ឯកឧត្តម សៀង ណាំ សម្រេចផ្តល់អាហារូបករណ៍ដល់សិស្សដែលមានជីវភាពខ្វះខាតចំនួន៤៦នាក់ ទាំងថ្លៃសិក្សា និងការស្នាក់នៅ
AKP ខេត្តសៀមរាប ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ -- ឯកឧត្តម សៀង ណាំ តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៧ខែមករាឆ្នាំ២០២១ ដែលជាថ្ងៃអបអរសាទរខួបទី៤២ នៃទិវាជ័យជម្នះ៧មករា ឯកឧត្តម បានសម្រេច ផ្តល់អាហារូបករណ៍ដល់សិស្សដែលទើបជាប់បាក់ឌុបហើយមានជីវភាពខ្វះខាតចំនួន៤៦នាក់មកពីស្រុកក្រឡាញ់ខេត្តសៀមរាបចំនួន៣៧នាក់មកពីខេត្តកំពង់ចាម០៩នាក់ដោយអាហារូបករណ៍នេះផ្តល់ទាំងថ្លៃសិក្សា និងការស្នាក់នៅ។

ឯកឧត្តម សៀង ណាំ បានមានប្រសាសន៍ថា សម្រាប់សិស្សដែលទទួលបានអាហារូបករណ៍នេះ គឺត្រូវបានចូលសិក្សានៅសាកលវិទ្យាល័យអង្គរ មូលហេតុដែលឯកឧត្តមផ្តល់អាហារូបករណ៍ដល់សិស្សទាំងនេះដោយ យល់ឃើញថា សិស្សទាំងនេះមានជីវភាពខ្វះខាតតែមានចិត្តចង់សិក្សាឱ្យមានចំណេះដឹងសម្រាប់យកទៅជួយដល់សង្គមជាតិ ជាពិសេសនោះប្រទេសយើងបច្ចុប្បន្ននេះត្រូវការធនធានមនុស្សដែលមានសមត្ថភាពជាច្រើន សម្រាប់ចូលរួមអភិវឌ្ឍប្រទេស ដូច្នេះឯកឧត្តចាំបាច់ត្រូវជួយបណ្តុះបណ្តាលធនធានមនុស្សទាំងនេះ។

ឯកឧត្តមបានបញ្ជាក់ថា ខាងសាកលវិទ្យាល័យអង្គរនិងផ្តល់ការបណ្តុះបណ្តាលទៅពួកគេទៅតាមជំនាញដែលគេចង់រៀនជាពិសេសជំនាញលើវិស័យសំណង់ដែលទីផ្សារកំពុងតែមានតម្រូវការច្រើន ហើយសាកលវិទ្យាល័យអង្គរជាសាកលវិទ្យាល័យមួយដែលបានផ្តល់ជំនាញនេះទៅដល់ពួកគេបានយ៉ាងច្បាស់លាស់ទាំងទ្រឹស្តី និងការអុវត្តជាក់ស្តែង។ក្រៅពីនេះនិស្សិតអាហារូបករណ៍ទាំងនេះក៏មានឱកាសចេញទៅសិក្សានៅតាមបណ្តាប្រទេសផ្សេងជាច្រើនដែលខាងសាកលវិទ្យាល័យអង្គរបានចុះកិច្ចព្រមព្រៀងជាមួយគ្នារួចហើយ ជាពិសេសគឺប្រទេសជប៉ុន ដែលនិស្សិតនៅសាកលវិទ្យាល័យអង្គរ មួយចំនួនបានកំពុងតែទៅបន្តការសិក្សានៅទីនោះ។

សូមបញ្ជាក់ថា កន្លងមកនេះឯកឧត្តម សៀង ណាំ បានជួយយ៉ាងច្រើនដល់សិស្សដែលមានជីវភាពខ្វះខាតឱ្យមានឱកាសបានរៀនសូត្រមានចំណេះដឹង មានជំនាញ និងបានកំពុងតែបានចូលរួមជួយធ្វើការអភិវឌ្ឍប្រទេសផងដែរ៕
ដោយ ៖ ឃុត សៅ





