“យុគសម័យមាស” របស់ជនជាតិព្រៅ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ -- “យុគសម័យមាស” របស់ជនជាតិព្រៅ គឺជាក្រាំងមាសនៃទំព័រប្រវត្តិសាស្រ្តមួយរបស់កម្ពុជាដែលនិយាយអំពីប្រវត្តិនៃការតស៊ូនិងការចូលរួមរបស់ជនជាតិភាគតិច នៅក្នុងចលនារំដោះកម្ពុជាពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
សៀវភៅនេះ ត្រូវបាននិពន្ធដោយលោក អៀន ប៊ែត ( Ian Baird) សាស្រ្តាចារ្យភូមិសាស្ត្រនៅសាកលវិទ្យាល័យ វីសកូសិន ម៉ាឌីសុន ( Wisconsin-Madison ) ហើយលោកក៏ជានាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាអាស៊ីអាគ្នេយ៍របស់សាកលវិទ្យាល័យដែលបានធ្វើការស្រាវជ្រាវយ៉ាងទូលំទូលាយនៅភាគឦសាននៃកម្ពុជា ប្រទេសឡាវ ប្រទេសថៃឡង់ដ៏ ចាប់តាំងពីឆ្នាំ១៩៩០។
នៅក្នុងនាមជាអ្នកធ្លាប់រស់នៅខេត្តចម្ប៉ាសាក់អស់រយៈពេល១៥ឆ្នាំ និងជាអ្នកវិទ្យាសាស្ត្រទីមួយដែលបានធ្វើការត្រួតពិនិត្យសិក្សាដ៏ទូលំទូលាយនៃដំណើរបំលាស់ទីរបស់ត្រីនៅល្បាក់ខោនក្បែរព្រំដែនកម្ពុជា-ឡាវ ហើយក៏ជាអ្នកបានធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់ ទៅលើជនជាតិភាគតិចនៅក្នុងតំបន់ បានរៀបរាប់នៅក្នុងសៀវភៅនោះថា អាស្រ័យការវាយលុកផ្នែកយោធារួមគ្នារវាងវៀតណាម និងកម្ពុជា និងការងើបបះបោរប្រឆាំងនឹងប៉ុលពត កំពុងតែកើតឡើងយ៉ាងពេញទំហឹងនៅដើមឆ្នាំ១៩៧៩ ពួកអ្នកភៀសខ្លួនជាន់ខ្ពស់ដែលបានគេចចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមបានជួបគ្នានៅប្រទេសវៀតណាម។ ថ្ងៃទី០៥ ខែមករា ពោលគឺពីរថ្ងៃមុនការរំដោះរាជធានីភ្នំពេញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលទើបតែធ្វើសមាជបើកសម្ពោធនៅកម្ពុជា ក្បែរព្រំដែនវៀតណាមកាលពីខែមុន បានចងចាំកិច្ចប្រជុំនេះយ៉ាងល្អ។ ក្នុងនាមជាប្រធានរដ្ឋសភានាពេលបច្ចុប្បន្ន សម្តេច ហេង សំរិន បានដឹកនាំក្រុមប្រជាជនកម្ពុជាក្នុងការភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីរួចផុតពីការសម្លាប់របស់ប៉ុលពតក្នុងឆ្នាំ១៩៧៨។ ក្នុងចំណោមអ្នកដែលបានភៀសខ្លួននោះរួមមានមេបញ្ជាការយោធា សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តីបច្ចុប្បន្ន បានស្នងតំណែង សម្តេច ជា ស៊ីម ជាប្រធានគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីលោកទទួលមរណភាពក្នុងឆ្នាំ២០១៥។
