ្រប់ឃុំ-សង្កាត់ទូទាំងខេត្ត ស្របតាមអនុសាសន៍ដ៏ថ្លែថ្លានៃប្រមុខរាជរដ្ឋាភិបាល ក្នុងនោះ អនុវិទ្យា ល័យចំនួន៨១ វិទ្យាល័យចំនួន៤២ បានផ្តល់សេវាអប់រំដល់សិស្សជិត៨ម៉ឺននាក់ ក្នុងនេះសិស្ស នារីជិត៥ម៉ឺននាក់។ អត្រាប្រឡងជាប់មធ្យមសិក្សា បឋមភូមិក្នុង ឆ្នាំសិក្សា២០១៨-២០១៩កន្លងមកនេះ ស្ថិតក្នុងរង្វង់៩៥ភាគរយ ក្នុងនេះការប្រឡងជាប់របស់ សិស្សនារី ស្ថិតក្នុងអត្រា ៩៧ភាគរយ។ អត្រាប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ក្នុងរង្វង់ ជាង៧៧ភាគរយ សិស្សនារី៨០ភាគរយ។ ក្នុងឆ្នាំសិក្សា២០១៩-២០២០ លទ្ធផល នៃការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ មានចំនួនសិស្សសារុបជាង ១ម៉ឺន៣ពាន់នាក់ និងទុតិយភូមិ មានចំនួនសារុបជាង៩ពាន់នាក់ ត្រូវបានកំណត់ឱ្យជាប់ជាស្ថាពរ១០០ភាគរយ ដោយមិនកំណត់ឧទ្ទេស៕

ដោយ ឃុត សៅ





