ក្រសួងបរិស្ថាន បើកកិច្ចប្រជុំដាក់ដេញថ្លៃជាសាធារណៈប្រមូលចំណូល ថ្លៃលក់សំបុត្រចូលទស្សនាចំនួនពីរកន្លែង
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកមរា ឆ្នាំ២០២១ -- នៅព្រឹកថ្ងៃសុក្រ ១០រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ក្រសួងបរិស្ថានបានរៀបចំកិច្ចប្រជុំបើកសំណើរដេញថ្លៃជាសាធារណៈ ប្រមូលចំណូលថ្លៃលក់សំបុត្រចូលទស្សនាចំនួនពីរកន្លែង ដែលដឹកនាំដោយឯកឧត្តម ខូវ សូវៀត អនុប្រធានគណៈកម្មការដេញថ្លៃ និងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្ស តំណាងអគ្គនាយកដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ និងមន្ទីរបរិស្ថានខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងថា កិច្ចប្រជុំដាក់ដេញថ្លៃជាសាធារណៈ ប្រមូលចំណូលថ្លៃលក់សំបុត្រចូលទស្សនាចំនួនពីរកន្លែងនោះគឺ៖ ១.បើកសំណើដេញថ្លៃ ជាសាធារណៈ ឱ្យក្រុមហ៊ុនប្រមូលចំណូលថ្លៃលក់សំបុត្រចូលទស្សនាឧទ្យានជាតិ ព្រះសុរាម្រិត កុសមៈគីរីរម្យខេត្តកំពង់ស្ពឺ។ ២.បើកសំណើដេញថ្លៃជាសាធារណៈឱ្យ ក្រុមហ៊ុនប្រមូលចំណូលថ្លៃលក់សំបុត្រចូលទស្សនាតំបន់ រ៉ាមសារព្រែកទាល់ ខេត្តបាត់ដំបង។
កិច្ចប្រជុំទទួលបានលទ្ធផលរួមមាន៖ -ឧទ្យានជាតិ ព្រះសុរាម្រិត កុសមៈគីរីរម្យ ខេត្តកំពង់ស្ពឺ មានក្រុមហ៊ុនចំនួន០៣ចូលរួម និងដាក់តម្លៃដេញជាមូលដ្ឋានចាប់ពី ៣៥០.០០០.០០០រៀល ក្នុងនោះក្រុមហ៊ុនដាក់តម្លៃដេញថ្លៃខ្ពស់បំផុតគឺ៖ ជាលទ្ធផល ក្រុមហ៊ុន លឹមសុខចេង ទទួលបានសិទ្ធិក្នុងការប្រមូលចំណូលថ្លៃលក់សំបុត្រចូល ទស្សនា ឧទ្យានជាតិព្រះសុរាម្រិតកុសមៈគីរីរម្យសម្រាប់ឆ្នាំ២០២១ ក្នុងតម្លៃ ៨២៦.០០០.០០០ រៀល។ -តំបន់រ៉ាមសារព្រែកទាល់ខេត្តបាត់ដំបង មានក្រុមហ៊ុនចំនួន០២ចូលរួមដេញថ្លៃ និងដាក់តម្លៃដេញថ្លៃជាមូលដ្ឋានចាប់ពី ៦០.០០០.០០០រៀល ក្នុងនោះក្រុមហ៊ុនដាក់ តម្លៃដេញខ្ពស់បំផុតគឺ៖ ជាលទ្ធផលក្រុមហ៊ុន លឹម សុខចេង ទទួលបានសិទ្ធិក្នុងការប្រមូល ចំណូលថ្លៃលក់សំបុត្រចូលទស្សនាតំបន់រ៉ាមសារព្រែកទាល់ក្នុងខេត្តបាត់ដំបងក្នុងតម្លៃ ៧៦.០៥៥.០០០រៀល ៕
ដោយ ពេជ្រ ណារិទ្ធ