ប្រភពដដែលបានបន្តថា ការប្រជុំនៅប្រទេសវៀតណាមឆ្នាំ១៩៧៩ គឺជាសមាជដើម្បីបង្កើតគណបក្សប្រជាជនបដិវត្តន៍ខ្មែរឡើងវិញដែលត្រូវបានប្លន់ដោយប៉ុលពត ហើយបានប្តូរឈ្មោះជាបក្សកុម្មុយនីស្តកម្ពុជា។ សម្តេច ហេង សំរិន បានសរសេរនៅក្នុងសៀវភៅជីវប្រវត្តិរបស់លោកដែលបានចេញផ្សាយក្នុងឆ្នាំ២០១៣ ថា “គ្រប់ជំនាន់ទាំងអស់នៅទីនោះ ដូច្នេះវាបានតំណាងឲ្យប្រទេសទាំងមូល”។ ខ្ញុំនៅចាំបានថាមាន៤ក្រុម ដែលក្រុមទី១ ដឹកនាំដោយខ្ញុំ និង សម្តេច ជា ស៊ីម ។ ក្រុមទី២ ដឹកនាំដោយ សម្តេច ហ៊ុន សែន។ ទី៣ ដឹកនាំដោយ លោក ប៉ែន សុវណ្ណ ដែលធ្លាប់រស់នៅភាគខាងជើងប្រទេសវៀតណាម ។ និងទី៤ ដឹកនាំដោយលោក ប៊ូ ថង មេដឹកនាំជនជាតិដើមភាគតិច។ មេបញ្ជាការយោធាទាំង៥រូបនេះស្ថិតក្នុងចំណោមប្រជាជនកម្ពុជា៨នាក់ ដែលបានបង្កើតផែនការ ១១ខ សម្រាប់រណសិរ្សសាមគ្គីសង្គ្រោះជាតិដោយ សម្តេច ហេង សំរិន នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨។ មេដឹកនាំ៣នាក់ផ្សេងទៀតគឺ លោក រស់ សម័យ អគ្គលេខាធិការរណសិរ្ស និងមេដឹកនាំជនជាតិដើមភាគតិច ២ រូបផ្សេងទៀតគឺលោកប៊ុន មី និងលោក ស៊ើយ កែវ។
ប្រភពដដែលបានបន្តថា ការដែលមេដឹកនាំជនជាតិដើមភាគតិច ៣ រូបដែលបានដើរតួនាទីដ៏សំខាន់បែបនេះ ក្នុងការផ្តួលរំលំ ប៉ុលពត និងជួយកសាងប្រទេសកម្ពុជាពីបាតដៃទទេ ពីឆ្នាំ១៩៧៩ដល់១៩៨៩ គឺជាប្រធានបទនៃសៀវភៅថ្មីគួរឱ្យចាប់អារម្មណ៍មួយ ដែលសរសេរដោយសាស្រ្តាចារ្យភូមិសាស្ត្រនៅសាកលវិទ្យាល័យ ខាងលើ ។
សៀវភៅរបស់ប៊ែតផ្តោតសំខាន់ទៅលើប្រជាជនព្រៅដែលភាគច្រើនរស់នៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែងនៅភាគឦសាននៃប្រទេសកម្ពុជា និងខេត្តដែលនៅជិតខេត្តអាត់តាប៉ឺ និងចម្ប៉ាសាក់នៅភាគខាងត្បូងប្រទេសឡាវ។ ប្រជាជនព្រៅមួយចំនួនតូចទៀតរស់នៅខេត្តមណ្ឌលគិរី និងខេត្តព្រះវិហារនៅភាគឦសាននៃប្រទេសកម្ពុជា ហើយក៏មានភូមិព្រៅនៅតំបន់ខ្ពង់រាបកណ្តាលនៃប្រទេសវៀតណាមផងដែរ។ ជារួមជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុបដែលបានប៉ាន់ប្រមាណ៦៥.