រដ្ឋបាលរាជធានីភ្នំពេញ នឹងកាប់ដើមឈើធំដែលមានវ័យចំណាស់ចំនួន៣ដើម នៅសួនកាណាឌីយ៉ា ដោយសារមានសភាពពុកផុយគល់
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ -- ដោយមានការស្នើសុំពីប្រជាពលរដ្ឋជាច្រើន ចំពោះដើមឈើធំៗនៅសួនកាណាឌីយ៉ា នៅមុខមន្ទីរពេទ្យអង្គឌួង ស្ថិតក្នុងខណ្ឌដូនពេញ ដែលមានអាយុកាលជាង ៣០០ឆ្នាំមក ហើយ ក្នុងនោះមានដើមឈើចំនួន៣ដើមបានពុកផុយគល់ប្រហោងក្នុង។ ដោយមាន ការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធររាជធានីគ្រោង នឹងកាប់ ដើមឈើទាំង៣ដើមនោះ នៅក្នុងនៅសប្តាហ៍នេះ។

លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹក ជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃ០៨ ខែមករា ឆ្នាំ២០២១នេះថា ដើមឈឺ ធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួងនេះមានចំនួនប្រមាណ៥០ដើម និង មាន អាយុកាលជាង៣០០ឆ្នាំមកហើយ ហើយក្នុងចំនួនដើមឈើធំៗទាំងនោះ អាជ្ញាធរ រាជធានីភ្នំពេញ ដោយមានការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងកាប់យកចេញនៅសប្តាហ៍នេះ ដោយសារតែដើមឈើទាំង៣ដើមនោះ ពុកគល់ ប្រហោងក្នុង ដើម្បីកុំឱ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរជាយថាហេតុ។ ក្រោយពីកាប់យកចេញហើយ អាជ្ញាធររាជធានីភ្នំពេញ នឹងដាំដើមឈើថ្មីជំនួសវិញ។ ចំណែកដើមឈើដែលនៅសល់ អង្គភាពរបស់លោកនឹងលះមែកចេញផងដែរ ដើម្បីកាត់ បន្ថយទម្ងន់ដើមឈើ ហើយក៏ជាការលើកសោភណភាពក្នុងរាជធានីភ្នំពេញឱ្យកាន់តែមាន ភាពស្រស់បំព្រងផងដែរ។

លោក សំ សាមុត ក៏បានបន្ថែមទៀតថា សម្រាប់ដើមឈឺនៅរមណីយដ្ឋានវត្តភ្នំវិញ គឺមានដើមឈើសរុបប្រមាណជា៨០០ដើម ហើយដើមឈើទាំងនេះភាគច្រើនគឺមាន អាយុកាលជាង៥០០ឆ្នាំមកហើយ ក្រោមការមើលថែទាំជាប្រចាំពីអាជ្ញាធររាជធានីភ្នំពេញ៕
ដោយ សួស សំរិត





