ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹងចំនួន២៥ គ្រួសារ ទទួលអំណោយមនុស្សធម៌ពីក្រុមការងារថ្នាក់ជាតិជួយស្រុកព្រៃនប់ ខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ -- ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹងចំនួន ២៥គ្រួសារ នៅតំបន់ថ្មធំ អណ្តូងទឹក និងព្រៃត្របែក ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានទទួលអំណោយមនុស្សធម៌ពីលោក ហ៊ិន ត្រឹង ហៅ (ហេង សុវណ្ណា) ជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ការជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ចាស់ ជរាគ្មានទីពឹងនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់នេះ បានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១។

លោក ហ៊ិន ត្រឹង ពាំនាំនូវការសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្ត្រីម៉េម៉ាយកូនច្រើន និងក្មេងកំព្រានៅតាមមូល ដ្ឋាន ដែលមានជីវភាពខ្វះខាត ខណៈពិភពលោកក៏ដូចជាកម្ពុជាបានជួបវិបត្តិជំងឺ កូវីដ-១៩ កំពុងរាតត្បាតផងដែរ ។ លោកបានបញ្ជាក់ថា ការចុះ ជួយនៅក្នុងស្រុកព្រៃនប់នេះ គឺដើម្បីឈ្វេងយល់អំពីសុខទុកបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានដែលមានជីវភាពខ្វះខាត អំពីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ម្យ៉ាងដោយបានទទួលព័ត៌មានពីមេភូមិស្មាច់ដែង ឃុំរាម មានប្រជាពលរដ្ឋតំបន់ដាច់ស្រយាលក្នុងតំបន់ថ្មធំ អណ្តូងទឹក និងព្រៃត្របែក ភូមិស្មាច់ដែង ឃុំរាម មានការខ្វះខាតស្បៀងចំនួន ២៥គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋ ១១៦គ្រួសារ។ លោកបានសំណូមពរឱ្យប្រជាពលរដ្ឋ ចូលរួមថែទាំសុខភាព ផ្លាស់ប្តូរទម្លាប់ អនុវត្តន៍តាមគោលការណែនាំរបស់ក្រសួងសុខាភិបាល លាងសម្អាតដៃជាមួយសាប៊ូ ទឹក អាល់កុល ឬជែលឱ្យបានញឹកញាប់ រក្សាគម្លាត បើចេញទៅកាន់ទីសាធារណ: ត្រូវពាក់ម៉ាស់ ឬក្រមា ដើម្បីធានាថា សហគមន៍យើងមិនមានការឆ្លងជំងឺកូវីដ-១៩ ។

ជាមួយគ្នានេះដែរ លោក ហ៊ិន ត្រឹង ក៏បានធ្វើការណែនាំឱ្យមេភូមិ មេឃុំ ត្រូវចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីបានដឹងថា ប្រជាពលរដ្ឋណាមានការខ្វះខាត រាយការមកក្រុមការងារថ្នាក់ស្រុក ក៏ដូចថ្នាក់ជាតិ ដើម្បីនាំយកអំណោយមនុស្សធម៌ចែកជូនពួកគាត់បានទាន់ពេលវេលា មិនទុកឱ្យប្រជាពលរដ្ឋរបស់យើងណាម្នាក់ស្លាប់ដោយដាច់ស្បៀងនោះទេ។

លោក ស្រី ញួច មេភូមិស្មាច់ដែងបានថ្លែងអំណរគុណលោក ហ៊ិន ត្រឹង ហៅ ហេង សុវណ្ណា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជូយស្រុកព្រៃនប់ ដែលបានជួយដល់ប្រជាពលរដ្ឋទាំង ២៥គ្រួសារ ដែលមានជីវភាពខ្វះខាត ហើយនេះគឺជាសកម្មភាពក្នុងការកៀរគរនាំយកអំណោយមនុស្សធម៌ចែក ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹងក្នុងភូមិស្មាច់ដែង ជាបន្តបន្ទាប់ ជាទឹកចិត្តមនុស្សធម៌ដ៏ល្អប្រពៃជួយពួកគាត់បានទាន់ពេលវេលា ខណៈពួកគាត់កំពុងមានការខ្វះខាតជីវភាពប្រចាំថ្ងៃ ។

សូមបញ្ជាក់ថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋ និងចាស់ជរា ២៥គ្រួសារ ក្នុងមួយគ្រួសារៗនៅភូមិស្មាច់ដែង ឃុំរាម ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ប៊ីចេង ១កញ្ចប់ ម៉ាស់ ១០ និងថវិកា ៥ម៉ឺនរៀល ក្នុងនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកាក្នុងមួយគ្រួសារ ៣ម៉ឺនរៀលផងដែរ ៕
ដោយ ងូ សុមុនី