០០០នាក់ រស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់ខ្ពង់រាបតាមដងទន្លេសេសាន។ នេះគឺជាដៃទន្លេមេគង្គដ៏សំខាន់ដែលរួមជាមួយទន្លេសេកុង និងទន្លេស្រែពក បង្កើតជាប្រព័ន្ធដែលគេហៅថា ប្រព័ន្ធ៣អេស ដែលជាតំបន់ពងកូនដ៏សំខាន់មួយសម្រាប់ប្រភេទត្រីជាច្រើន ។
នៅស្រុកតាវែង និងស្រុកអូរជុំ ខេត្តរតនគិរី និងបណ្តាខេត្តភាគខាងជើងដែលមានព្រំប្រទល់ជាប់ទាំងប្រទេសឡាវ និងវៀតណាម ប្រជាជនព្រៅគឺជាក្រុមជនជាតិដើមភាគតិច។ លោកប៊ែតដែលនិយាយទាំងភាសាព្រៅ និងភាសាឡាវបានសរសេរសៀវភៅរបស់គាត់ផ្អែកលើបទសម្ភាសន៍ជាច្រើនជាមួយជនជាតិព្រៅ និងមេដឹកនាំជនជាតិភាគតិចដទៃទៀតនៅភាគឦសាននៃប្រទេសកម្ពុជាអស់រយៈពេលជាង២ទសវត្សរ៍។
លោក ប៊ែត រៀបរាប់ពីរបៀបដែលលោកប៊ុន មី ជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំស្ថាបនិក១៤នាក់នៃរណសិរ្សរួបរួមក្នុងឆ្នាំ១៩៧៨ បានក្លាយជាមេដឹកនាំព្រៅនៃគណបក្សប្រជាជនបដិវត្តន៍ខ្មែរនៅខេត្តរតនគិរីនៅដើមទសវត្សរ៍១៩៦០។ គណបក្សនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥១ បន្ទាប់ពីគណបក្សកុម្មុយនិស្តឥណ្ឌូចិនបានបំបែកដាច់ដោយឡែកទៅជាគណបក្សផ្សេងគ្នាៗនៅកម្ពុជា ឡាវ និង វៀតណាម ដើម្បីប្រយុទ្ធប្រឆាំងនឹងកងទ័ពអាណានិគមបារាំង។ យោងទៅតាមលោក ប៊ែត “ជនជាតិព្រៅភាគច្រើន និងជនជាតិភាគតិចដទៃទៀតនៅក្នុងខេត្តរតនគិរី បានគាំទ្រវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងបារាំង”។ នៅពេលបារាំងបរាជ័យនៅដៀនបៀនភូ (Dien Bien Phu) ក្នុងឆ្នាំ១៩៥៤ “ជនជាតិព្រៅ និងសមាជិកនៃក្រុមជនជាតិភាគតិចខ្ពង់រាបដទៃទៀតនៅភាគឦសានបានចូលរួមយ៉ាងខ្លាំងក្នុងការតស៊ូកុម្មុយនិស្ត”។ ប៉ុន្តែពួកគេមិនមានទីជម្រកនៅកម្ពុជាទេមិនដូចបដិវត្តន៍នៅភាគខាងត្បូងប្រទេសឡាវដែលបានធ្វើដំណើរទៅខេត្តភាគខាងជើងប្រទេសឡាវដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាមខាងជើងដើម្បីរៀបចំសកម្មភាពគណបក្ស។
