អភិបាលស្រុកបន្ទាយស្រីអះអាងថា ចាប់ពីពេលនេះទៅអាជ្ញាធរស្រុកមិនអនុញ្ញាតឱ្យមានបិទផ្ទាំងផ្សាព្វផ្សាយពាណិជ្ជកម្មតាមដើមឈើទៀតនោះទេ
AKP សៀមរាប ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ -- លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្ដសៀមរាបបានគូសបញ្ជាក់ថា ចាប់ពី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះតទៅ អាជ្ញាធរស្រុកបន្ទាយស្រី នឹងមិនអនុញ្ញាតឱ្យអ្នកផ្សាយពាណិជ្ជកម្មដើរបិទស្លាកផ្សព្វផ្សាយពាសវាលពាសកាលតាមដើមឈើទៀតនោះទេ។

លោកបានលើកឡើងថា ក្រុមការងារចម្រុះមួយនឹងចាប់ផ្តើមដើរបកស្លាកទាំងអស់នេះចេញ និងមិនឱ្យបិទឡើងវិញឡើយ។ លោកអភិបាលស្រុកបន្តថា លោកតែងតែទើសភ្នែកយូរហើយ ស្ទើរតែគ្រប់ដើមឈើទាំងអស់នៅតាមបណ្តោយផ្លូវទៅកាន់ប្រាសាទបន្ទាយស្រី ត្រូវបានគ្រប់ដណ្តប់ទៅដោយស្លាកផ្សាយពាណិជ្ជកម្មស្អេកស្កះ យ៉ាងអនាធិបតេយ្យ និងមិនមានច្បាប់អនុញ្ញាត ដែលធ្វើឱ្យប៉ះពាល់ទៅដល់សោភណភាពសាធារណៈ និងភាពស្អាតនៃបរិស្ថាននៅក្នុងស្រុក ហើយមិនសមនឹងភ្នែកអ្នកទេសចរ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវនេះ។ លោកបានបន្ថែមថា ទម្លាប់ល្អត្រូវចេញពីរឿងតូចតាចទៅ ហើយដើមឈើក៏មិនមែនជាកន្លែងសម្រាប់ផ្សាយពាណិជ្ជកម្មដោយគ្មានការទទួលខុសត្រូវនោះដែរ។
លោកអភិបាលស្រុកបានអះអាងថា នេះអាចចាត់ទុកថា ជាសេចក្តីជូនដំណឹងទុកជាមុនទៅដល់ក្រុមហ៊ុនទាំងឡាយដែលបានប្រព្រឹត្តសកម្មភាពទាំងនេះក្នុងពេលកន្លងមក ហើយអាជ្ញាធរមូលដ្ឋាននឹងចាប់ឱ្យក្រុមហ៊ុនផ្ទាល់ទទួលខុសត្រូវ និងធ្វើកិច្ចសន្យា ប្រសិនបើនៅតែបន្តសកម្មភាពអនាធិបតេយ្យដូច្នេះតទៅមុខទៀត៕


ដោយ ឃុត សៅ រូបថត៖ រដ្ឋបាលស្រុកបន្ទាយស្រី





