ការប្រកួតកីឡារាំជើងឯកថ្នាក់ជាតិបញ្ចប់ដោយជោគជ័យ
AKP ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១--ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលប្រារព្ធធ្វើឡើងរយៈពេលពេញមួយថ្ងៃ កាលពីថ្ងៃ១២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ នៅវិមានកីឡដ្ឋានជាតិអូឡាំពិកបានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីសម្រិតសម្រាំងបានម្ចាស់ជ័យលាភីលើវិញ្ញាសាសរុបចំនួន១៥។

លោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡារាំកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រកួត អង្គភាពពាក់ព័ន្ធ ដែលបានសហការ គ្នារៀបចំការប្រកួតនេះឱ្យប្រព្រឹត្តទៅដោយរលូនទៅតាមការគ្រោងទុកប្រកបដោយភាពជោគជ័យ និងបរិយាកាសសប្បាយរីករាយ និងបានលើកសរសើរចំពោះប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព ដោយគោរពបាននូវបទបញ្ជានៃការប្រកួត និងទទួលបានលទ្ធផលល្អប្រសើរ។ លោកជំទាវបានលើកទឹកចិត្តដល់គណៈកម្មការបច្ចេកទេសទាំងអស់ ដែលបានដឹក នាំការប្រកួតតាមគោលការណ៍បច្ចេកទេសប្រកបដោយយុត្តិធម៌ និងតម្លាភាព ដើម្បីស្វែងរកនូវកីឡាករ កីឡាការិនីឆ្នើមដែលទទួលបានជ័យលាភី។

លោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា បានបន្ថែមថា វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយទទួលបាននូវការចាប់អារម្មណ៍ចូលរួមគាំទ្រយ៉ាងច្រើនពីយុវជន យុវនារី ហើយលទ្ធផល នៃការប្រកួតជាលក្ខណៈអន្តរជាតិ មានការប្រែប្រួលជាវិជ្ជមានទទួលបានការអបអរសាទរពីមហាជន រហូតដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សេដ្ឋកិច្ចជាតិ មានការរីកចម្រើន ដែលបានធ្វើឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់ស ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាត់ទុកថា ការងារអប់រំកាយ និងកីឡា បានដើរតួនាទីយ៉ាងសំខាន់ និងជាយានក្នុងការអភិវឌ្ឍសង្គម។ ពីព្រោះកីឡា កសាងមនុស្ស មនុស្សកសាងសង្គម។ អនុវត្តន៍តាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា និងតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និងកីឡា ដោយឈរលើមូលដ្ឋានយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តនៃការអភិវឌ្ឍជាតិ និងដោយផ្អែកលើបរិបទនៃការរីកចម្រើនកីឡាជាតិ និងបរិបទ នៃការរីកចម្រើនកីឡានៅក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ជាពិសេសការត្រៀមលក្ខណៈសម្បត្តិត្រៀម សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ដើម្បីឱ្យការធ្វើកំណែទម្រង់នេះ ទទួលបានជោគជ័យ លោកជំទាវសំណូមពរដល់អង្គការរដ្ឋកីឡា និងអង្គការសង្គមកីឡាបន្តខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដោយយកអស់ស្មារតី កម្លាំងកាយ និងលទ្ធភាពបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន ដោយការទទួលខុសត្រូវខ្ពស់ ហើយលោកជំទាវបានអំពាវនាវដល់វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សប្បុរសជន និងប្រជាជនសូមចូលរួមឧបត្ថម្ភគាំទ្រជាស្មារតី សម្ភារ ថវិកា ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ក្រោមពាក្យស្លោក រួមគ្នាធ្វើអ្វីៗទាំងអស់គ្នា ដើម្បីកីឡាឆ្ពោះទៅជោគជ័យនៅស៊ីហ្គេមឆ្នាំ២០២៣។

លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជាថ្លែងថា ព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិនេះអាចដំណើរការទៅបានអាស្រ័យដោយទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងបណ្តាសប្បុរសជននានា ជាពិសេសទទួលបានព្រះរាជព្រទ្យដ៏ថ្លៃថ្លាចំនួន ២.០០០ដុល្លារអាម៉េរិកពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល៕


ដោយ ហេង ណាលីន