ទឹកដីកម្ពុជានៅជាប់តែនឹងវៀតណាមខាងត្បូងប៉ុណ្ណោះ មិនជាប់វៀតណាមខាងជើងនោះទេ។ ដូច្នេះជនកុម្មុយនិស្តកម្ពុជារាប់ពាន់នាក់បានធ្វើដំណើរដោយថ្មើរជើងទៅកាន់ទីក្រុងហាណូយ។ ក្នុងចំណោមនោះមាន លោក ប៊ូ ថង និងលោកស៊ើយ កែវ ដែលជាមិត្តភក្តិពីកុមារភាពមកពីវើនសៃដែលជាស្រុកមួយស្ថិតនៅលើដងទន្លេសេសានក្នុងខេត្តរតនគិរី។ លោក ប៊ូ ថង គឺជាជនជាតិឡាវពាក់កណ្តាល និងជនជាតិទំពួនពាក់កណ្តាល ជាជនជាតិនៅភាគឦសាន។ លោក ស៊ើយ កែវ គឺពាក់កណ្តាលទំពួន និងពាក់កណ្តាលជនជាតិគ្រឹង ដែលជាក្រុមជនជាតិដើមភាគតិចក្នុងក្រុមព្រៅ។ យោងតាមលោកប៊ែត “ទំនងជាមានក្រុមបះបោរដែលកើតនៅកម្ពុជាប្រហែលមួយរយនាក់មកពីខេត្តរតនគិរី ដែលបានធ្វើដំណើរទៅប្រទេសវៀតណាមខាងជើង”។ មិនមានជនជាតិព្រៅក្នុងចំណោមក្រុមប្រមូលផ្តុំទេ ប៉ុន្តែមានជនជាតិដើមភាគតិចសរុបចំនួនសាមសិប ដែលក្នុងនោះមានជនជាតិគ្រឹងខ្លះ ជនជាតិទំពួន និងចារាយ និងជនជាតិឡាវជាច្រើនទៀត។ ទាំងលោកប៊ូ ថង និងលោកស៊ើយ កែវ បានទទួលការបណ្តុះបណ្តាលយោធានៅខេត្តភាគខាងជើងបាក់នឹនជិតក្រុងហាណូយក្នុងឆ្នាំ១៩៦២ ។
ត្រលប់មកខេត្តរតនគិរីវិញ មេដឹកនាំព្រៅគឺលោក ប៊ុន មី កំពុងដឹកនាំការជ្រើសរើសកម្លាំងជម្រុញផ្ទៃក្នុងបក្សក្នុងចំណោមកោសិកាបដិវត្តន៍ពីសង្គ្រាមប្រឆាំងនឹងបារាំងដែលកំពុងត្រូវបានរស់រានឡើងវិញនៅវើនសៃ។ នៅឆ្នាំ១៩៦២ លោកប៊ុន មី បានក្លាយជាជនជាតិព្រៅដំបូងមួយរូបដែលបានភៀសខ្លួនទៅក្នុងព្រៃជាមួយកម្លាំងបដិវត្តន៍។ ក្រោយមកគាត់បានក្លាយជាលេខាគណបក្ស និងជាអនុប្រធានយោធាទទួលបន្ទុកផ្នែកមួយនៅក្នុងស្រុកដែលគាត់បានកើត។ តាវែងជាស្រុកមួយដែលមានទីតាំងនៅតាមដងទន្លេសេសានខាងលើទន្លេវើនសៃ។
លោក ប៊ែត បានសរសេរថារួមជាមួយប្រជាជនកម្ពុជាមួយក្រុមធំដែលបានសិក្សានៅប្រទេសវៀតណាមខាងជើងតាំងពីឆ្នាំ១៩៥៤ លោកប៊ូ ថង និងលោកស៊ើយ កែវ បានត្រឡប់មកខេត្តរតនគិរីវិញដោយថ្មើរជើងនៅឆ្នាំ១៩៧០ជាឆ្នាំដែល សម្តេចព្រះនរោត្តម សីហនុ ត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ដោយ លន់ ណល់ ដែលជានាយករដ្ឋមន្រ្តីនាពេលនោះ។ ប៉ុលពត ដែលនៅពេលនោះមានមូលដ្ឋាននៅភាគខាងជើងកម្ពុជាបាន «ប្រយ័ត្នចំពោះប្រជាជនកម្ពុជាទាំងនេះពីព្រោះពួកគេបានចំណាយពេលជាច្រើនឆ្នាំនៅប្រទេសវៀតណាម» នេះបើតាមមេដឹកនាំយោធាជាន់ខ្ពស់ព្រៅដែលបានសិក្សាពីនយោបាយក្រោមរបបដឹកនាំខ្មែរក្រហម។ ទោះបីជាមានការប្រឆាំងនឹងជនដែលធ្វើមាតុភូមិនិវត្តន៍ទាំងនោះក៏ដោយ ក៏លោកប៊ូ ថង បានក្លាយជាមេដឹកនាំរងយោធាដែលពេលនោះត្រូវបានខ្មែរក្រហមហៅថាជាតំបន់ភូមិភាគឦសាន។ ថ្នាក់ដឹកនាំរបស់គាត់គឺសុន សេន ដែលក្រោយមកបានបម្រើការជារដ្ឋមន្រ្តីក្រសួងការពារជាតិនៅក្នុងរបបប៉ុល ពតចន្លោះឆ្នាំ១៩៧៥ និង១៩៧៩ ។ ចំណែកលោកស៊ើយ កែវ គាត់ត្រូវបានគេដាក់ឱ្យធ្វើជាមេក្រុមដែលក្រោយមកក្លាយជាកងពលតូច។
ដោយមានការមិនសប្បាយចិត្តជាមួយនឹងកម្លាំងរបស់ប៉ុលពត លោកប៊ូ ថង និង លោកស៊ើយ កែវ បានគិតពីការរត់ចេញពីរបបខ្មែរក្រហម ហើយបានភៀសខ្លួនទៅប្រទេសវៀតណាមក្នុងឆ្នាំ១៩៧៤។ មានក្រុមជនជាតិព្រៅមួយក្រុមតូចបានរត់គេចទៅវៀតណាមក្នុងឆ្នាំ១៩៧៣។ លោក ប៊ែត បាន សរសេរថា “ទោះបីជាជនជាតិព្រៅមួយចំនួនស្ថិតក្នុងចំណោមអ្នកគាំទ្រដ៏ខ្លាំងក្លា និងដំបូងបង្អស់នៃរបបខ្មែរក្រហមក៏ដោយពួកគេចាប់ផ្តើមមានភាពស្រពេចស្រពិល និងអាក់អន់ចិត្តបន្តិចម្តងៗចំពោះគោលនយោបាយរបស់ខ្មែរក្រហមដែលតឹងរ៉ឹង និងរឹតត្បិតខ្លាំងជាងមុន។”
ជម្លោះរវាងខ្មែរក្រហម និងលោកប៊ុន មី បាននាំឱ្យមានការចាកចេញយ៉ាងធំនៃជនជាតិព្រៅនៅឆ្នាំ១៩៧៥។ ប្រជាជនព្រៅភាគច្រើនដែលរស់នៅតំបន់អាងទន្លេសេសាន ក៏ដូចជាជនជាតិទំពួន គ្រឹង ចារាយ និងជនជាតិឡាវ (បានភៀសខ្លួន) ទៅប្រទេសវៀតណាម ហើយបានក្លាយជាជនភៀសខ្លួននយោបាយ។ យោងតាម ប៊ែត ពួកគេបានបញ្ចូលជនជាតិព្រៅស្ទើរតែទាំងអស់នៅក្នុងស្រុកតាវែង។ នៅប្រទេសវៀតណាមជនភៀសខ្លួនត្រូវបានអនុញ្ញាតអោយបង្កើតឃុំថ្មីមួយនៅយ៉ាប៉ុកនៅតំបន់ខ្ពង់ រាបកណ្តាល។ ឃុំថ្មីនេះដែលសព្វថ្ងៃឈ្មោះថា កន់ទុម មានទីតាំងនៅសាថៃដែលជាស្រុកមួយជាប់នឹងខេត្តរតនគិរី។
នៅប្រទេសឡាវ ពួកគេត្រូវបានគេតាំងទីលំនៅតាមភូមិដែលមានស្រាប់ក្នុងខេត្តអាត់តាពឺ ដែលភាគច្រើនរស់នៅក្នុងសហគមន៍ជនជាតិព្រៅ។ ងាកមកប្រទេសកម្ពុជាវិញ កម្លាំងរបស់ប៉ុលពតបានកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ។
ក្នុងរយៈពេលពីរឆ្នាំមកទៀត ទំនាក់ទំនងរបស់វៀតណាមជាមួយរបបប៉ុលពតកាន់តែយ៉ាប់យ៉ឺនទៅ ៗនៅពេលដែលកងកម្លាំងខ្មែរក្រហមបើកការវាយប្រហារពាសពេញតាមព្រំដែន។ ជនជាតិវៀត ណាមបានសម្រេចចិត្តចាប់ផ្តើមរៀបចំជនភៀសខ្លួននៅឯយ៉ាប៉ុក ហើយគណៈកម្មាធិការបដិវត្តន៍នៅភាគឦសាននៃប្រទេសកម្ពុជាត្រូវបានបង្កើតឡើង ។
