សម្តេចក្រឡាហោម ដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាកែសម្រួល លក្ខណៈសម្បត្តិគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ -- សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាកែសម្រួលលក្ខណៈសម្បត្តិ គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នៅទីស្ដីការក្រសួងមហាផ្ទៃ។

យោងតាមសេចក្ដីព្រាង គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បានកំណត់ លក្ខណៈសម្បត្តិ៨យ៉ាងដូចជា៖ ១. គ្មានបទល្មើសគ្រប់ប្រភេទ ពិសេសសកម្មភាពលួច ឆក់ ប្លន់។ ២. គ្មានបទល្មើសគ្រឿងញៀន។ ៣. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង។ ៤. មានអនាម័យ មានសោភណភាពល្អ និងបរិស្ថានល្អ។ ៥. ឆ្លើយតបបានទាន់ពេលវេលាចំពោះ គ្រោះមហន្តរាយ ករណីប្រធានសក្ដិ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយ ប្រសិទ្ធភាព។ ៦. ផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ ៧. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកប ដោយគុណភាព និងប្រសិទ្ធភាព។ ៨. គ្មានគ្រោះថ្នាក់ចរាចរណ៍។
ថ្លែងក្នុងកិច្ចប្រជុំនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានគូស បញ្ជាក់ថា ពាក់ព័ន្ធនឹងការលើកកម្រិតចេញជាគោលនយោបាយនេះ គឺដោយសារ មាន សំណូមពរ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូច្នេះការងារនេះ ត្រូវតែធ្វើឡើង ជា សមូហភាព ដោយមានស្ថាប័នទាំងអស់ចូលរួម ដើម្បីបាញ់ឆ្ពោះទៅមូលដ្ឋាន។ បើតាមសម្ដេចក្រឡាហោម ពេលនេះយើងសរសេរគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ហើយការថែមសង្កាត់នេះ គឺដោយសារបណ្ដាក្រុងតាមខេត្តក៏ មានសង្កាត់ដែរ ម្យ៉ាងនៅរាជធានីភ្នំពេញក៏មានសង្កាត់ដូចគ្នាដែរ។
សម្ដេចក្រឡាហោម បានបន្ថែមថា គោលនយោបាយនេះ បានសរសេរច្បាស់ៗ គ្មានពាក្យបង្ការ លុបបំបាត់ ឬកាត់បន្ថយអ្វីទេ។ សម្តេចថា ការដាក់ច្បាស់ៗនូវអ្វី ដែលចង់ បានក្នុងគោលនយោបាយនេះ គឺដើម្បីបញ្ចប់ភាពស្រពិចស្រពិល ដូច្នេះគោលនយោបាយ កែសម្រួលនេះ បានកំណត់ឱ្យច្បាស់តែម្ដង ដូចជាពាក្យគ្មានបទល្មើសគ្រប់ប្រភេទ ជាពិសេស សកម្មភាពលួចឆក់ប្លន់ ឬគ្មានបទល្មើសគ្រឿងញៀនជាដើម ដោយមានផ្នែកបន្ទាប់ បាន ពន្យល់យ៉ាងលម្អិត៕
ដោយ ចាន់ សុធីវង្ស





