ឯកឧត្ដម ឃួង ស្រេង អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមបន្តថែរក្សាសន្តិភាពដែលកម្ពុជាកំពុងមានបច្ចុប្បន្ន ពិសេសថ្ងៃ៧ មករា
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១-- កំណើននៃសំណង់អគាររីកដុះដាលគួរឱ្យកត់សម្គាល់នៅក្នុងរាជធានីភ្នំពេញ ដែលបច្ចុប្បន្នរាជធានីមួយនេះមានអគារខ្ពស់ៗជាង ២.០០០អគារ។ សមិទ្ធផលទាំងអស់នេះ អាចកើតមានឡើងបានដោយសារកត្តាសន្តិភាព ដូច្នេះប្រជាពលរដ្ឋត្រូវបន្តរក្សាសន្តិភាពដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន។ នេះជាប្រសាសន៍របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ការអំពាវនាវរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងឱកាសកម្ពុជាប្រារព្ធទិវាអបអរសាទរខួបទី៤២ឆ្នាំ នៃជ័យជម្នះ ថ្ងៃ៧មករា ។ ឯកឧត្ដម បានអំពាវនាវថា សន្តិភាពរបស់កម្ពុជានៅពេលនេះគឺ ប្រមុខរាជរដ្ឋាភិបាលកម្ពជាសម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងយកមកដោយលំបាក កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយមកដល់ឆ្នាំ២០២១គឺ មានអាយុកាល ៤២ឆ្នាំហើយ។

ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា ថ្ងៃ៧ មករា ជាថ្ងៃប្រវត្តិសាស្ត្រ ដែលប្រជាពលរដ្ឋកូនចៅជំនាន់ក្រោយទាំងអស់ត្រូវចងចាំ ព្រោះជាថ្ងៃដែលថ្នាក់ដឹកនាំកម្ពុជាបានរំដោះប្រជាពលរដ្ឋចេញពីការកាប់សម្លាប់ដោយរបបប៉ុលពត។ សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែរំដោះប្រទេសចេញពីការកាប់សម្លាប់ប៉ុណ្ណោះទេ តែសម្ដេចបានកសាងអភិវឌ្ឍន៍ប្រទេសជាតិចេញពីចំណុចសូន្យ ធ្វើឱ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យថែមទៀត ដែលបានធ្វើឱ្យកំណើនសេដ្ឋកិច្ចកើនឡើងជាប្រចាំ។

សូមបញ្ជាក់ថា រាជធានីភ្នំពេញមានអគារខ្ពស់ៗ ចាប់ពី៧ជាន់ឡើងទៅចំនួនជាង ២.០០០ អគារ កំពុងបង្ហាញឱ្យពិភពលោកមើលឃើញថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្រោមការដឹកនាំរបស់សម្ដេចតេជោ។ដូច្នេះយើងកុំរម្លឹកពីការឈឺចាប់ដែលនាំឱ្យយើងឈឺចាប់ជាថ្មីម្ដងទៀត ។ ប៉ុន្តែសម្រាប់ការរម្លឹកថ្ងៃ៧មករាឆ្នាំ១៩៧៩ យើងត្រូវតែរម្លឹកដើម្បីឱ្យកូនចៅជំនាន់ក្រោយៗបានដឹងពីការឈឺចាប់ ដែលប្រជាពលរដ្ឋកម្ពុជាបានទទួលរង ទុក្ខសោកដោយការកាប់សម្លាប់ជាតិសាសន៍ឯងរហូតដល់ជាង៣លាននាក់។
ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ក្នុងការថែរក្សាសន្តិភាព ចៀសវាងធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមជាថ្មីម្ដងទៀត៕


ដោយ សួស សំរិត