ជនភៀសខ្លួនកម្ពុជានៅយ៉ាប៉ុកបានរៀបចំសន្និបាតនៅពាក់កណ្តាលឆ្នាំ១៩៧៧ ដើម្បីជ្រើសរើស គណៈកម្មាធិការឈរឈ្មោះចំនួន៣នាក់ សំរាប់អង្គភាពបះបោរ។ សន្និបាតបានជ្រើសរើសលោកប៊ុន មី ជាប្រធាន លោកប៊ូ ថង និងលោកស៊ើយ កែវ ជាសមាជិកពីររូបផ្សេងទៀត។ ការបណ្តុះបណ្តាលយោធាបានចាប់ផ្តើមនៅថ្ងៃទី០៧ ខែកក្កដា។ យោងតាមលោក ប៊ែត បានអោយដឹងថា ជនជាតិព្រៅនៅខេត្តរតនគិរីបានសាក់កាលបរិច្ឆេទ ៧/៧/៧៧ (ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៧៧) លើដងខ្លួនរបស់ពួកគេដោយសារវាងាយស្រួលចាំ និងផ្ទៀងផ្ទាត់។ លោកប៊ុន មី លោកប៊ូ ថង និងលោកស៊ើយ កែវ បានធ្វើដំណើរទៅកាន់ដាណាងក្នុងខែតុលា ដើម្បីជួបជាមួយអនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម លោកឧត្តមសេនីយ៍ទោ ជឹង វ៉ាន់គ័ង។ ខណៈពេលដែលនៅដាណាង លោកប៊ូ ថង ទំនងជាបានស្នើសុំជួបជាមួយមេដឹកនាំតស៊ូដទៃទៀតនៅវៀតណាមខាងត្បូង។ យោងតាមកំណត់ហេតុផ្ទាល់ខ្លួនរបស់គាត់ដែលមាន៣ផ្នែក ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងកាសែតវៀតណាមក្នុងឆ្នាំ២០១៦ លោកប៊ូ ថង ក៏បានស្នើសុំផ្នែកយោធាដើម្បីគាំទ្រការបង្កើតស្ថានីយ៍វិទ្យុ និងជួយក្នុងការជូនដំណឹងដល់ប្រទេសដទៃទៀតអំពីការរំលោភបំពានដែលបានប្រព្រឹត្តដោយប៉ុល ពត។
ក្នុងពេលដែលទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនថែមទៀត របបប្រល័យពូជសាសន៍ប៉ុលពតបានកាត់ផ្តាច់ចំណងការទូតជាមួយប្រទេសវៀតណាមនៅចុងឆ្នាំ១៩៧៧។ មកដល់ខែមីនា ឆ្នាំ១៩៧៨ យោធាវៀតណាមបានបញ្ជាក់យ៉ាងច្បាស់ថាខ្លួននឹងគាំទ្រប្រជាជនកម្ពុជាឱ្យជ្រកកោននៅប្រទេសវៀតណាម។ ក្នុងការផ្សាយជាភាសាខ្មែរ វិទ្យុហាណូយបានចាប់ផ្តើមលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យងើបឡើងប្រឆាំងនឹងប៉ុលពត។ យោងទៅតាមលោក ប៊ែត ស្ថានការណ៍បានប្រែជាតានតឹងជាពិសេសបន្ទាប់ពីកងកម្លាំងរបស់ប៉ុលពតបានបោសសំអាតភូមិភាគបូព៌ា។ (សម្តេច ហេង សំរិន ដែលពេលនោះនឹងត្រូវគេចទៅវៀតណាមនាពេលឆាប់ៗនោះបានពិពណ៌នាអំពីការប្រយុទ្ធគ្នាយ៉ាងលំអិតនៅក្នុងសៀវ ភៅជីវប្រវត្តិរបស់គាត់រួមទាំងការសម្លាប់មេបញ្ជាការភូមិភាគបូព៌ា លោកសោ ភឹម ដែលត្រូវបានគេចោទប្រកាន់ថាជាជនក្បត់ជាតិ។ យោងតាម សម្តេច ហេង សំរិន កងកម្លាំងរបស់ប៉ុលពតបានសម្លាប់ប្រពន្ធលោកសោ ភឹម និងកូន២នាក់របស់គាត់។ គាត់ជាលេខាបក្សតំបន់ និងជាប្រធានផ្នែកភស្តុភារសម្រាប់ភូមិភាគបូព៌ា។)
លោក ប៊ុន មី បានធ្វើដំណើរទៅទីក្រុងវៀងចន្ទន៍ដើម្បីជួបជាមួយមេដឹកនាំជាន់ខ្ពស់ឡាវ និងព្យាយាមដើម្បីទទួលបានការគាំទ្រពីជនភៀសខ្លួននៅខេត្តអាត់តាពឺ។ លោកស៊ើយ កែវ បានធ្វើដំណើរស្រដៀងគ្នានេះទៅរដ្ឋធានីឡាវដើម្បីជួប ឧត្តមសេនីយ៍ ឧស្សាខន ថាំម៉ាថេវ៉ា ដែលមកពីវើនសៃហើយក្រោយមកបានក្លាយជារដ្ឋមន្រ្តីរដ្ឋាភិបាលឡាវ ហើយទីបំផុតជាសមាជិកនៃការិយាល័យនយោបាយនៃគណបក្សបដិវត្តន៍ប្រជាជនឡាវ។ លោកស៊ើយ កែវ បន្ទាប់មកបានទៅខេត្តអាត់តាពឺដើម្បីមើលអតីតមិត្តរួមការងារ។ យោងតាមលោក ប៊ែត “មិនទាន់មានការជ្រើសរើសបុគ្គលិកណាមួយត្រូវបានធ្វើនៅពេលនេះទេ ប៉ុន្តែការត្រៀមរៀបចំបានដំណើរការរួចរាល់ហើយ”។ លោកស៊ើយ កែវ ក្រោយមកបានដឹកនាំបេសកកម្មជ្រើសរើសកម្លាំងទីបីទៅកាន់ប្រទេសឡាវ។ បើទោះបីជាគ្មានជនជាតិព្រៅដែលបានត្រៀមខ្លួនរួចជាស្រេចដើម្បីទៅប្រទេសវៀតណាមក៏មានជនជាតិខ្មែរមួយចំនួនបានអមដំណើរគាត់នៅពេលគាត់ត្រឡប់ទៅប្រទេសវៀតណាមវិញ។ បេសកកម្មលើកទី៤ទៅកាន់ប្រទេសឡាវទទួលបានជោគជ័យជាងនេះដោយមានជនជាតិព្រៅប្រមាណមួយរយនាក់រស់នៅក្នុងស្រុកសាយសេថា ខេត្តអាត់តាពឺ បានយល់ព្រមចូលរួមជាមួយកងទ័ពកម្ពុជានៅប្រទេសវៀតណាម។ ពួកគេបានសម្រេចចិត្តនាំយកប្រពន្ធ និងកូនរបស់ពួកគេទៅជាមួយ។ ក្រុមដែលមានប្រមាណ ៦០០-៧០០ នាក់បានមកដល់យ៉ាប៉ុក នៅថ្ងៃទី០៥ ខែធ្នូ ៣ថ្ងៃបន្ទាប់ពី សម្តេច ហេង សំរិន បានប្រកាសពីការបង្កើតរណសិរ្សរួបរួម និងមានរយៈពេលតិចជាង៣សប្តាហ៍ មុនពេលការវាយលុកយោធាដើម្បីផ្តួលរំលំកងកម្លាំងរបស់ប៉ុល ពត។
ការរំដោះនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ត្រូវបានអមដោយការបង្កើតសាធារណរដ្ឋប្រជាមានិតកម្ពុជា ជាមួយនឹងក្រុមប្រឹក្សាបដិវត្តន៍បណ្តោះអាសន្នដែលមានសមាជិក ៨ រូប ដឹកនាំដោយ សម្តេច ហេង សំរិន។ លោកប៊ែត កត់សម្គាល់ថារដ្ឋាភិបាលថ្មីប្រឈមនឹងបញ្ហាជាច្រើន។ មួយវិញទៀតពួកគេត្រូវការមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីជួយរដ្ឋាភិបាល ប៉ុន្តែម្យ៉ាងវិញទៀតពួកគេមានការប្រយ័ត្នប្រយែងក្នុងការប្រើមនុស្សដែលអាចជាអ្នកស៊ើបការណ៍សម្ងាត់របស់ខ្មែរក្រហម។ ដូច្នេះជនជាតិព្រៅមួយចំនួនធំ និងជនជាតិភាគតិចដទៃទៀតដែលធ្លាប់ជាជនភៀសខ្លួននៅក្នុងប្រទេសវៀតណាម និងឡាវ ប៉ុន្តែមានការអប់រំជាផ្លូវការតិចតួចត្រូវបានតំឡើងឋានៈខ្ពស់នៅក្នុងរដ្ឋាភិបាលកណ្តាល និងជាពិសេសនៅខេត្តភាគឦសាន។
នៅខែឧសភា ឆ្នាំ១៩៨១ ការបោះឆ្នោតត្រូវបានធ្វើឡើងសម្រាប់១១៧អាសនៈនៅក្នុងរដ្ឋសភាថ្មី។ សមាជិក១០រូបដែលត្រូវបានជ្រើសរើសគឺមកពីខេត្តចំនួន៤ នៃភាគឦសាន។ ប្រាំបួននាក់មកពីក្រុមជនជាតិដើមភាគតិច រួមទាំងបេក្ខជនក្រុមជនជាតិព្រៅ ឬអនុក្រុមជនជាតិព្រៅដែលទទួលបានជោគជ័យមកពីខេត្តរតនគិរី មណ្ឌលគិរី និងព្រះវិហារ។ នៅពេលដែលលោក ប៊ុន មី ធ្លាក់ខ្លួនឈឺ លោកប៊ូ ថង បានបន្តតំណែងរបស់លោក និងបានក្លាយជាមេដឹកនាំបដិវត្តន៍ដ៏សំខាន់មួយរូបមកពីភូមិភាគឦសាន។ លោកស៊ើយ កែវ បានជាប់ឆ្នោតជ្រើសរើសជាតំណាងខេត្តភាគខាងកើតនៃខេត្តក្រចេះ។ លោកប៊ែត កត់សំគាល់ថាគណបក្សប្រជាជនបដិវត្តន៍ខ្មែរគឺជាគណបក្សខ្លាំងជាងគណបក្សក្នុងតំបន់ផ្សេងទៀត។

រូបថតទី១ មេដឹកនាំនៃគណបក្សប្រជាជនបដិវត្តន៍កម្ពុជាក្នុងឆ្នាំ១៩៨១។ អគ្គលេខាធិការ សម្តេច ហេង សំរិន
(កណ្តាល) និងជាប្រធានក្រុមប្រឹក្សាជាតិ។ លោក ប៊ូ ថង សមាជិកនៃគណៈកម្មាធិការបង្កើតគោលនយោបាយគណបក្ស (អង្គុយខាងឆ្វេង) ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារក្នុងរដ្ឋសភានៅឆ្នាំ១៩៨១។ គាត់បានក្លាយជារដ្ឋមន្ត្រីក្រសួងការពារជាតិនៅឆ្នាំ១៩៨២។ (រូបថត ៖ ប៊ូ ថង)

ផែនទី

មេដឹកនាំបដិវត្តន៍ព្រៅ ប៊ុន មី (ឆ្វេង) ជាមួយទីប្រឹក្សាជនជាតិវៀតណាម ថាន់ វឹង នៅទីក្រុង ដាណាង ឆ្នាំ១៩៧៨។ ប៊ុន មី ស្ថិតក្នុងចំណោមមេដឹនាំ១៤នាក់ផ្សេងទៀត នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបង្កើតឡើងក្នុងឆ្នាំ១៩៧៨ ដើម្បីទំលាក់ប៉ុល ពត។ (រូបថត៖ ប៊ូ ថង)





