បទយកការណ៍៖ អន្ទង់មួយប្រភេទ ដែលគិតថាបានផុតពូជពីកម្ពុជាតាំងពីឆ្នាំ២០០៧ ត្រូវបានរកឃើញឡើងវិញនៅខេត្តព្រៃវែង
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ -- អន្ទង់មួយប្រភេទ ដែលគេគិតថាបានផុតពូជពីកម្ពុជា តាំងពីឆ្នាំ២០០៧មកម្ល៉េះ ត្រូវបាន លោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប នៃរដ្ឋបាលជលផល និងជាបុរសឆ្នើមក្នុងការងារអភិរក្សទន្លេមេគង្គ និងក្រុមការងារបានពើបប្រទះឃើញ កាលពីពេលថ្មីៗនេះ នៅទន្លេតូច ក្នុងខេត្តព្រៃវែង ខណៈពេលដែលលោក និងក្រុមការងារបានចុះទៅធ្វើការសិក្សា និងស្រាវជ្រាវ អំពីត្រីទឹកសាប។

អន្ទង់ប្រភេទនេះ ត្រូវបានហៅជាទូទៅថា អន្ទង់ទន្លេ និងមានឈ្មោះវិទ្យាសាស្ត្រថា Ophisternon bengalense ដែលកាលពីមុនមានឈ្មោះថា Ophisternon albus និងស្ថិតក្នុងអំបូរ Synbranchidae។
លោក ថាច់ ផាណារ៉ា បានបញ្ជាក់ថា ៖ “អន្ទង់ប្រភេទនេះ មានទំហំមធ្យម ដោយមានប្រវែងដងខ្លួនប្រមាណ ៥០សង់ទីម៉ែត្រ និងមានលក្ខណៈខុសអំពីអន្ទង់ទូទៅនៅកម្ពុជា គឺនៅត្រង់ ក្បាល កន្ទុយ ភ្នែក និងដងខ្លួន។ វាត្រូវបានប្រជានេសាទធ្លាប់ចាប់បានម្តងម្កាលប៉ុណ្ណោះ តាំងពីមុនឆ្នាំ២០០៧ ហើយជាទូទៅវាត្រូវបានគេដឹងថា វាមានវត្តមានតែនៅតាមទន្លេ បឹងបួរ វាលភក់ ។ល។”។

លោក ថាច់ ផាណារ៉ា បានបន្ថែមថា តាមការសាកសួរប្រជានេសាទ ដែលធ្លាប់ស្គាល់អន្ទង់ប្រភេទនេះ គឺនៅពេលនេសាទបាន ពុំត្រូវបានប្រជានេសាទយកទៅលក់ដូរនោះទេ ព្រោះថាសាច់របស់វារឹងៗ និងពុំមានរសជាតិ មិនដូចសាច់អន្ទង់ទូទៅ ហើយអ្នកស្គាល់ក៏ពុំទិញយកទៅពិសានោះដែរ ហេតុដូច្នេះហើយទើបធ្វើឱ្យអន្ទង់ប្រភេទនេះ ពុំមានតម្លៃនៅក្នុងទីផ្សារ ដូចអន្ទង់ទូទៅ និងមិនមានកត់ត្រាចូលទៅក្នុងសៀវភៅស្តីពីត្រីទឹកសាបនៅព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែអន្ទង់ប្រភេទនេះ ពេញនិយមនៅប្រទេសវៀតណាម។
អន្ទង់គឺជាប្រភេទត្រី ហើយភាគច្រើនមានលក្ខណៈពិសេសមួយគឺអាចសម្របខ្លួនទៅនឹងបរិស្ថានជុំវិញ ដូចជាការធ្វើដំណើរកាត់កន្លែងដែលគោក បើទោះជារយៈពេលខ្លី ដើម្បីស្វែងរកកន្លែងដែលមានភក់ និងទឹកសម្រាប់រស់នៅ។ វាពងកូនធ្វើសំបុកពពុះនៅផ្ទៃទឹក នៅរដូវវស្សា និងស៊ីសត្វល្អិត សិប្បីសត្វ និងកាកសំណល់ផ្សេងៗជាអាហារ។

នៅកម្ពុជាយើង យោងតាមសៀវភៅ ស្តីពីត្រីទឹកសាបនៅព្រះរាជាណាចក្រកម្ពុជា គឺមានអន្ទង់ចំនួន០៤ប្រភេទដែលត្រូវបានកត់ត្រា ក្នុងនោះមាន អន្ទង់ដំណើប អន្ទង់ត្រាវ អន្ទង់ក្រហម និងអន្ទង់ស។ អន្ទង់ត្រូវបានចាត់ថ្នាក់ជាពពួកទី៣ នៅក្នុងឧបសម្ព័ន្ធ ដែលពុំត្រូវបានការពារ ឬបារម្ភពីការគំរាមកំហែងនោះទេ និងស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់ពុំគួរឱ្យព្រួយបារម្ភ (Least concern) របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN (International Union for Conservation of Nature)៕

ដោយ ផែន រតនៈ





